កូន​ស្រី​លោក​ កឹម​ សុខា​៖ ​ការ​ចាប់​ខ្លួន​ឪពុក​កាល​ពី​៥​ឆ្នាំ​មុន​ជា​ទង្វើ​ព្រៃ​ផ្សៃ​ដូច​ខ្មែរ​ក្រហម

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ខួប ៥ឆ្នាំនៃការចាប់លោក កឹម សុខា ត្រូវបានកូនស្រីបង្កើតរបស់លោក​អះអាងថា  វិធានការនាពេលនោះព្រៃផ្សៃប្រៀបដូចរបបខ្មែរក្រហម ដោយកញ្ញាចាត់ទុកការចាប់ខ្លួនឪពុកថា ជាចំណុចផ្តើមនៃការកម្ចាត់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

កូនស្រីច្បងរបស់លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បានសរសរលើហ្វេសប៊ុក នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ថា កាលយប់អាធ្រាតថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កងកម្លាំងប្រដាប់អាវុធ បានវាយលុកចូលគេហដ្ឋានគ្រួសារកញ្ញាទាំងគ្មានដីកា ហើយចាប់ខ្លួនឪពុកទាំងកំពុងមានអភយ័ឯកសិទ្ធិជាអ្នកតំណាងរាស្ត្រ។

កញ្ញាចាត់ទុកការចាប់ខ្លួនឪពុកកាលពី៥ឆ្នាំនោះថា ជាទង្វើពាលតាមបែបច្បាប់ព្រៃ ដោយរូបភាពនាពេលនោះ មិនខុសពីសម័យ ប៉ុល ពត ឡើយ។ បន្ថែមពីនេះ កញ្ញា ហៅការចាប់ខ្លួនឪពុកនាពេលនោះជាចំណុចផ្តើមនៃការកម្ចាត់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ហ្វេសប៊ុកកញ្ញាថា៖«នាកណ្តាលអាធ្រាតថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ កងកម្លាំងប្រដាប់អាវុធរាប់រយអ្នក បានវាយលុកចូលគេហដ្ឋានគ្រួសារខ្ញុំយ៉ាងកម្រោលដោយគ្មានដីកា ហើយចាប់ខ្លួនឪពុកខ្ញុំ កឹម សុខា ដែលជាមេបក្សប្រឆាំងនិងកំពុងមានអភយ័ឯកសិទ្ធិជាតំណាងរាស្ត្រ។ ទង្វើពាលតាមបែបច្បាប់ព្រៃនេះ គឺមានរូបភាពមិនខុសពីសម័យ ប៉ុល ពត ឡើយ។ យប់នោះហើយ គឺជាចំណុចផ្តើមនៃការកម្ចាត់លិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

កញ្ញា កឹម មនោវិទ្យា ថា បច្ចុប្បន្នអ្នកប្រជាធិបតេយ្យបាន​តស៊ូមតិបែបអហិង្សាជាសកល ដើម្បីទាមទារស្តារលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ដោយចាប់ផ្តើមពីការផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា។

កញ្ញាបញ្ជាក់ថា ទោះបីជាអ្វីដែលបានទាមទាររយៈពេល៥ឆ្នាំមកនេះ មិនបានសម្រេចទាំងអស់ក្ដី  ប៉ុន្តែក៏លទ្ធផលជាវិជ្ជមានខ្លះដែរ។ ជាក់ស្ដែង ការតស៊ូកន្លងមក បានជំរុញឱ្យមានការផ្លាស់ប្តូរលោក កឹម សុខា ចេញពីពន្ធនាគារត្រពាំងផ្លុងក្បែរព្រំដែនវៀតណាម មកឃុំខ្លួននៅផ្ទះជាដើម។

កញ្ញាថា៖«អ្វីដែលសំខាន់នោះគឺគ្មានថ្ងៃដែលយើងបោះបង់ដំណើរស្តារលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ ហើយវិធានការផ្សេងៗពីសហគមន៍អន្តរជាតិនឹងនៅតែមានជាបន្តបន្ទាប់រហូតទាល់តែកម្ពុជាបើកផ្លូវប្រជាធិបតេយ្យឡើងវិញ។ ខ្ញុំប្តេជ្ញាថានឹងជម្នះទាល់តែយើងទាំងអស់គ្នាដល់គោលដៅ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា ថាជារឿងធម្មតា ដោយសារ កញ្ញាជាកូនលោក កឹម សុខា ប៉ុន្តែលោកបដិសេធថា ការចាប់ខ្លួនមេដឹកនាំប្រឆាំងកាលពីឆ្នាំ២០១៧ មិនដូចរបបខ្មែរក្រហមទេ។

លោកបញ្ជាក់ថា តុលាការនឹងដាក់កំណត់កម្មវិធីវិនិច្ឆ័យទោស ប្រសិនបើលោក កឹម សុខា ព្រមសារភាព ឬទទួលស្គាល់កំហុសនោះ។

លោកបន្តថា៖«ចំពោះខ្ញុំវិញ ខ្ញុំយល់ថា វា[មិន]ដូចទៅរបបខ្មែរក្រហមឬមួយក៏ស្អីទេ ដោយសារ លោក កឹម សុខា គាត់បានធ្វើសកម្មភាពមានពិរុទ្ធភាពមានឯកសារ មានភស្តុតាងត្រឹមត្រូវហើយបានសមត្ថកិច្ច គេមានហេតុផល ដើម្បីធ្វើ ចាត់ការតាមវិធានការផ្លូវច្បាប់នឹងទៅគាត់។ ឥឡូវខ្ញុំអត់និយាយរឿង ៥ ឆ្នាំទេ ពីព្រោះរឿងនឹងខ្ញុំថា បើសិនណា លោក កឹម សុខា គាត់ទទួលស្គាល់ការពិតនៃសម្ដីគាត់អាហ្នឹង ឆាប់ចប់ទេ ប៉ុន្តែរឿងនេះ តុលាការគេមានហេតុ គេមានផលគេ គេសួរហើយគាត់មិនព្រមទទួលស្គាល់ការពិត។ អ៊ីចឹងហើយ បានចេះពន្យារពេល ហើយទោះ ៥ឆ្នាំ៦ ឆ្នាំ ក៏មិនដឹងដែរ បើសិនគាត់នៅតែប្រកែក មិនទទួលស្គាល់នៃពាក្យសម្ដីរបស់គាត់ អាហ្នឹងរឿងតែប៉ុណ្ណឹងទេ។ ឥឡូវរឿងកាត់ក្ដីនៅតែកាត់អ៊ីចឹង ក៏ប៉ុន្តែកាត់ទៅតាមនីតិវិធីរបស់តុលាការ គេសួរឱ្យសាមីជនទទួលការពិតថាតើបានធ្វើអញ្ចេះមែនអត់ ហើយបើឆ្លើយបានហើយ អាហ្នឹងវាចប់រឿងហើយ គេដាក់កំណត់កម្មវិធីវិនិច្ឆ័យទោសហើយ»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ មានប្រសាសន៍ថា សំណុំរឿងលោក កឹម សុខា នឹងត្រូវបញ្ចប់ លុះត្រាតែមានដំណោះស្រាយនយោបាយ ខណៈការចាប់និងចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំងរូបនេះ វាជារឿងនយោបាយ។ លោកបន្តថា ប្រសិនបើមិនមានដំណោះស្រាយនយោបាយទេ សំណុំរឿងលោក កឹម សុខា ក៏នៅតែបន្តដំណើរទៅមុខទៀត។

លោកបន្ថែមថា៖« យើងនិយាយពីចេតនានយោបាយ ជាពិសេសគណបក្សកាន់អំណាច តើគាត់ពិតជាមានឆន្ទៈក្នុងការដោះស្រាយបញ្ហាជាប់គាំរឿងក្ដីរបស់លោក កឹម សុខា ដែរឬយ៉ាងណា។ នេះជាចំណុចមួយដែលយើងពិបាកទទួលយកនូវលទ្ធផលជាក់ស្ដែងណាស់ ពីព្រោះតាមទំនងដែលយើងមើលឃើញតាំងពីដើមរហូតដល់ពេលនេះ គឺគណបក្សកាន់អំណាចគាត់នៅប្រកាន់គោលការណ៍នៅក្នុងការប្ដឹងលោក កឹមសុខា ទោះបីបញ្ហានេះ ធ្លាក់ក្នុងដៃតុលាការមែន វាជាសិទ្ធិរបស់តុលាការមែន យើងត្រូវពិចារណាទៅម្ចាស់នៃដើមបណ្ដឹង តើជានរណា? យើងឃើញម្ចាស់ដើមបណ្ដឹងជាគណបក្សកាន់អំណាចដូច្នេះ បើសិនគណបក្សកាន់អំណាចមិនស្នើដកពាក្យបណ្ដឹងទេ ការងារប្ដឹងផ្ដល់នៅក្នុងតុលាការពាក់ព័ន្ធបទចោទប្រកាន់លោក កឹម សុខា នឹងមិនងាយនឹងចប់ទេ»។

​​ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា  ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនទាំងយប់ កាលពីយប់អាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​​២០១៧។ លោក កឹម សុខា បានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព» ឬត្រូវរ៉ូវដោយសម្ងាត់ជា​​មួយរដ្ឋប​​រ​​ទេ​​ស ឬភ្នាក់ងារបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។ ជាង២ខែក្រោយការចាប់ខ្លួនលោក តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយមន្ត្រីតំណែងមន្ត្រីគណបក្សនេះតាំងពីមូលដ្ឋានរហូតដល់រដ្ឋសភា ព្រឹទ្ធសភា ត្រូវបានដកហូត ហើយមន្ត្រីជាន់ខ្ពស់បក្សនេះចំនួន១១៨នាក់ ក៏ត្រូវបានតុលាការដាក់បម្រាមមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។

គិតពីថ្ងៃចាប់ខ្លួនមកដល់ពេលនេះ មានរយៈពេល​​​៥ឆ្នាំហើយ​​ តុលាការកម្ពុជានៅរកមិនទាន់ឃើញថា លោក កឹម សុខា មានទោសនៅឡើយ ខណៈសហគមន៍ជាតិ និងអន្តរជាតិ បានចាត់ទុកការចាប់ខ្លួនលោក កឹម សុខា ជារឿងនយោបាយច្រើនជាការអនុវត្តច្បាប់។

យ៉ាងណាក៏ដោយ សំណុំរឿងលោក កឹម សុខា នេះ បើតាមលោក ហ៊ុន សែន ធ្លាប់ព្រលយនៅក្នុង​​កិច្ចប្រ​​ជុំទី​ស្តី​​កា​​រគណៈរដ្ឋមន្រ្តីកាលពីឆ្នាំ២០២០ថា រឿងក្តីមួយនេះ នឹងអាចត្រូវពន្យារពេល​រហូតដល់ឆ្នាំ២០២៤ ពោលគឺក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣បញ្ចប់។

ក្រោយជួប លោក កឹម សុខា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ អំឡុងពេលដែល លោក​ Josep Borrell Fontelles មកទស្សនកិច្ចនៅកម្ពុជា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបរូបនេះបានជំរុញឱ្យកម្ពុជាបញ្ចប់រឿងក្ដីលោក កឹម សុខា ដើម្បីឱ្យលោកអាចចូលរួមការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ដែលជាផ្នែកមួយក្នុងការស្ដារឡើងវិញនូវសិទ្ធិនយោបាយ និងដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅកម្ពុជា៕

​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ