តៃវ៉ាន់​ប្ដេជ្ញា​វាយតបវិញ ប្រសិន​បើ​កងកម្លាំង​ចិន​ឈ្លានពាន​ចូល​ក្នុង​ទឹកដីខ្លួន

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

តៃវ៉ាន់បានឱ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងអនុវត្តសិទ្ធិ​របស់​ខ្លួន​ក្នុង​ការការពារ និងវាយប្រហារតបត​វិញ ប្រសិន​បើកងកម្លាំងប្រដាប់អាវុធចិនឈ្លានពានចូល​ទៅក្នុងទឹកដីរបស់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក Lin Wen-huang ប្រធាននាយកដ្ឋាន​ប្រតិបត្តិការ​រួម នៃ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ ត្រូវបាន​ទីភ្នាក់ងារសារព័ត៌​មាន Reuters ស្រង់សម្ដីមក​ផ្សព្វផ្សាយ​ថា៖ «ក្នុងករណីមានយន្តហោះ និងនាវាដែលបានចូលដែនសមុទ្រ និងដែនអាកាសរបស់យើង កងទ័ពជាតិនឹងអនុវត្តសិទ្ធិដើម្បីការពារខ្លួន និងការវាយប្រហារតបវិញដោយគ្មានការលើកលែងឡើយ»។

យោធាចិន​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ត្រូវបានសង្កេតឃើញថាមានការធ្វើសមយុទ្ធរបស់ខ្លួនជាច្រើន​នៅជិតកោះតៃវ៉ាន់ ដែលធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធាន​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោក​ស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់ដែនកោះមួយនេះ។

ទាក់ទិននឹងករណីនេះ សហរដ្ឋអាមេរិក​ក៏ធ្លាប់បាន​ជំរុញប្រទេសចិនកុំឱ្យមានប្រតិកម្មខ្លាំង​លើសលុប​ចំពោះដំណើរ​ទស្សនកិច្ចមួយនេះផងដែរ ដោយថា វាអាច​នឹងធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​បន្ថែ​ម​ទៀត ខណៈក្រសួងការពារជាតិរបស់តៃវ៉ាន់ក៏ធ្លាប់បានអះអាងថា ខ្លួននឹងបន្តពង្រឹងការការពាររបស់ខ្លួន ដើម្បីធានាឱ្យបានថាគ្មាននរណាម្នាក់អាចបង្ខំឱ្យកោះនេះទទួលយកផ្លូវដែលចិនបានរៀបចំ​ដោយមិន​ផ្តល់​សេរី​ភាព និងប្រជាធិបតេយ្យនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ