ក្រសួងព័ត៌មាន​ព្រមាន​លុប​អាជ្ញាបណ្ណ​សារព័ត៌មាន​ប្រើ​ពាក្យអសុរោះ​ក្រោយ​បញ្ជា​លោក ហ៊ុន សែន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងព័ត៌មានបញ្ជាក់ជាថ្មីថា ក្រសួងនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ចំពោះស្ថាប័នព័ត៌មានដែលផ្សព្វផ្សាយការប្រើពាក្យអសុរោះ ដោយលុបអាជ្ញាបណ្ណតែម្ដង។

បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានឱ្យដឹងថា៖ «រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ជាថ្មីម្ដងទៀតថា ចាប់ពីពេលនេះ ស្ថាប័នព័ត៌មានណាដែលផ្សព្វផ្សាយប្រើពាក្យអសុរោះ ក្រសួងព័ត៌មាននឹងអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្ត ដោយលុបអាជ្ញាបណ្ណតែម្ដង»។

ទទក បានស្រង់សម្ដីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ដោយបានថ្លែងបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា៖ «៨ខែ ឆ្នាំ២០២២នេះ ក្រសួងព័ត៌មានទើបតែលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានដែលបានផ្សព្វផ្សាយ ឬធ្វើអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដោយប្រើប្រាស់ពាក្យអសុរោះ និងពាក្យជេរប្រមាថ តែ១ករណីនេះទេ»។

ថ្លែងប្រាប់វីអូឌីបន្ថែមនៅថ្ងៃទី៣០ ខែសីហានេះ លោក មាស សុភ័ណ្ឌ បញ្ជាក់ថា ​ការលុបអាជ្ញាបណ្ណ១ករណីនេះ គឺការដកអាជ្ញាបណ្ណសារព័ត៌មាន SBT ​របស់លោក សាន្ត ប៊ុនធឿន ដែលបង្ហាញឥរិយាបថមិនសមរម្យនៅលើបណ្ដាញសង្គម។ បន្ថែមពីនេះ លោកថា ការចេញលិខិតលុបអាជ្ញាបណ្ណមួយនេះ ក្រសួងព័ត៌មានអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការដឹកនាំវិស័យសារព័ត៌មាននិងសោតទស្សន៍។

ជាមួយគ្នានេះ មន្ត្រីរដ្ឋាភិបាលរូបនេះក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់គោរពច្បាប់ស្ដីពីរបបសារព័ត៌មាន​ លិខិតបទដ្ឋាននានា និងប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។

លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា៖ «ក្នុងនាមក្រសួង យើងនៅតែបន្ដអំពាវនាវម្ដងហើយម្ដងទៀត ក៏ដូចជាការលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន ដូចជាអង្គភាពសារព័ត៌មាន ទីមួយ ត្រូវគោរពឱ្យបាននូវច្បាប់របបសារព័ត៌មាន លិខិត​បទដ្ឋានគតិយុត្ត ដែលមានជាធរមាន។ ទីពីរ ត្រូវធ្វើយ៉ាងណា ប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្របសីលធម៌វិជ្ជាជីវៈ ហើយអនុវត្តតូនាទីភារកិច្ចរបស់ខ្លួនទៅតាមច្បាប់ដែលបានកំណត់»។

ពាក់ព័ន្ធករណីនេះ នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី ​ប្រាប់វីអូឌីថា បញ្ហានៅត្រង់តម្លាភាពនៃការដកអាជ្ញាបណ្ណរបស់សារព័ត៌មាន។

លោក ណុប វី បន្ថែមថា កន្លងទៅ អ្នកសារព័ត៌មានខ្លះដែលបានផ្សាយរិះគន់រដ្ឋាភិបាល ធ្លាប់ទទួលរងការស្ដីបន្ទោស ឬការបដិសេធ និងរហូតមានការចោទថាផ្សាយព័ត៌មានមិនពិត។ 

ជាមួយគ្នានេះ មន្រ្ដីសង្គមស៊ីវិល​រូបនេះលើកឡើងថា អាជ្ញាធរគួរតែអប់រំបន្ថែមចំពោះអ្នកសារព័ត៌មានដែលប្រើពាក្យសម្ដីអសុរោះ ហើយមួយវិញទៀត លោកថា ការចាត់វិធានការដោយលុបអាជ្ញាបណ្ណនេះជាការគំរាមកំហែងដល់សេរីភាពអ្នកសារព័ត៌មានផងដែរ។

លោក ណុប វី បញ្ជាក់ថា៖ «រឿងទាក់ទងជាមួយការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ គឺរឿងទាក់ទងនឹងការអនុវត្តមិនសមស្របនឹងក្រមសីលធម៌ វាគួរតែត្រូវបានអប់រំ ត្រូវបានណែនាំ ឬមួយក៏បណ្ដុះបណ្ដាលថែមទៀតអំពីក្រមសីលធម៌»

លោកបន្ដថា៖ «ការប្រើប្រាស់វិធានការផ្លូវច្បាប់ ការគំរាមកំហែង ឬព្រមានដកអាជ្ញាបណ្ណ គឺជារូបភាពនៃការជ្រៀតជ្រែក ការគំរាមកំហែងដល់ការប្រើប្រាស់សេរីភាពអ្នកសារព័ត៌មានហើយ»។

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណសារព័ត៌មានរបស់លោក សាន្ត ប៊ុនធឿន លែងឱ្យធ្វើអាជីវកម្មផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនបន្ដទៀត ដោយក្រសួងបញ្ជាក់ថា ចាងហ្វាងកាសែតរូបនេះប្រព្រឹត្តទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និងកិត្តិយស ព្រមទាំងសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន។

ការព្រមានរបស់ក្រសួងព័ត៌មាននៃការលុបអាជ្ញាបណ្ណស្ថាប័នសារព័ត៌មាននេះ ក្រោយពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលកាលពីពេលថ្មីៗនេះ បានបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ លុបចោលអាជ្ញាបណ្ណចំពោះស្ថាប័នសារព័ត៌មានទាំងឡាយណាដែលជេរប្រមាថជាសាធារណៈក្នុងបណ្ដាញសង្គម​៕   

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ