លោក ស ខេង ព្រមាន​គ្រូ​បណ្ដុះបណ្ដាល​នគរបាល​ម្នាក់​ឱ្យ​ប្រគល់​ដី​មក​ឱ្យ​សាលា​បណ្ដុះ​បណ្ដាល​វិញ

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាល វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានព្រមានគ្រូបណ្ដុះបណ្ដាលជាន់ខ្ពស់ម្នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជាថា លោកនឹងដកតំណែងគ្រូបណ្ដុះបណ្ដាលរូបនោះ ប្រសិនបើគាត់មិនប្រគល់ដីទៅឱ្យសាលាបណ្ដុះបណ្ដាលវិញ។

លោក ស ខេង បានព្រមានលោក យស ផន ក្នុងឱកាសថ្លែងសុន្ទរកថានៅសាលានគរបាលជាតិ ភូមិភាគ១ ក្នុងខេត្តស្ទឹងត្រែង

លោក យស ផន ធ្លាប់ធ្វើជានាយកសាលាបណ្ដុះបណ្ដាលនោះ ហើយបច្ចុប្បន្នលោកជាគ្រូបណ្ដុះបណ្ដាលនៅសាលាបណ្ដុះបណ្ដាលនគរបាលខេត្តកណ្ដាល។

នៅក្នុងសុន្ទរកថារបស់លោក ស ខេង បាននិយាយថា លោកបានឮថា លោក យស ផន មានជម្លោះដីធ្លីជាមួយសាលាបណ្ដុះបណ្ដាលនគរបាលខេត្តស្ទឹងត្រែង ហើយសាលាបានដាក់ពាក្យបណ្ដឹងទៅតុលាការប្រឆាំងនឹងអតីតនាយកសាលាបណ្តុះបណ្តាលរូបនេះ។ សាលា​បាន​ចោទ​ថា អតីត​នាយកសាលារូបនេះ​បាន​យក​ដី​សាលាបណ្តុះបណ្តាលមកធ្វើជា​កម្មសិទ្ធិឯកជន។

លោក ស ខេង បាន​ថ្លែង​ថា ឯកសារដែលបញ្ជាក់ថា ដីរបស់សាលាបណ្តុះបណ្តាល​នគរបាលជាកម្មសិទ្ធិរបស់រដ្ឋ ចុះ​ឆ្នាំ២០០៣ គឺមានភាព​ច្បាស់​លាស់​អំពី​ទំហំ​របស់​ដីនេះ។

លោក​ថា មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នៅ​ពេល​នេះ។

លោក ស ខេង មានប្រសាសន៍ថា៖ «ជម្រើសទី១ ប្រសិនបើគាត់ចង់រក្សាតួនាទីរបស់គាត់ជាគ្រូបណ្តុះបណ្តាលក្នុងក្របខណ្ឌនគរបាលជាតិ គាត់ត្រូវតែប្រគល់ដីឱ្យសាលាបណ្តុះបណ្តាលខេត្តស្ទឹងត្រែងវិញ ព្រោះដីនេះមិនមែនជាកម្មសិទ្ធិរបស់គាត់ទេ។ ជម្រើសទី២ ប្រសិនបើគាត់មិនប្រគល់ដីឱ្យសាលាបណ្តុះបណ្តាលវិញទេ គាត់ត្រូវតែដើរចេញពីក្របខណ្ឌនគរបាល គាត់មិនរួចខ្លួនទេ! ហើយករណីនេះនឹងត្រូវបន្តនីតិវិធីទៅ​តុលាការ»។

ទោះ​ជា​យ៉ាង​ណា លោក​ ស ខេង បានលើកឡើង​ថា លោក យស ផន នៅ​តែ​អាច​ទទួល​បាន​ដី​ខ្លះ​។

លោក ស ខេង មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​ជម្រើស​ទី​មួយ យើង​គិត​ថា​នឹង​ផ្តល់ដីក្នុងទំហំសមស្របឱ្យ​គាត់ ​ដើម្បី​សង់​ផ្ទះ​សម្រាប់​រស់នៅ​។ យើង​មិន​អាច​ប្រើការដឹងគុណ [ចំពោះការងាររបស់គាត់] ដើម្បី​អនុញ្ញាត​ឱ្យ​គាត់​យក​ដី​សាលាបណ្តុះបណ្តាលមកធ្វើជាកម្មសិទ្ធិរបស់គាត់
ឡើយ»។

លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា វិវាទដីធ្លីនៅសាលាបណ្តុះបណ្តាលនោះបានកើតឡើងតាំងពីឆ្នាំ២០១៣។ លោកនិយាយថា លោក យស ផន មានបណ្ណកម្មសិទ្ធិដីនេះ ប៉ុន្តែបណ្ណកម្មសិទ្ធិនោះត្រូវបានធ្វើនៅក្រោយកាលបរិច្ឆេទដែលបានចុះនៅលើ
បណ្ណកម្មសិទ្ធិដីរបស់សាលាបណ្តុះបណ្តាល ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីសម្រេចផ្នែករដ្ឋបាល ឬសេចក្តីសម្រេចរបស់តុលាការ។

លោក ម៉ែន គុង បានមានប្រសាសន៍ថា៖ «បញ្ហានេះនៅតែជាប់គាំង និងនៅតែបន្ត ពីព្រោះសេចក្តីសម្រេចកាលពីមុនរបស់តុលាការ […] បានរកឃើញឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងដីនេះ ក្នុងបណ្ណកម្មសិទ្ធិដីរបស់សាលាបណ្តុះបណ្តាលភូមិភាគ១ ដោយបន្ថែមថា បញ្ហានេះទាមទារឱ្យមានការស៊ើបអង្កេតបន្ថែម»៕


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Sar Kheng Warns Police Instructor to Return Land to Training School

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ