ពលរដ្ឋ​ជាង​១៥០​គ្រួសារ​នៅ​ខេត្តស្វាយរៀង​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ដោះស្រាយ​ដីធ្លី

ពលរដ្ឋ​ជិត​១០០នាក់​ តំណាងឱ្យ១៥២​​គ្រួសារ នៅឃុំម៉ឺនជ័យ និងឃុំធ្មា បាន​នាំគ្នា​ប្រមូល​ផ្ដុំនៅមុខ​សាលាឃុំម៉ឺនជ័យ​ នៅថ្ងៃពុធនេះ ដើម្បីសុំឱ្យអាជ្ញាធរ​ឃុំ​ជួយ​ដោះ​ស្រាយ​ដី​ធ្លី ក្រោយ​ពី​ក្រ​សួង​ធនធានទឹក និងឧតុនិយម ​ឈូស​ឆាយ​សាងសង់ប្រឡាយទឹក ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ដីធ្លី និង​លំនៅឋាន​របស់ពួ​ក​គាត់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ (CCFC)

ប្រជាពលរដ្ឋជាង១៥០គ្រួសារ នៅឃុំម៉ឺនជ័យ ​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង ស្នើ​អាជ្ញាធរឃុំ​ជួយ​ដោះ​ស្រាយ​បញ្ហា​​ដីធ្លី ក្រោយពី​ពួកគេអះអាងថាបានរងផល​ប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ប្រឡាយទឹក​របស់​ក្រសួង​ធនធាន​ទឹ​ក និងឧតុនិយម ​នៅ​តំបន់​​នោះ។

លោក ស៊ិន សាម៉េត ប្រជាពលរដ្ឋរស់​នៅភូមិហែក​សំណាញ់ ឃុំ​ម៉ឺន​ជ័យ ប្រាប់វីអូឌី​ថា ពលរដ្ឋ​ជិត​១០០នាក់​ តំណាងឱ្យ១៥២​​គ្រួសារ នៅឃុំម៉ឺនជ័យ និងឃុំធ្មា បាន​នាំគ្នា​ប្រមូល​ផ្ដុំនៅមុខ​សាលាឃុំម៉ឺនជ័យ​ នៅថ្ងៃពុធនេះ ដើម្បីសុំឱ្យអាជ្ញាធរ​ឃុំ​ជួយ​ដោះ​ស្រាយ​ដី​ធ្លី ក្រោយ​ពី​ក្រ​សួង​ធនធានទឹក និងឧតុនិយម ​ឈូស​ឆាយ​សាងសង់ប្រឡាយទឹក ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ដីធ្លី និង​លំនៅឋាន​របស់ពួ​ក​គាត់។

ពលរដ្ឋរូបនេះ ឱ្យដឹងថា កាលពី​ឆ្នាំ​២០១៣ ក្រសួងធនធានទឹក បាន​ប្រើគ្រឿងចក្រកាយប្រឡាយទឹក​ ដោយ​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​ដីស្រែ​២៦​ហិកតា ដី​លំនៅឋាន៨ហិកតា និងផ្ទះ៤៦ខ្នងរបស់​ប្រជាពលរដ្ឋ​​ ហើយ​​មិន​បាន​ដោះ​ស្រាយ​សំណង​ណាមួយ​ជូន​ពលរដ្ឋ​ឡើយ។

លោក ស៊ិន សាម៉េត បន្តថា ក្រោម​គម្រោងអភិវឌ្ឍន៍​ប្រឡាយទឹករបស់ក្រសួង​ បានធ្វើឱ្យប្រជាពលរដ្ឋជួប​បញ្ហាក្នុង​ជីវភាព ជំពាក់បំណុល​​ធនាគារ និងចំណាកស្រុក​ ជាដើម ដោយសារគ្មានដីសម្រាប់​បង្កបង្កើន​ផល និងបាត់បង់ផ្ទះសម្បែង។ លោកថា ដីលំនៅឋានទំហំ៦២៥​ម៉ែត្រការ៉េ និងផ្ទះទំហំ៧ម៉ែត្រគុណ​៨ម៉ែត្ររបស់លោក​ បា​នរងផល​​ប៉ះពាល់​ទាំង​ស្រុង។

លោកបន្ថែមថា៖ «តាំងពីមានការប៉ះពាល់ដីធ្លីប្រជាពលរដ្ឋមក គឺប្រជាពលរដ្ឋចាប់ផ្តើមជំពាក់លុយធនាគារ និងខ្វះស្បៀងអាហារ ព្រោះប្រជាពលរដ្ឋនៅខេត្តស្វាយរៀង មានដីធ្លីតែបន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ ​សម្រាប់​សង់​លំ​នៅ​ឋាន និង​ធ្វើកសិកម្ម។ បើ​រដ្ឋ​មិន​គិត​គូរ​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ទេ តើប្រជាពលរដ្ឋបានអីហូប? អ៊ីចឹង​ពួក​គាត់​មាន​តែ​នាំ​គ្នា​ចំណាក​ស្រុក»

ពលរដ្ឋ​នៅ​ឃុំម៉ឺនជ័យម្នាក់ទៀត អ្នកស្រី ផាត់ សាវ៉ន និយាយថា ក្រោម​គម្រោងអភិវឌ្ឍន៍ប្រឡាយទឹករបស់ក្រសួង​ បានធ្វើឱ្យប៉ះពាល់ដល់ដីលំនៅឋាន ដីស្រែ និងផលដំណាំរបស់ប្រជាពលរដ្ឋ ខណៈដីលំនៅឋានរបស់អ្នកស្រីជាង៣០០ម៉ែត្រការ៉េ និងផលដំណាំហូបផ្លែត្រូវឈូសឆាយចោលទាំងស្រុង។ ពលរដ្ឋរូបនេះបានទាមទារទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយទៅតាមស្ថាន​ភាព​ជាក់​ស្តែង និងតាមតម្លៃទីផ្សារដីនៅតំបន់នោះបច្ចុប្បន្ន។

អ្នកស្រីបន្ថែមថា៖ «ប៉ះពាល់ដំណាំហូបផ្លែគ្រប់យ៉ាងទាំងអស់​ តាំងពីដូង ខ្នុរ ស្វាយ ចេក ម៉ាចប់! មិន​ផ្តល់​សំណង​អី​ឱ្យ​ ចេះតែ​ឈូស​ចោលៗ​ទាំង​អស់ សុំឱ្យទុកអណ្តូងទឹកមួយ​សម្រាប់ប្រើប្រាស់ ក៏មិនបានផង។ អ្នកខ្លះអស់ផ្ទះ អ្នកខ្លះអ​ស់​ដីស្រែ អ្នក​ខ្លះ​អស់ដីភូមិ ពួកខ្ញុំរងទុក្ខលំបាកវេទនាខ្លាំងណាស់»

មេឃុំម៉ឺនជ័យ ​លោក មៃ រឿន មានប្រសាសន៍ថា តាម​គោលការណ៍​ គម្រោងអភិវឌ្ឍន៍ប្រឡាយរបស់ក្រសួងធនធានទឹក គឺ​គ្មាន​ការ​ដោះ​ស្រាយ​សំណងផលប៉ះពាល់ឡើយ។ យ៉ាងណា លោកថា សំណើសុំដោះស្រាយសំណងរបស់ប្រជាពលរដ្ឋនៅព្រឹកមិញនេះ មន្ត្រី​រដ្ឋបាលឃុំបានបញ្ជូន​ទៅ​រដ្ឋបាល​​ស្រុកហើយ ដោយសារ​អាជ្ញាធរ​ឃុំ​គ្មាន​លទ្ធ​ភាព​ក្នុង​ការ​ដោះ​ស្រាយសំណង​ជូន​ពលរដ្ឋ​ក្នុងចំនួនច្រើនបែបនេះទេ។

លោកបន្ថែមថា៖ «បងប្អូនក្រុមប្រឹក្សាឃុំគាត់បានទទួលញត្តិពីប្រជាពលរដ្ឋហើយ ហើយយើងក៏បានបញ្ជូនទៅ​ស្រុក​ហើយដែរ ខាងស្រុកគេសម្រេចយ៉ាងម៉េច​នោះ យើងមិនទាន់ដឹងទេ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីអភិបាលស្រុករំដួល លោក សុខា រាម និង​អ្នកនាំពាក្យក្រសួងធនធានទឹក និង​ឧតុនិយម ​លោក ចាន់ យុត្ថា បានទេ នៅថ្ងៃពុធនេះ។

ប្រធាន​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍​ថា គោលដៅរបស់រដ្ឋាភិបាលដែល​អភិវឌ្ឍ​​ប្រព័ន្ធធារាសាស្ត្រប្រឡាយ​ទឹក​នៅ​តំប​ន់​នោះ គឺដើម្បីកាត់បន្ថយភាពលំបាក និង​ភាព​ក្រីក្រ​របស់​ពលរដ្ឋ។ ប៉ុន្តែលោក​មើល​ឃើញ​ថា ការអភិវឌ្ឍនោះបានបង្កផលប៉ះពាល់ដល់ដីធ្លីពលរដ្ឋ ហើយ​រដ្ឋបែរ​ជាពន្យារពេលកាន់តែយូរ មិនមានយន្ត​ការ​ដោះស្រាយ​ឱ្យបានត្រឹមត្រូវទៅវិញ។

ករណីនេះ លោកថា ការអភិវឌ្ឍនោះ​មិនឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋឡើយ ហើយ​បានធ្វើឱ្យពួកគេកាន់តែក្រីក្រថែម​ទៀត ដោយសារពួកគេគ្មានដីធ្លី​បង្កបង្កើនផលសម្រាប់​លើកកម្ពស់ជីវភាព។

លោកបន្ថែមថា៖ «ក្នុងច្បាប់អស្សាមិករណ៍ នៅពេលដែលរដ្ឋយកដីពលរដ្ឋទៅវិនិយោគ រដ្ឋត្រូវផ្តល់សំណងឱ្យបាន​សមរម្យ មាន​ន័យ​ថា​ ធ្វើ​ឱ្យ​ពលរដ្ឋអាចទទួល​បាន ដែល​ពួកគាត់អាចទៅទិញកន្លែងថ្មី ឬការដោះដូរដែលគាត់ទទួលបានសមស្រប ប៉ុន្តែ​បើ​ការ​ផ្តល់​សំណង ឬការដោះដូរនោះ មិនបានសមស្របទេ និងទទួលយកបានទេ អាហ្នឹងវាមិនមែនជាសំណងសមរម្យទេ អាហ្នឹង​ជាការ​បណ្តេញចេញ ឬអភិវឌ្ឍន៍ដោយបង្ខំហើយ»

បើតាមក្រុម​ប្រជា​ពលរដ្ឋ ពួកគាត់ទាមទារឱ្យ​មាន​ការ​ផ្តល់សំណងសមរម្យលើ​ផលប៉ះពាល់​ផល​ដំណាំ និង​អចលនទ្រព្យផ្សេងៗរបស់​ពួកគាត់ ហើយ​ស្នើ​​អាជ្ញាធរកុំ​ឱ្យ​​មានការរើសអើងលើពួកគាត់ ចំពោះកិច្ចការស្វែងរកដំណោះស្រាយដីធ្លីនេះ និង​សុំឱ្យអាជ្ញាធរឃុំ​សហការគ្នា​ជាមួយប្រជាពលរដ្ឋ ក្នុងការស្វែងរកដំណោះស្រាយដីធ្លីដែលរងផលប៉ះពាល់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ