តុលាការ​ព្យាយាម​ភ្ជាប់​លោក កឹម សុខា ទៅ​នឹង​បាតុកម្ម​ផ្សេង​ក្រៅ​ពី​បាតុកម្ម​នៅ​ទីលាន​ប្រជាធិ​បតេយ្យ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងលោក កឹម សុខា ផ្ទាល់បានព្យាយាមទាត់ចោលរាល់​​ភស្តុ​​​តាង​ដាក់បន្ទុកជាឃ្លីបវីដេអូ និងខ្សែអាត់សំឡេង ដោយហៅភស្តុតាងដែលតំណាងអយ្យការ និង​​មេ​​ធាវីការពារក្ដីរបស់រដ្ឋាភិបាល យកមកធ្វើជាសម្អាងហេតុទាំងនោះថា គឺជាភស្តុតាងដែលមិន​​ស្ថិ​​ត​​​​​នៅក្នុងអង្គហេតុនៃសំណុំរឿង «សន្ទិដ្ឋិភាព» ដែលមានន័យថា «​​ត្រូវរ៉ូវដោយសម្ងាត់ក្នុង​​គោល​បំ​​ណ​​​ង​​​​ចង់ផ្ដួលរំលំរដ្ឋាភិបាល» នោះទេ។

ការបដិសេធនៅពេលនេះ ខណៈដែលតំណាងអយ្យការ លោក ប្លង់ សុផល និងមេធាវីដើម​​ប​​ណ្ដឹង​​​តំណាងដោយរដ្ឋាភិបាល លោក ចេង ប៉េងហាប់ បានព្យាយាមភ្ជាប់សកម្មភាពនៃអំពើបាតុកម្ម​​នៅ​​ផ្លូវវេងស្រេង ទៅនឹងសម្ដីរបស់លោក កឹម សុខា ដែលនិយាយនៅប្រទេសអូស្រ្តាលីបន្តទៀត។

សម្រាប់សវនាការលើកទី៥៤ នៅព្រឹកថ្ងៃពុធនេះ តំណាងអយ្យការ លោក ឆាយ ហុង បានស្នើ​​ទៅ​​ចៅក្រមជំនុំជម្រះ ចាក់ឃ្លីបវីដេអូថ្មីមួ​​យ​​​ទៀតដែលមានរយៈពេលជិត១៥នាទី។ នៅក្នុង​ឃ្លីបវីដេ​​អូនេះ គឺបានរៀបរាប់ពីសកម្មភាពរបស់បាតុករនៅលើកំណាត់ផ្លូវ​​វេងស្រេង។ គេសង្កេត​​ឃើញថា ​តា​​ម​​​​​​​រយៈភស្តុតាងនេះ គឺក្រុមបាតុករ​បានរៀបចំដបសាំងនិង​​ដុំ​​ថ្ម ដើម្បីត្រៀមប្រយុទ្ធ​​​ជាមួយ​​​ស​​ម​​ត្ថ​​​​​កិច្ចដែលបង្រ្កាបបាតុកម្ម។

ក្រៅពីភស្តុតាងជាឃ្លីបវីដេអូនេះ តំណាងអយ្យការក៏​​នៅមានឃ្លីបវីដេអូមួយទៀតដែល​លើក​​ឡើ​​ងពីសកម្មភាពរបស់ក្រុមបាតុករវាយបំផ្លាញ និងកម្ទេចសម្ភាររបស់មន្ទីរសម្រាក​​​ព្យាបាល​​ឯក​​ជន​​មួយ​​ឈ្មោះ ឯក​​រាជ្យ នៅ​​ជាប់​​ផ្លូវវេងស្រេង។

បើទោះជាបែបណា លោក កឹម សុខា បានជម្រាបអង្គសវនាការថា រាល់ភស្តុតាងដែលមាននៅក្នុង​​ដៃរបស់តំណាងអយ្យការនេះ គឺគ្មានជាប់ពាក់ព័ន្ធណាមួយទៅនឹងបាតុកម្មនៅទីលាន​​ប្រជា​​ធិប​​តេ​​យ្យដែលរៀបចំឡើងដោយគណបក្សសង្រ្គោះជាតិទេ។

លោកបន្តថា បាតុកម្មនៅទីលានប្រជាធិប​តេ​​យ្យ នៅអំឡុងខែធ្នូ ឆ្នាំ២០១៣នោះ គឺគោលបំណង​​​ទាមទារឱ្យបង្កើតគណៈ​​កម្មការឯក​​​រាជ្យ​​មួ​យ ដើ​ម្បីបើកការ​​ស៊ើប​​អង្កេតអំពីលទ្ធផលឆ្នោត​​។ បន្ថែម​​ពី​​លើនេះទៀត ជនជាប់ចោទបានជម្រាប​​សវនា​ការថា ផ្តើមចេញពីការចរចានយោបាយរវាង​​គ​ណ​​​​​បក្ស​​​ប្រ​ជា​​​​​​​​​​ជនកម្ពុជា និងគណ​​បក្ស​​ស​​ង្រ្គោះ​​​​ជា​​តិ ភាគីទាំងពីរក៏ឈានមួយកម្រិតទៀតបង្កើត​​បា​​ន​​​​​ជាកិច្ច​​ព្រមព្រៀង​​​ន​​យោ​បាយរួមមួយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ កែទម្រង់​​ប្រព័ន្ធ​​បោះ​​​ឆ្នោត រហូតដាក់ស្ថាប័ន​​ជាតិមួយ​​នេះទៅជាស្ថាប័នធម្មនុញ្ញ មកទល់សព្វថ្ងៃ។

នៅថ្ងៃនេះដែរ មេធាវីការពារក្តីរបស់រដ្ឋាភិបាល លោក ចេង ប៉េងហាប់ ក៏បានព្យាយាមពង្រីក​​ការ​​តាំង​​​​សំ​​ណួ​​រ​របស់លោក​បន្ថែមទៅកូនស្រីរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា។ ​​ការ​​ស្នើ​​រប​​ស់​​​មេធាវីរូបនេះ ដើម្បីឱ្យតុលាការ​​ចាក់​​​​ខ្សែ​​អាត់សំឡេង​​​ គឺនៅបន្ទាប់ពីជនជាប់ចោទ លោក កឹម សុ​​ខា ព្យាយាមដោះបន្ទុក ថាអ្វីដែលតុលាការលើកយកមកសួរដេញដោលនេះ គឺជាភស្តុតាងចាស់ ហើ​​​យ​​ច្រំដែលៗ។ ជាងនេះទៀត ការព្យាយាមភ្ជាប់លោកទៅនឹងសកម្មភាពផ្សេងទៀតដែលមិនមាន​​វត្ត​​មាន​​របស់លោកផង ហើយរូបលោកក៏ពុំមានជាប់ពាក់ព័ន្ធណាមួយទៀតនោះ គឺជាអំពើខុសឆ្គង និង​​អយុត្តិធម៌។

ប្រាប់ក្រុមអ្នកកាសែតនៅខាងមុខតុលាការ លោកមេធាវី ផែង ហេង សហមេធាវីកា​​រពា​​រ​​សិទ្ធិ​​ឱ្យ​​ជន​ជាប់ចោទ លើកឡើងថា បើពិនិត្យទៅលើភស្តុតាងដែលតុលាការយកមកសួរដេញដោល​​នៅ​​ពេល​នេះ គឺសាលាដំបូងរាជធានីភ្នំពេញជាម្ចាស់សាលក្រមរួចទៅហើយ។ ក្នុងន័យនេះ មាន​​មនុ​ស្ស​​​​មួយ​​ចំនួន ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពបាតុកម្មនៅផ្លូវវេងស្រេង ត្រូវ​​បាន​​​​ផ្តន្ទាទោស ហើ​យ​​​​​ក៏មានសាលក្រមស្ថាពររួចអស់ហើយដែរ។ ប៉ុន្តែអ្វីដែលចម្លែកលោកអះអាងថាតើសំណុំរឿងតែ​​​មួយ​​បែបនេះត្រូវយកមកកាត់ទោសមនុស្សបានប៉ុន្មាននាក់ទៀត ក្នុងពេលដែលភស្តុ​​​តាងនេះធ្លា​​ប់​​បាន​​​ប្រើ​ប្រាស់ និងចោទប្រកាន់មនុស្សរួចអស់ទៅហើយ។

លោកបន្តថា៖ «បាតុកម្មទាំងអស់ហ្នឹង គឺនៅផ្លូវវេងស្រេង ឬក៏ស្អីហ្នឹង គឺសុទ្ធតែមានសាលក្រម ហើយ​​នឹងផ្តន្ទាទោសមនុស្សមួយចំនួនហើយ ដែលយើងនិយាយថារកអ្នកដែលទទួលខុសត្រូវរួចអស់ហើយ​ដែរ។ រឿងអីបានចេះតែយកអស់ហ្នឹងយកមកវិញ? ហើយយក​​មកសួរគាត់ដ​ដែលៗអ៊ីចឹង​​ទៅ​​ណា

ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានប្រតិកម្មជាថ្មីទៀតអំពីដំណើរកា​​រ​​កាត់ទោសលោក កឹម សុខា។ ការថ្លែងសារដ៏កម្រ នៅលើវេទិកាជាសាធារណៈនេះ គឺលោក ហ៊ុន សែន ចាត់ទុកថាព្រឹត្តិការណ៍នៅផ្លូវវេងស្រេង ខុសពីព្រឹត្តិការណ៍ដែលលោក ខឹម វាសនា ឃោស​​នា និងអំពាវនាវឱ្យសមាជិករបស់ខ្លួនមកប្រមូលផ្តុំគ្នានៅសៀមរាប។

បើតាមលោក ហ៊ុន សែន អ្វីដែលមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើនេះ វាមិនធ្ងន់ធ្ងរដូច​​ទៅ​​នឹង​​សកម្មភាពរបស់គណបក្សជំទាស់ កាលពី១០ឆ្នាំមុននោះទេ។ បើទោះជាបែបណា លោក ហ៊ុន សែន ថ្លែងការពារនៅចំពោះមុខសាធារណជនថា អ្វីដែលលោកលើកព្រឹត្តិការណ៍​​ទាំងពីរនេះ​​ប្រៀប​​ធៀប​​គ្នា វាមិនមានន័យថា លោកដាក់សម្ពាធទៅតុលាការទេ ប៉ុន្តែចេតនារបស់គណបក្សជំទាស់ គឺមានផែនការច្បាស់លាស់ក្នុងការកម្ទេចរចនាសម្ពន្ធអង្គការចាត់តាំងរបស់រដ្ឋាភិបាល។

លោកបន្តថា៖ «ស្ថានភាពនៅឯភ្នំគូលែន នៅឯចម្ការរបស់ព្រហ្ម ខុសគ្នា​​នឹងបាតុកម្មនៅផ្លូវវេង​​ស្រេង​​ ដែល​បង្ខំចិត្តឱ្យអាជ្ញាធរប្រើប្រាស់កម្លាំងដើម្បីការពារខ្លួន និងការពារទ្រព្យសម្បត្តិសាធារណៈ និង​​​ឯក​ជន​​។ តែឥលូវនេះ ការកាត់ទោស​​មួយ​​កំពុងតែធ្វើ អ្នកណាទទួលខុសត្រូវ​​ចំពោះការស្លាប់​​របស់​​ប្រ​ជាជន មិនមែនរឿងសាមញ្ញពេកទេ។ វាមានតភាគរបស់វា។ ការកំណត់យកថ្ងៃ២៨ ខែធ្នូ ជាថ្ងៃ​​បញ្ចប់ ​​​​តើនោះគឺជាអ្វី? ជាកាផ្តួលរំលំដែរទេ?ម៉ែអាណាធ្វើបាតុកម្មម៉ោង៣ភ្លឺ? ហើយ ហូ វ៉ាន់ ចង់​​មក​​ស្រុ​​ក ក៏ប៉ុន្តែមកមិនបាន ដោយសាររឿងវាច្រើនពេក»។

សំណុំរឿងលោក កឹម សុខា គិតពីថ្ងៃចាប់ខ្លួនមកដល់ពេលនេះ មានរយៈពេលជិត​​៥ឆ្នាំហើយ​​។ ​​អ្នកនយោបាយជាន់ខ្ពស់រូបនេះត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនទាំងយប់ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​​២០១៧។ លោកត្រូវរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព» ត្រូវរ៉ូងដោយសម្ងាត់ជា​​មួយរដ្ឋប​​រ​​ទេ​​ស ឬភ្នាក់ងារបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។

ចំណែកមន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពី​​ដំ​​ណើ​​រ​​ការនៃសវនាការនេះដោយផ្ទាល់ យល់ឃើញថា អ្វីដែលជនជាប់ចោទព្យាយាមទាត់ចោលអំពី​​ភស្តុ​​តាង​ដាក់បន្ទុកនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការមិនស៊ីចង្វាក់គ្នា​ក្នុងសំណុំរឿង។ លោកបន្តថា បទ​​ចោ​​ទ​​ប្រឆាំ​​​ង​​លោក កឹម សុខា គឺគប់គិតដោយសម្ងាត់ជាមួយរដ្ឋបរទេស ប៉ុន្តែបើទោះជាអង្គហេតុ​​នេះនិ​​យាយពីរឿងប្រទូសរ៉ាយក្ដី ក៏គេមិនបានឃើញតុលាការលើកយកចំណុចណាមួយនៃភស្តុតាង​​មា​​ន​​​​ភ្ជាប់​​នឹងរដ្ឋជាបរទេសនោះដែរ។

លោកបន្តថា៖ «តាមការកត់សម្គាល់ពេញមួយព្រឹកនេះ អ្វីដែលព្រះរាជអាជ្ញារង ក៏ដូចជាមេធាវីដើម​​ចោ​ទ ចោទមកលើលោក កឹម សុខា ហាក់ដូចជាមិនស្របគ្នា ដោយហេតុថា ​​លោក កឹម សុខា មិន​ទទួលស្គាល់​ទៅលើបាតុកម្មផ្សេងៗដែលទាក់ទងទៅនឹងបាតុកម្ម​​ដែលគាត់បានធ្វើ។​​ គាត់បាន​​ប​ញ្ជា​​​​ក់​​ហើយថា បាតុកម្មដែលគាត់បានធ្វើ គឺគាត់បានសុំ និងជូនដំណឹងទៅសាលារាជធានីភ្នំពេញ គឺ​​ពាក់​ព័ន្ធតែបាតុកម្មនៅទីលានប្រជាធិបតេយ្យទេ »។

បើតាមលោកមេធាវី ផែង ហេង សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ យល់ឃើញថា សវនាកា​រទំ​​នង​​ជាមិនងាយនឹងចប់ឆាប់ៗទេ បើទោះជាលោកចៅក្រមបានអះអាងជាញឹកញាប់ហើយថា រឿ​​ង​​ក្តីនេះកាន់តែកៀកដល់ទីបញ្ចប់យ៉ាងណាក្តី។

គេសង្កេតឃើញថា បើទោះជាលោកនាយករដ្ឋមន្រ្តីថ្លែងការពារថា លោកមិនមានឥទ្ធិពលណាមួយទៅ​លើ​​នីតិវិធីតុលាការ ក៏ប៉ុន្តែកាលពីឆ្នាំ២០២០ លោក ហ៊ុន សែន ធ្លាប់ព្រលយនៅក្នុង​​កិច្ចប្រ​​ជុំទី​ស្តី​​កា​​រគណៈរដ្ឋមន្រ្តីថា រឿងក្តីមួយនេះនឹងត្រូវអូសបន្លាយរហូតដល់ឆ្នាំ២០២៤។

ការថ្លែងដូច្នេះ វាហាក់ផ្ទុយពីបទដ្ឋាននិងគតិយុត្តជាអន្តរជាតិនានាដែលកម្ពុជា​​ក៏ជាម្ចាស់​​ហត្ថ​​លេ​ខីមួយដែរ។ មាត្រា១៤ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ចែងថា ជន​ដែលត្រូវចោទពីបទឧក្រិដ្ឋ មានសិទ្ធិទទួលបានការជំនុំជម្រះដោយឥតពន្យារពេល​​យូរហួស។​​ ចំណែក មាត្រា៩ ក៏បានបញ្ញត្តិដែរថា ជនជាប់ចោទមានសិទ្ធិត្រូវបានជំនុំជម្រះក្នុង​​រយៈពេលមួយ​សម​​ស្រប ឬត្រូវដោះលែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ