ប្រទេសកាណាដា គ្រោងនឹងដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀតលើប្រទេសរុស្ស៊ី ទាក់ទងនឹងការដែលប្រទេសមួយនេះធ្វើប្រជាមតិក្លែងក្លាយ ក្នុងគោលបំណងដើម្បីភ្ជាប់ដែនដីចំនួន៤របស់អ៊ុយក្រែនទៅជាផ្នែកមួយរបស់ខ្លួន។ នេះបើតាមការឱ្យដឹងពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ដែលត្រូវបានយកមកចុះផ្សាយបន្តដោយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីកាណាដា បន្ថែមថា កាណាដានឹងមិនទទួលស្គាល់ជាដាច់ខាតនូវលទ្ធផលនៃការធ្វើប្រជាមតិ ឬការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការដាក់បញ្ចូលទឹកដីអ៊ុយក្រែនដោយខុសច្បាប់នេះនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Justin Trudeau បានលើកឡើងបន្តថា៖ «យើងមានបំណងក្នុងការដាក់ទណ្ឌកម្មថ្មីទាំងឡាយប្រឆាំងនឹងបុគ្គលនិងអង្គភាពនានាដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងមួយនេះ [កាត់យកទឹកដីអ៊ុយក្រែន] ខណៈវាបានធ្វើឱ្យខូចដល់គោលការណ៍នៃអធិបតេយ្យភាពរបស់រដ្ឋ ក៏ដូចជាការចូលរួមចំណែកដល់ការបង្ហូរឈាមដែលកំពុងបន្តនៅទូទាំងប្រទេសអ៊ុយក្រែនផងដែរ»។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិកាត់យកទឹកដីអ៊ុយក្រែននេះ បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា សប្ដាហ៍មុន នៅក្នុងតំបន់ Luhansk, Kherson, Donetsk និងតំបន់ Zaporizhzhia ខណៈអាជ្ញាធរដែលតែងតាំងដោយប្រទេសរុស្ស៊ីនៅក្នុងតំបន់ទាំង៤នេះ បានរាយការណ៍ថា សំឡេងភាគច្រើនបានបង្ហាញពីការពេញចិត្តក្នុងការក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតនេះបញ្ចប់ទៅនៅថ្ងៃអង្គារម្សិលមិញ។
ទោះជាយ៉ាងណា លោក Justin Trudeau បានលើកឡើងថា ប្រទេសកាណាដាគឺកំពុងតែចូលរួមជាមួយដៃគូអន្តរជាតិ និងសម្ពន្ធមិត្តនានាសម្រាប់ការបដិសេធរួមគ្នាមួយទាក់ទងនឹងការបោះឆ្នោតមិនស្របច្បាប់មួយនេះ៕