កាណាដា​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​មីយ៉ាន់ម៉ា ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Stringer)

ប្រទេសកាណាដា នៅថ្ងៃសុក្រនេះ បានដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀតលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលប្រទេសទាំងនេះធ្វើឡើងនៅក្នុងប្រទេសរបស់ពួកគេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រនេះ។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកាណាដា បានឱ្យដឹងថា ចំពោះវិធានការដែលដាក់លើប្រទេសរុស្ស៊ី រួមមាន ការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីជាន់ខ្ពស់របស់ប្រទេសនេះចំនួន៣៣នាក់ និងអង្គភាពចំនួន៦ ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការ «រំលោភសិទ្ធិមនុស្សជាប្រព័ន្ធ» ប្រឆាំងនឹងពលរដ្ឋរុស្ស៊ីដែលបានតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

គិតចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក ប្រទេសកាណាដាបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាព ជាង១ ៥០០មកហើយ ដែលមកពីប្រទេសរុស្ស៊ី និងបេឡារុស។

សេចក្តីថ្លែងការណ៍ដដែលបន្តថា ទណ្ឌកម្មក៏ត្រូវបានដាក់លើបុគ្គលចំនួន ២២នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលក្នុងនោះរួមមានសមាជិកជាន់ខ្ពស់នៃស្ថាប័នតុលាការ ប្រព័ន្ធពន្ធនាគារ មន្ត្រីអនុវត្តច្បាប់ មេដឹកនាំនយោបាយ និងឥស្សរជននៅក្នុងប្រព័ន្ធផ្សព្វផ្សាយដែលដឹកនាំដោយរដ្ឋផងដែរ។

ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់នេះត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីប្រទេសនេះបានអនុវត្តទោសប្រហារជីវិតលើកដំបូងលើបុរសម្នាក់ដែលត្រូវបានកាត់ទោសពីបទធ្វើឱ្យសន្តិសុខម្នាក់រងរបួសដោយប្រើប្រាស់កាំបិតវែង និងការធ្វើសកម្មភាពដែលបង្កឱ្យមានការបិទផ្លូវមួយក្នុងរដ្ឋធានី​តេហេរ៉ង់ (Tehran)។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Tasnim។

ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានសង្កេតឃើញថាមានការកើតឡើងនូវការតវ៉ាជាបន្តបន្ទាប់ ពោលគឺចាប់តាំងពីមានករណីរបស់ស្ត្រីអ៊ីរ៉ង់មួយរូបឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃទី១៦ខែកញ្ញា បន្ទាប់ពីត្រូវបានឃុំខ្លួនដោយ​នគរបាល​ផ្នែកសីលធម៌របស់ប្រទេស។

ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីការបរទេស​កាណាដា ​អ្នកស្រី Melanie Joly បានលើកឡើងថា៖ «មានកិច្ចការងារជាច្រើនទៀតដែលយើងត្រូវធ្វើ ខណៈកាណាដានឹងមិនព្រងើយកន្តើយចំពោះបញ្ហាសិទ្ធិមនុស្សឡើយ»

ក្រៅពីអ៊ីរ៉ង់ និងរុស្ស៊ី កាណាដាតាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក៏បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន១២នាក់ និងអង្គភាពចំនួន៣ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ដែលមានការទទួលខុសត្រូវលើមុខងារសំខាន់ៗក្នុងរបបយោធាមីយ៉ាន់ម៉ា ជួយសម្រួលដល់ការផ្ដល់អាវុធទៅកាន់យោធា និងបើកឱ្យមានអំពើហិង្សានៅក្នុងប្រទេស។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមកគ្រប់គ្រងកាលពីខែកុម្ភៈ ឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស។

ជាមួយគ្នានេះ យោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) ជនស៊ីវិលជាង២ពាន់នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន គិតចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ