មនុស្ស​៦នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ជាង​១០០នាក់​ត្រូវ​បាន​សង្រ្គោះ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​រយៈពេល​១២ថ្ងៃ

ទិដ្ឋភាពតាមដងវិថីមួយកន្លែងក្នុងខេត្តព្រះសីហនុ អំឡុងពេលមានការរាតត្បាតកូវីដ១៩ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

សមត្ថកិច្ចបានឱ្យដឹងថា ព្រះរាជអាជ្ញាបានចោទប្រកាន់​ជា​បណ្ដោះអាសន្នទៅលើ​ជន​​សង្ស័យ​ជន​​ជាតិ​ចិននិង​ខ្មែរ​ចំនួន​៦នាក់ ពីបទជួញដូរ​មនុស្ស ជាផ្នែក​មួយ​នៃកា​របង្ក្រាបដែល​បាន​ជួយសង្គ្រោះ​ជន​រ​ង​គ្រោះជាង​១០០នាក់ ក្នុងរយៈពេល១២ថ្ងៃ និងបានរកឃើញដំបងឆក់ និង​ខ្នោះដៃនៅទីតាំងមួយ​ក្នុង​ក្រុង​ព្រះសីហនុ។

ការបន្ទាបចំណាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ដីពីការជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក និងការ​ប្រឈមមុខនឹង​សម្ពាធអន្តរជាតិកាន់​តែខ្លាំង ខណៈ​អាជ្ញាធរ​កម្ពុជា​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​អំពី​ការ​ចាប់​ខ្លួន និង​ការ​ជួយ​សង្គ្រោះ​បន្ថែម​ទៀត​ពី​ទីតាំង​ការ​ងារ​ដោយបង្ខំ ដែលភាគច្រើននៅក្នុងក្រុងព្រះសីហនុ បើទោះបីជាកន្លងមកពួកគេបាននិយាយសម្រាលអំពីប្រតិបត្តិការ​ឆបោកជាសកលនៅក្នុងទីតាំងទាំងនោះក៏ដោយ។

ព្រះរាជអាជ្ញារងអមសាលាដំបូង​ខេត្តព្រះសីហនុ លោក ហួត វិចិត្រ បាននិយាយកាលពីថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ២០២២ ថាជាផ្នែកមួយនៃការបង្រ្កាបនាពេលថ្មីៗនេះ ជនសង្ស័យចំនួន៦នាក់ត្រូវបាន​ចោទ​ប្រកាន់​បណ្ដោះអាសន្ន​ពី​បទ«​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន»។​

ពួក​​គេ​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​​ទី​២៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់​ពី​ជន​រង​គ្រោះ​​ដាក់​ពាក្យ​បណ្ដឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ ពួកគេត្រូវបានចោទ​ប្រកាន់​​ពី​បទ​នាំ​មនុស្ស​ពី​ប្រទេស​ចិន​មក​ខេត្ត​ព្រះសីហនុ​តាម​ផ្លូវ​ទឹក។ ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា ជនជាតិ​ចិន​ចំនួន៣៥នាក់​​ត្រូវ​បាន​រត់ពន្ធ​តាម​ទឹក ​ទៅ​អគារ Li Sheng ក្នុង​សង្កាត់លេខ៤។

ជនសង្ស័យទាំង៦នាក់នោះ រួម​មាន ឈ្មោះ ហ៊្សា ជុនហ៊ៅ (Xia Junhao) អាយុ២០ឆ្នាំ ជាអ្នកគ្រប់គ្រង, សន ពិសិដ្ឋ អាយុ៤៣ឆ្នាំ ជាអ្នកបើកបរ និងអង្គរក្ស, លូ ហ្ស៊ីនយូ (Lu Xinyou) អាយុ៣៦ឆ្នាំ ជាប្រធានផ្នែកចាត់ចែងលក់, ហ្សាង យ៉ុង (Zhang Yong) អាយុ២៦ឆ្នាំ ជាប្រធានផ្នែកចាត់ចែងលក់, ម៉ូ ហ្សេងយុន (Mo Zhengyun) អាយុ១៩ឆ្នាំ ជាចុងភៅ, និង​ គី វង្ស (Ky Vong) អាយុ​៣១​ឆ្នាំ ជា​អ្នកបើកបរ។

លោក ហួត វិចិត្រ បន្ត​ថា ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​នីតិវិធី​បន្ត​ក្នុង​សំណុំ​រឿង​នេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា អាជ្ញាធរបានចាត់វិធានការ​​លើបណ្ដឹងចំនួន៤០ និងជួយសង្គ្រោះជនរងគ្រោះបានជាង១០០នាក់ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ លោកថា ក្នុងចំណោមជនរងគ្រោះទាំងនេះ មានជនជាតិអាមេរិកម្នាក់ ខ្មែរ-អាមេរិកាំងម្នាក់ ឥណ្ឌូនេស៊ី២នាក់ ចិន៣៨នាក់ ម៉ាឡេស៊ី៥៣នាក់ វៀតណាម៥នាក់ និងតៃវ៉ាន់៣នាក់។

លោក ខៀវ សុភ័គ បន្ថែមថា កាលពីរសៀលថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ២០២២ ជនជាតិចិនម្នាក់អាយុ២៨ឆ្នាំ ដែលត្រូវបានបង្ខាំងឱ្យធ្វើការនៅសង្កាត់លេខ៤ ត្រូវបានជួយសង្គ្រោះ ហើយអ្នកគ្រប់គ្រងជាជនជាតិចិនត្រូវបាននាំខ្លួនមកសាកសួរ។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្ត្រីជនជាតិចិនម្នាក់ អាយុ២៤ឆ្នាំ ត្រូវបានជួយសង្គ្រោះ ហើយអ្នកគ្រប់គ្រងក៏ត្រូវបានចាប់ខ្លួនផងដែរ។

លោក​បាន​រៀបរាប់​ពី​ប្រតិបត្តិការ​៣​ផ្សេង​ទៀត ​កាលពី​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០២២ ថាបុរស​ជន​ជាតិ​​ចិ​ន​​ចំនួន២​នាក់ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​កាស៊ីណូ Oscar នៅ​សង្កាត់លេខ​៤, ស្ត្រី​ម្នាក់​នៅ​សង្កាត់លេខ១ ​ដែល​​ត្រូវ​បាន​​បញ្ជូនទៅកាន់ទីតាំងផ្សេង ត្រូវបានបញ្ជូនមក​វិញ​តាម​បញ្ជា​របស់​នគរបាល ​រួម​ជាមួយនឹង​មិត្ត​ប្រុសរបស់នាង និងបុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុ៣៨ឆ្នាំ ត្រូវបានជួយសង្គ្រោះពីសណ្ឋាគារ Jing Chai Ou ក្នុងសង្កាត់លេខ​១ កន្លែងដែលដំបងឆក់និងខ្នោះដៃពីរគូត្រូវបានរកឃើញនៅជាន់ទី៧៕


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Six Charged, 100 Rescued in Human Trafficking Crackdown

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ