ពលរដ្ឋ​ជិត​១០០​គ្រួសារ​នៅ​កំពង់ឆ្នាំង​ត្រៀម​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី ក្រោយ​គ្មាន​ដំណោះស្រាយ​ដីធ្លី​ពី​អាជ្ញាធរ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វារ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រជាពលរដ្ឋជិត១០០គ្រួសារ រស់​នៅឃុំតាំង​ក្រសាំង ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង ត្រៀម​ឡើងមករក​កិច្ច​អន្តរាគមន៍​ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដីធ្លី ក្រោយ​គ្មាន​ដំណោះស្រាយពីអាជ្ញាធរស្រុកនិង​ខេត្ត។

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បាន​ផ្ញើលិខិត​មួយ​ទៅ​អភិបាល​ស្រុក​ទឹក​ផុស​ ឱ្យអញ្ជើញមេភូមិក្រាំង​តាមុំ មេឃុំតាំងក្រសាំង តំណាងពលរដ្ឋ និង​ភាគីពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ​បញ្ច​ប់​វិវាទដីធ្លី រវាងពលរដ្ឋចំនួន​៧៥គ្រួសារ និងបុគ្គល២នាក់​ឈ្មោះ ដុស សុវណ្ណៈ និងឈ្មោះ ពេជ ចរិយា នៅថ្ងៃទី១៥ ខែសីហានេះ ក្រោយមានបញ្ជាពីក្រសួងរៀបចំដែនដី ប៉ុន្តែអ្នកភូមិថា ការ​ដោះស្រាយនេះមិន​ទទួល​​បាន​​ផលនោះ​​ទេ។

លោក ឆែម សឿម ប្រជាពលរដ្ឋ​​​រស់​នៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា អ្នក​ភូមិ​ដែល​កំពុង​មានជម្លោះ​នេះ​បានកើនដល់ជាង៩០គ្រួសារហើយ និងមានដីទំហំជាង១១៣ហិកតា។ តំណាងពលរដ្ឋរូបនេះបន្តថា ដី​កំពុងមាន​ជម្លោះនោះ​ អ្នកភូមិកាន់កាប់និងអាស្រ័យផលដោយធ្វើស្រែតាំង​ពីឆ្នាំ១៩៧៩​ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ទើបតែនៅឆ្នាំ២០២០ បុគ្គលឈ្មោះ ដុស សុវណ្ណៈ និងឈ្មោះ ពេជ ចរិយា បានចេញមុខ​មកអះអាងថា ខ្លួនមានដី​​​នៅ​​តំបន់​នោះ​ជាង​១០០ហិកតា ដោយមានបណ្ណកម្មសិទ្ធិទៅវិញ។

លោក ឆែម សឿម បន្តថា អំឡុងពេលអាជ្ញាធរ​មូលដ្ឋាន​ហៅពួកគាត់ទៅដោះស្រាយនោះ ខាង​អាជ្ញាធរ​បាន​សម្រប​សម្រួលឱ្យភាគីជម្លោះសម្បទានដី៥០ភាគរយ​ឱ្យ​​គ្នាទៅវិញ​ទៅមក ដើម្បី​​បញ្ចប់​ជម្លោះ ប៉ុន្តែប្រជាពលរដ្ឋ​​​មិនព្រម។ លោក​ថា អ្នកភូមិ​ទាម​ទារ​យក​ដី​ទាំង​អស់ និ​ង​ចេញបណុ្ណកម្មសិទ្ធិ ដោយសារ​ពួកគាត់​មានដី​ចន្លោះ​ពី​​១ហិកតាទៅ២ហិកតាប៉ុណ្ណោះក្នុងមួយ​​គ្រួសារ សម្រាប់​ធ្វើស្រែ​ចិញ្ចឹម​ជីវិត។

លោកបន្ថែមថា៖ «ការដោះស្រាយរបស់អាជ្ញាធរកាលពីថ្ងៃទី១៥ ខែសីហាហ្នឹង គឺគេគ្រាន់តែយើងមកសម្របសម្រួល របៀបថាចែកគ្នា៥០ៗភាគរយ ដល់អ៊ីចឹងប្រជាពលរដ្ឋយើងអត់ព្រមទេ ឱ្យអ្នកមានប្លង់ហ្នឹងស្រាវជ្រាវ[រក]អ្នកលក់ ឱ្យមកជួបជាមួយប្រជាពលរដ្ឋផ្ទាល់មក។ ប្រជាពលរដ្ឋអត់ដឹងអ្នកហ្នឹងលក់ពីពេលណា​​ផង អត់មានស្នាមមេដៃ សាក្សី ព្រំត្រឹមត្រូវផង​ហ្នឹង»។

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ទួន គន្ធា ឱ្យដឹងថា បុគ្គល​២នាក់​ឈ្មោះ ដុស សុវណ្ណៈ និងឈ្មោះ ពេជ ចរិយា ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ មិនដឹងជាមកលួចធ្វើបណ្ណកម្មសិទ្ធិលើដីនេះដោយរបៀបណានោះទេ។ អ្នកស្រីថា គ្រួសាររបស់អ្នកស្រីក៏បាន​ប៉ះពាល់ដីស្រែប្រហែល២ហិកតាផងដែរ។

អ្នកស្រី ទួន គន្ធា បន្តថា កន្លងមក ​អ្នកភូមិ​ធ្លាប់​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែ​នដី​ និង​អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើឱ្យស្ថាប័ន​ទាំង២នេះ ស៊ើប​អង្កេត និងដោះស្រាយជូនពលរដ្ឋ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ​ពុំ​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។

អ្នកស្រីបន្ថែមថា៖ «បើអត់មានដំណោះស្រាយ ប្រជាជននឹងទៅ​រក​សម្តេច [ហ៊ុន សែន] ​ឱ្យជួយរកយុត្តិធម៌ហើយ ព្រោះ​ពួកគាត់​អត់​សុខ​ចិត្ត​ទេ។ បើអត់ដោះស្រាយឱ្យ អ្នកណា​ក៏មិនអាចចូលធ្វើបាន​ដែរ អត់ឱ្យចូលធ្វើដាច់ខាត។ ពួកខ្ញុំសុខចិត្តស្លាប់នៅ​លើដីនេះ​ហើយ ព្រោះពួកខ្ញុំមានដីតែប៉ុណ្ណឹងទេ សម្រាប់ធ្វើស្រែចិញ្ចឹមជីវិត។ បងប្អូនប្រជាពលរដ្ឋយើងអត់បានទៅយកដីរបស់​អ្នក​ណាទេ​ គឺពួកគាត់បានកាន់កាប់បន្តពីដូនតាមក»

តែយ៉ាងណា ក្រុមពលរដ្ឋនៅមិនទាន់កំណត់​ពេលវេលាជាក់លាក់ ក្នុងការ​ឡើងមកដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីពេលណានៅឡើយ។

វីអូឌី មិនទាន់អាចរកការឆ្លើយតបពីបុគ្គលឈ្មោះ ដុស សុវណ្ណៈ និងឈ្មោះ ពេជ ចរិយា ដែលជាភាគីជម្លោះម្ខាង​ទៀត​បានទេ​ នៅ​ថ្ងៃចន្ទនេះ។

មេឃុំតាំងក្រសាំង លោក​ ពុធ ឃឿន មាន​ប្រសាសន៍​ថា ពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលដោយធ្វើស្រែលើដីកំពុងមាន​ជម្លោះនោះ​តាំង​ពី​ក្រោយសម័យខ្មែរក្រហម រហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែពុំមានបណ្ណកម្មសិទ្ធិឡើយ។ ចំណែកភាគី​ម្ខាង​ទៀត​មានបណ្ណកម្មសិទ្ធិលើដីនោះតាំងពីឆ្នាំ១៩៩៥ ប៉ុន្តែ​មិន​ដែល​ចូល​មក​អាស្រ័យផលនោះទេ​។

មេឃុំរូបនេះអះអាងថា ខ្លួនមិនជាប់ពាក់ព័ន្ធ ឬដឹងឮចំពោះការចេញបណ្ណកម្មសិទ្ធិនេះឡើយ។

លោកបន្ថែមថា៖ «ដីហ្នឹងជាដីរបស់ប្រជាពលរដ្ឋហ្នឹងហើ​យ ព្រោះគាត់បានទៅនៅតាំងពីក្រោយសង្គ្រាមមក។ ចំណែកភាគី​ម្ខាង​ទៀត​មាន​បណ្ណកម្មសិទ្ធិតាំង​ពី​ឆ្នាំ​១៩៩៥ ប៉ុន្តែអត់បានមកកាន់កាប់ទេ។ ដល់អ៊ីចឹង​ប្រជាពលរដ្ឋបានចូលទៅធ្វើស្រែលើដី​ហ្នឹង ក្រោយមកអស់ខ្មែរក្រហម ពួកគាត់ចូលទៅរស់នៅភូមិហ្នឹងរហូត។ រឿងចេញប្លង់ហ្នឹង ​ខ្ញុំអត់ដឹងទេ! អាហ្នឹងបែបខាងជំនាញ​ គេអ្នកធ្វើការ»

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ខេត្តកំពង់ឆ្នាំង លោក លី សុភា មានប្រសាសន៍​ថា ភាគី​ខាង​លោក ដុស សុវណ្ណៈ និងអ្នកស្រី ពេជ ចរិយា មានបណ្ណកម្មសិទ្ធិលើដីទំហំ១២៥ហិកតា តាំងពីឆ្នាំ១៩៩៥។ លោកថា ករណីនេះ អាជ្ញាធរពាក់ព័ន្ធ​កំពុងដំណើរការសម្របសម្រួលដោះស្រាយមិនទាន់​ចប់នៅឡើយទេ។

លោកបន្ថែមថា៖ «ឥលូវនេះ យើងកំពុងស្រាវជ្រាវរកភាគីពាក់ព័ន្ធ ឯកសារពាក់ព័ន្ធ និងទីតាំងដី ដើម្បីសម្របសម្រួលដោះស្រាយបញ្ចប់»

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍ថា ជម្លោះដីធ្លីដែល​ពាក់ព័ន្ធជាមួយអ្នកមាន​បណ្ណកម្មសិទ្ធិ និងពលរដ្ឋ​រស់នៅជាក់ស្តែង​នេះ បានកើតឡើងច្រើននៅក្នុងខេត្ត​កំពង់​ឆ្នាំង ដោយ​សារ​​អ្នក​​ទិញ​​មួយ​​ចំនួនបានទិញតែបណ្ណ ប៉ុន្តែ​មិន​បាន​ទៅ​ពិនិត្យមើលដីជាក់ស្តែងឡើយ។ មន្ត្រី​សិទ្ធិមនុស្សរូបនេះបានស្នើដល់អាជ្ញាធរត្រូវដោះស្រាយករណីនេះឱ្យមានតម្លាភាពនិងយុត្តិធម៌​ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីកុំឱ្យពួកគេ​ខាត​បង់​ផលប្រយោជន៍​ដោយ​សារ​បញ្ហា​នេះ។

លោកបន្ថែមថា៖ «ភាគីអ្នកទិញមួយចំនួនធំ​អត់ដែលស្គាល់ដីទេ គាត់ទិញតែបណ្ណទេ! ដល់​ពេល​គាត់​ចុះ​ម​ករ​ក​ដី​ បង្ក​ឱ្យ​មាន​ជាជម្លោះ​ដីធ្លីនេះកើតឡើង ហើយកន្លែង​អាជ្ញាធរហ្នឹងពិបាកក្នុងការដោះស្រាយដែរ នៅពេលដែលភាគីមួយមានបណ្ណ និង​ភាគីប្រជា​ពលរដ្ឋ​ដែល​គាត់កាន់កាប់តាំងយូរណាស់មកហ្នឹង។ អ៊ីចឹង​យើងស្នើដល់អាជ្ញាធរដែលចុះដោះស្រាយ​ហ្នឹង ​ពិនិត្យមើលជាក់ស្តែង ថា​តើ​ភាគី​មាន​បណ្ណហ្នឹង គាត់បានចូលកាន់កាប់ជាក់ស្តែងតាំងពី​ពេល​ណាម​ក ហើយ​ពលរដ្ឋចូលកាន់កាប់តាំងពីពេលណា​ដែរ និង​មាន​ការដឹង​ឮ​ពីអាជ្ញាធរដែរឬទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ