សមត្ថកិច្ច​ជួយ​សង្រ្គោះ​មនុស្ស​២នាក់​ពី​ទីតាំង​មួយ​ក្នុង​ខេត្តព្រះសីហនុ ដោយថា​មិនមែន​ជា​ការ​បង្ខាំង​មនុស្ស​ទុក

បរិវេណសំណង់អាគារ Kaibo ក្នុងខេត្តព្រះសីហនុ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ (Michael Dickison)

សមត្ថកិច្ច​បាន​​ជួយ​សង្គ្រោះ​មនុស្ស​២​នាក់​ទៀតពី​ទីតាំងមួយនៅ​ខេត្ត​ព្រះសីហនុ ដោយ​​មិន​បាន​​បញ្ជាក់​​ពី​ទីតាំង​ច្បាស់​លាស់ឡើយ និង​បដិសេធ​ថា​ករណីនេះមិន​​មែ​ន​​​ជា​​ការ​​បង្ខាំងមនុស្ស​ទុក​ឡើយ។

សមត្ថកិច្ច​​កម្ពុជាបាន​និងកំពុងបើកប្រតិបត្តិការជួយសង្គ្រោះជ​ន​រងគ្រោះពីការជួញដូរកម្លាំងពលកម្ម​ស្ទើ​ររាល់​ថ្ងៃ ខណៈ​សហគមន៍អន្តរជាតិ​កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថាន​ភាព​នៃ​ពលករ​បរទេស​រាប់ពាន់នាក់ដែលបានជាប់នៅក្នុងទីតាំង​ប្រព្រឹត្តអំពើ​ឆបោក ដែល​គ្រប់​គ្រង​ដោយ​ក្រុមឧក្រិដ្ឋកម្មដែលមានការរៀបចំ។

អ្នក​នាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍​នៅថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ២០២២ ​ថាតាម​រយៈ​ខ្សែទូរ​សព្ទ​បន្ទាន់​របស់​ក្រសួង អាជ្ញាធរបានស៊ើបអង្កេតទីតាំង​ឆបោកមួយកន្លែង​ផ្សេងទៀត កាលពីថ្ងៃ​ទី២៨​ ខែសីហា ឆ្នាំ២០២២។ លោក​​បន្ត​​ថា អាជ្ញាធរ​​បាន​​ជួយសង្រ្គោះជ​ន​ជាតិ​ចិន​២​នាក់ ​ក្នុងនោះ ​ម្នាក់មានអាយុ២៨ឆ្នាំ និងម្នាក់ទៀត​មាន​អាយុ​៣១​ឆ្នាំ ​ពី​កន្លែង​​ធ្វើការ​របស់ពួកគេ។ លោក​បន្ថែម​ថា អ្នក​គ្រប់​គ្រង​ជនជាតិ​ចិន​ម្នាក់​នៅទីតាំងនោះ ​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សួរនាំផង​ដែរ​។

លោក​ ខៀវ សុភ័គ បាននិយាយថា៖ «​ពួកគេ​ថា​មិនមានការបង្ខាំងមនុស្សទុកទេ។ ពួកគេធ្វើការធម្មតានៅក្នុងក្រុមហ៊ុន។ ពួកគេ​ចង់​ឈប់​ពី​ការងារ​ ដោយ​សារ​លក្ខខណ្ឌ​ការងារ​តឹងរ៉ឹង ហើយ​ពួកគេ​ចង់​ត្រលប់​ទៅ​ប្រទេស​កំណើតរបស់ពួកគេវិញ»។

បើទោះបី​ជា​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទទួលស្គាល់ថាមានការជួញដូរពលករបរទេស «ដោយ​អមនុស្សធម៌» ក៏ដោយ ក៏មន្ត្រីនគរបាលនៅតែបន្តនិយាយសម្រាលពីស្ថានភាព​នៃ​ពលកម្ម​ដោយ​បង្ខំ។

ដោយឡែក​ លោក ថេង កុសល មេប៉ុស្ត៍នគរបាលសង្កាត់​ចោមចៅទី​៣ រាជធានីភ្នំពេញ បានឱ្យ​ដឹង​ថា កាលពីថ្ងៃ​ទី២៩​ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចបាន​ឃាត់​រថយន្តមួយគ្រឿងដែលដឹកបុរសជនជាតិចិនចំនួន៣នាក់ និង​បុរសម៉ាឡេស៊ីម្នាក់ ពីក្រុងព្រះ​សីហនុ មក​កាន់​អាកាស​យានដ្ឋានអន្តរជាតិ​ភ្នំពេញ ​តាម​សំណើរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម។

លោក កុសល ​បន្ត​​ថា៖​ «​ពួកគេ​​ម​ក​តាម​​ផ្លូវជាតិ​លេខ​៤ ហើយ​យើង​បាន​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​រាជ​ធានី​​ភ្នំពេញ​​ ដើម្បី​ឃាត់រថយន្តពួកគេ​។ មន្ត្រី​ជំនាញ​ក្រសួង​​មហាផ្ទៃ​​ បាន​​ម​ក​​យក​​ពួក​​គេ»។

លោក​​បន្ថែមថា អ្នក​​បើក​​រថយន្ត​ជា​ជនជាតិ​​ខ្មែរ ​​មិន​​បាន​​ដឹង​​​ពី​​ស្ថានភាព​អ្នក​ដំណើរ​របស់​ខ្លួន​ឡើយ។ ម្យ៉ាងវិញទៀត លោកថា​ ខាងសង្កាត់​ក៏​មិន​អាច​ទាក់ទងជាមួយ​ជន​បរទេស​ដែល​ត្រូវបាន​​ចាប់​ខ្លួន​ទាំង៤នាក់​បាន​ដែរ។ លោក​មិន​បាន​ដឹង​ព័ត៌មាន​លម្អិត​អំពី​ករណី​នេះ​ទេ។

លោក អ៊ី សុខ​ឃី អគ្គស្នងការរងនគរបាលជាតិ បាន​បដិសេធមិនធ្វើអត្ថាធិប្បាយ និង​បង្វែរសំណួរ​ទៅប្រធាន​នាយកដ្ឋានស៊ើបការណ៍សម្ងាត់ ប៉ុន្តែមិនអាចទាក់ទងបានឡើយ។

ចំណែកបុរស​ម្នាក់​ដែល​បានលើកទូរសព្ទរបស់​លោក ហ៊ុន សំណាង ប្រធាន​​នាយកដ្ឋាន​ប្រឆាំង​ភេរវ​កម្ម ​បាន​​បដិសេធ​​ថា ​គាត់​មិន​មែន​ជាលោក ហ៊ុន សំណាង ទេ៕


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ More Trafficking ‘Hotline’ Rescues, More Denial About Detention

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ