តុលាការ​កាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី ឱ្យ​ជាប់​ពន្ធនាគារ​បន្ថែម​ទៀត​ទាក់ទង​នឹង​បទ​ក្លែងបន្លំ​ការបោះឆ្នោត

មេដឹកនាំគណបក្សប្រឆាំងមីយ៉ាន់ម៉ា និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អំឡុងពេលលោកស្រីជួបជាមួយប្រធានាធិបតីបារាំង លោក Francois Hollande នៅវិមានប្រធានាធិបតី Elysee ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤។ រូបថតដោយ Nicolas Gouhier/ABACAPRESS.COM

ប្រភពមួយបានឱ្យដឹងថា អតីតមេដឹកនាំមីយ៉ាន់ម៉ា​ដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃសុក្រនេះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំបន្ថែម​ទៀត ក្រោយ​រក​ឃើញ​ថា លោក​ស្រីមា​ន​ទោស​ពីបទក្លែងបន្លំលទ្ធផលការបោះឆ្នោតដែលប្រព្រឹត្តក្នុងឆ្នាំ២០២០កន្លង​ទៅ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ទាក់ទិននឹងករណីនេះ យោធាមីយ៉ាន់ម៉ាធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ការដែលខ្លួន​សម្រេច​ចោទ​បទ​នេះ​ឡើង គឺដោយសារតែជ័យជម្នះកាលពីពេលកន្លងទៅរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី គឺផ្អែកលើការបោះឆ្នោតដែលបានរៀបចំទុក បើទោះបីជាគណបក្សនេះ​បានច្រានចោលបទចោទ និងថ្លែងអះអាងថា ជ័យជម្នះដែលខ្លួនទទួលបាននៅពេលនោះ គឺដោយយុត្តិធម៌ និងត្រឹមត្រូវយ៉ាងណាក្ដី។

គិតរហូតមកដល់ពេលបច្ចុប្បន្ន ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានតុលាការចោទប្រកាន់​ពីបទប្រព្រឹត្តបទល្មើសប្រមាណជា២០ករណីហើយ ដែលក្នុងនោះរួមមាន ការនាំចូលអាយកូមដោយខុស​​ច្បាប់ បទរំលោភវិធានការទប់ស្កាត់វិបត្តិកូវីដ-១៩ បទទទួលសំណូក រំលោភការសម្ងាត់រដ្ឋ រួមនឹងបទចោទធ្ងន់ធ្ងរមួយចំនួនទៀត ដែលអាចនឹងជាប់ពន្ធនាគារសរុបរហូតដល់រយៈពេលប្រមាណជា១៩០ឆ្នាំ បើ​តុលាការកឃើញថា លោកស្រីមានកំហុសក្នុងសំណុំរឿងទាំងនេះ។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្តើម​យកអំណាច​មកគ្រប់គ្រង​កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះជនស៊ីវិលរាប់ពាន់នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្មនិងបាតុកម្មនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ