យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញ នគរបាលកាណាដាបានប្រទះឃើញជនសង្ស័យម្នាក់បានដេកស្លាប់ក្នុងករណីចាក់សម្លាប់មនុស្សដ៏ឃោរឃៅ ខណៈជនសង្ស័យម្នាក់ទៀតដែលត្រូវជាប្អូនប្រុសរបស់ [ជនសង្ស័យដែលបានស្លាប់] កំពុងរត់គេចខ្លួន ហើយត្រូវបានគេជឿថាអាចមានរបួស។
នៅក្នុងការតាមប្រមាញ់ដែលមានការចូលរួមពីមន្រ្តីនគរបាលរាប់រយនាក់ ជនសង្ស័យឈ្មោះ ដាមៀន សាន់ឌឺសុន (Damien Sanderson) អាយុ៣១ឆ្នាំ ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងតំបន់វាលស្មៅមួយនៅសហគមន៍ជនជាតិដើមភាគតិច ជែមស្មីតគ្រីណេសិន (James Smith Cree Nation)។ គេសង្ស័យថា គាត់អាចត្រូវបានសម្លាប់ដោយប្អូនប្រុសរបស់គាត់។
លោកស្រី រ៉ុនដា ប៊្លែកម័រ (Rhonda Blackmore) មេបញ្ជាការនគរបាលខេត្តសាស្កាឆេវ៉ាន់ (Saskatchewan) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្អូនប្រុសរបស់ជនសង្ស័យដែលស្លាប់ ឈ្មោះ ម៉ាយស៍ សាន់ឌឺសុន (Myles Sanderson) អាយុ៣០ឆ្នាំ កំពុងរត់គេចខ្លួន ហើយអាចមានរបួស និងកំពុងស្វែងរកការព្យាបាល។
លោកស្រី Blackmore បាននិយាយថា៖ «យើងអាចបញ្ជាក់ថា គាត់[ប្អូនប្រុសជនសង្ស័យដែលស្លាប់] មានរបួស។ យើងជឿថា របួសនេះមិនមែនបង្កឡើងដោយខ្លួនគាត់ផ្ទាល់ឡើយ»។
លោកស្រី Blackmore មិនបានបញ្ជាក់ពីមូលហេតុនៃការរងរបួសនោះទេ។
នៅពេលសួរថា តើ ម៉ាយស៍ សាន់ឌឺសុន (Myles Sanderson) ជាអ្នកសម្លាប់បងប្រុសរបស់គាត់? លោកស្រី Blackmore បានឆ្លើយថា៖ «យើងមិនទាន់អាចបញ្ជាក់ច្បាស់ទេ។ យើងកំពុងស៊ើបអង្កេតករណីនេះ»។
លោកស្រីក៏បានព្រមានផងដែរថា នគរបាលនៅតែចាត់ទុកជនសង្ស័យឈ្មោះ ម៉ាយស៍ សាន់ឌឺសុន (Myles Sanderson) ជាបុគ្គលគ្រោះថ្នាក់ចំពោះសាធារណជន ទោះបីជាគាត់រងរបួសក៏ដោយ។
លោកស្រី Blackmore បាននិយាយថា៖ «ជនសង្ស័យឈ្មោះ ម៉ាយស៍ សាន់ឌឺសុន [Myles Sanderson] មានលិខិតថ្កោលទោសរយៈពេលយូរ ពាក់ព័ន្ធនឹងបទល្មើសប្រឆាំងមនុស្សជាតិ និងបទល្មើសព្រហ្មទណ្ឌលើទ្រព្យសម្បត្តិ […] គាត់មានអាវុធ និងអាចបង្កគ្រោះថ្នាក់។ កុំចូលទៅជិតគាត់។»
ទីភ្នាក់ងារសារព័ត៌មាន CBC News បានរាយការណ៍ថា នគរបាលខេត្តសាស្កាឆេវ៉ាន់ (Saskatchewan) នៃក្រុងសាស្កាទូន (Saskatoon) បានស្វែងរកជនសង្ស័យឈ្មោះ ម៉ាយស៍ សាន់ឌឺសុន (Myles Sanderson) តាំងពីខែឧសភា។
គួរបញ្ជាក់ថា ដាមៀន សាន់ឌឺសុន (Damien Sanderson) និង ម៉ាយស៍ សាន់ឌឺសុន (Myles Sanderson) ត្រូវជាបងប្អូនប្រុសនឹងគ្នា ត្រូវបានសង្ស័យថាបានចាក់សម្លាប់មនុស្ស១០នាក់ និងរបួស១៥នាក់ នៅក្នុងសហគមន៍ជនជាតិដើមភាគតិចខេត្តសាស្កាឆេវ៉ាន់ (Saskatchewan) កាលពីថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២ ដែលកើតមានជាប្រវត្តិសាស្រ្តនៅក្នុងប្រទេសនេះ។
ទោះយ៉ាងណា លោកស្រី Blackmore បាននិយាយថា រហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់គឺ១១នាក់ និងរបួស១៩នាក់ ក្នុងការវាយប្រហារដោយការចាក់សម្លាប់នោះ៕