មន្ត្រី​បរិស្ថាន​ខេត្តកោះកុង​សាកសួរ​បុរស​២នាក់ ក្រោយ​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​សត្វព្រៃ

រថយន្តនិងអាវុធដែលជនសង្ស័យប្រើប្រាស់ក្នុងការបាញ់សត្វព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៅស្រុកថ្មបាំង ខេត្តកោះកុង កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង)

មន្ត្រីមន្ទីរបរិស្ថានកំពុងសាកសួរបុរស២នាក់ ក្រោយប្រើកាំភ្លើងបាញ់សម្លាប់សត្វព្រៃ នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី ប្រាប់វីអូឌីនៅថ្ងៃទី៧ ខែកញ្ញា ថាកាលពីយប់រំលងអធ្រាត្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ មន្ត្រីបរិស្ថានខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានឃាត់ខ្លួនបុរស២នាក់ជាជនសង្ស័យ ក្រោយពួកគេប្រើប្រាស់កាំភ្លើងបាញ់សត្វព្រៃ។

ប៉ុន្តែពេលដែលវីអូឌីសួរថា តើអ្នកដែលប្រើកាំភ្លើងបាញ់សត្វព្រៃនោះជាពលរដ្ឋធម្មតា ឬជាមន្ត្រីរាជការ ហើយកាំភ្លើងដែលពួកគេប្រើប្រាស់ត្រូវច្បាប់ឬខុសច្បាប់ គឺលោក ហ៊ុន ម៉ារ៉ាឌី មិនទាន់អាចបញ្ជាក់បានទេ ដោយថា កំពុងដំណើរការសាកសួរជុំវិញរឿងនេះនៅឡើយ។

លោកបន្ថែមថា៖ «ករណីឃាត់ខ្លួនមនុស្ស២នាក់ហ្នឹងមែន ប៉ុន្តែគ្រាន់តែឥលូវនេះ កំពុងស្ថិតនៅក្នុងនីតិវិធីដែលពួកខ្ញុំកំពុងធ្វើកិច្ចការងារ ហើយកំពុងស្ដាប់ចម្លើយរបស់ពួកសិន ទើបយើងបញ្ជូនទៅតុលាការ។ ពួកគាត់បានបាញ់សម្លាប់សត្វប្រើសមួយក្បាល សំពោចមួយក្បាល និងមានសាច់ឈ្លូសខ្លះ»

បើតាមការស្រង់សម្តីសមត្ថកិច្ចយកមកចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា គឺសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២នាក់ ដោយម្នាក់ឈ្មោះ ស្រី វាសនា អាយុ៣៥ឆ្នាំ មានទីលំនៅនៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ហុង រ័ត្នមុនី អាយុ២៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមរូបភាព វត្ថុតាងដែលសមត្ថកិច្ចចាប់បាន រួមមាន រថយន្តទំនើបម៉ាកហ្វត ពាក់ស្លាកលេខ «២-៤៧៩៣ ខេមរភូមិន្ទ២» ចំនួន១គ្រឿង, សត្វប្រើស ១ក្បាល, សំពោច ១ក្បាល, សាច់ឈ្លូសមួយស្បោង និងកាំភ្លើងចំនួន៥ដើម ក្នុងនោះកាំភ្លើងវែងសម្រាប់បាញ់សត្វ២ដើម កាំភ្លើងខ្លី៣ដើម និងគ្រាប់ចំនួន៥៩គ្រាប់។

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យក្រសួងបរិស្ថាន​ លោក នេត្រ ភក្រ្តា បានសរសេរលើហ្វេសប៊ុករបស់លោក ដោយប្រាប់ដល់ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official បញ្ឈប់ការផ្សព្វផ្សាយការធ្វើមុខម្ហូប​ពីសាច់សត្វព្រៃជាបន្ទាន់។

លោក នេត្រ ភក្រ្តា បញ្ជាក់ថា បើយោងតាមវីដេអូដែលហ្វេសប៊ុក Kaa Official បានផ្សព្វផ្សាយនោះ គឺបានយក «សត្វក្ដាន់ញ៉ែង» ដែលជាសត្វព្រៃកម្រមកធ្វើជាម្ហូប។ លោកថា សត្វក្តាន់ញ៉ែង ជាសត្វព្រៃដែលត្រូវអភិរក្ស ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថានកំពុងដឹកនាំការធ្វើ «យុទ្ធនាការអន្ទាក់សូន្យ» ដើម្បីបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ការផ្លាស់ប្តូរឥរិយាបថជនមួយចំនួនដែលនិយមហូបសាច់សត្វព្រៃ ឱ្យងាកមកចូលរួមការពារអភិរក្សសត្វព្រៃ និងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ​ការបង្ហោះមុខម្ហូបធ្វើពីសាច់សត្វព្រៃជាទង្វើអសីលធម៌ និងជាការបំពានច្បាប់ ហើយបានអំពាវនាវឱ្យបញ្ឈប់ទង្វើទាំងនេះ និងលុបចោលវីដេអូដែលបានផ្សព្វផ្សាយចោលផងដែរ។

លោកបន្ថែមថា៖ «សូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះពលរដ្ឋភាគច្រើនលើសលុប សូម្បីក្នុងវីដេអូដែលផុស បងប្អូនប្រជាពលរដ្ឋទាំងអស់មានការយល់ដឹង និងចូលរួមថែរក្សាសត្វព្រៃ។ សូមបញ្ឈប់សកម្មភាពនេះ ព្រោះមនុស្សទូទៅមិនគាំទ្រ និងមិនកោតសរសើរនូវទង្វើខ្វះទទួលខុសត្រូវនេះឡើយ និងបានក្លាយជាជនចម្លែកតែឯង»

ក្រោយប្រកាសរបស់លោក នេត្រ ភក្រ្តា ​មួយថ្ងៃ ​ម្ចាស់ហ្វេសប៊ុកឈ្មោះ Kaa Official បានទទួលស្គាល់កំហុស ដោយស្ម័គ្រចិត្តលុបវីដេអូ​ចេញពីហ្វេសប៊ុករបស់ខ្លួន ហើយបានចុះកិច្ចសន្យាបញ្ឈប់ការយកសាច់សត្វព្រៃធ្វើជាម្ហូប និងឈប់ហូបសាច់សត្វព្រៃ រួមទាំងកិច្ចសន្យាផ្សេងទៀត បន្ទាប់ពីសមត្ថកិច្ច និងរដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត ​ចាត់វិធានការអប់រំ។

ប្រធានកម្មវិធីផ្នែក​ស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ​សាទរចំពោះវិធានការនានារបស់សមត្ថកិច្ច ពាក់ព័ន្ធទៅលើជនសម្លាប់សត្វព្រៃ ប៉ុន្តែលោក​ជំរុញឱ្យមានវិធានការច្បាប់តឹងរ៉ឹងជាងនេះបន្ថែមទៀត ខណៈការចាប់សត្វព្រៃ និងផ្សព្វផ្សាយលក់សាច់សត្វព្រៃ នៅតែបន្តកើតមានជាហូរហែ។

មន្ត្រីសង្គមស៊ីវិលផ្នែកបរិស្ថាន និងព្រៃឈើរូបនេះ ក៏ស្នើឱ្យមានការស៊ើបអង្កេតតាមភោជនីយដ្ឋានមួយចំនួននៅខេត្តជាប់តំបន់ការពារ​ ជាពិសេសខេត្តក្រចេះ ព្រះវិហារ កោះកុង និងខេត្តផ្សេងទៀត ដោយថា កន្លងមក មានភោជនីយដ្ឋានខ្លះបានផ្សព្វផ្សាយលក់មុខម្ហូបសាច់សត្វព្រៃ។

លោកបន្ថែមថា៖ «បើគ្រាន់តែធ្វើកិច្ចសន្យា នេះគឺជាករណីមួយធូររលុងមែនទែន ហើយផ្ទុយទាំងស្រុងនៃខ្លឹមសារច្បាប់ ហើយក៏លើកទឹកចិត្តដល់អ្នកបរបាញ់សត្វហ្នឹងរួចផុតពីសំណាញ់ច្បាប់ និងនៅតែបន្តបរបាញ់សត្វដោយខុសច្បាប់ដដែល។ អ៊ីចឹងរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវមានវិធានការតឹងរ៉ឹង ឬឃាត់ខ្លួនចំពោះជនទាំងឡាយណាដែលបរិភោគសត្វព្រៃ និងបរបាញ់សត្វព្រៃដោយខុសច្បាប់ ឱ្យពួកគេទទួលខុសត្រូវចំពោះមុខច្បាប់។ បើសិនជាលក្ខណៈវិនិច្ឆយនៃទោសត្រូវកំណត់ឱ្យជាប់ពន្ធធនាគារ គួរតែមានភាពតឹងរ៉ឹងក្នុងការដាក់ទណ្ឌកម្មបែបនេះដែរ ដើម្បីព្រមានដល់ប្រជាពលរដ្ឋផ្សេងទៀត[ដែល]ហ៊ានទៅបរបាញ់ និងទិញសត្វព្រៃមកហូប»។

ក្រសួង​បរិស្ថាន សង្គមស៊ីវិល និងអាជ្ញាធរពាក់ព័ន្ធ កំពុងធ្វើយុទ្ធនាការ «​អន្ទាក់សូន្យ» ដោយបានដាក់ចេញ​នូវវិធាន​ការ​បន្ទាន់នានា ដើម្បីបង្កើនការពង្រឹងការអនុវត្តច្បាប់ និងពិនិត្យមើលបទប្បញ្ញត្តិពាក់ព័ន្ធ ក្នុងគោលបំណងទប់ស្កាត់​ការ​បរបាញ់​សត្វ​ព្រៃ​ខុស​ច្បាប់ និង​បញ្ចប់​វិបត្តិ​អន្ទាក់ ដែលកំពុង​គំរាមកំហែងដល់ជីវិតសត្វព្រៃនៅកម្ពុជា។

ក្នុង​ឆ្នាំ២០២១ ក្រសួងបរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួន បានដក​អន្ទាក់សរុបជាង៦ម៉ឺនអន្ទាក់ (៦១ ៦១១)​ ចេញពីតំបន់ការពារធម្មជាតិ ចំនួន៧២ និងច្រករបៀង​ជីវ​ចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំ មានអន្ទាក់សរុបចំនួនប្រមាណ ៤០ ០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនោះ។

បើតាមលោក នេត្រ ភក្ត្រា ក្នុងឆ្នាំ២០២១​ ក្រុមសង្គ្រោះសត្វព្រៃបន្ទាន់​មកពី​អង្គភាពចម្រុះ បានចុះប្រតិបត្តិការបង្ក្រាប​​ការ​ជួញដូរសត្វ​ព្រៃ​​ចំនួន៦២៥​ករណី សង្គ្រោះសត្វព្រៃបាន១ ២៧១ក្បាល រឹបអូសសាច់សត្វព្រៃចំនួន៣ ៦០៩ក្បាល និង​រឹបអូស​សាច់សត្វព្រៃគ្រប់ប្រភេទបានចំនួន៣៥៤គីឡូក្រាម បញ្ជូនសំណុំរឿងចំនួន១១ទៅ​តុលាការ និងបានដោះលែងសត្វព្រៃចូលទៅព្រៃធម្មជាតិ​វិញចំនួន៨៦៤ក្បាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ