បទយកការណ៍៖ ជនជាតិដើម​ភាគតិច​កួយ​នៅ​ខេត្តព្រះវិហារ​បារម្ភ​ពី​ការ​បាត់បង់​ភាសាកំណើត

អ្នកស្រី ស៊ិង សាំ ជនជាតិភាគតិចកួយ នៅភូមិប្រមេរុ ឈរកាន់សៀវភៅមានចំណងជើងថា “កួយព្រមីរ៉ើដើម” ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

«កាលកន្លងមក អត់មានបាត់ទៅណាទេ! ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំបារម្ភថាក្រែងមានអ្នកចំណូលច្រើន ក្រែងកូនចៅគេតាមណា៎! ប៉ុន្តែថានៅបច្ចុប្បន្ននេះ សព្វថ្ងៃនេះ មិនទាន់អីទេ និយាយតែភាសាដើមទេ ក្រែងទៅមុខទៀតមើលមិនឃើញ នេះជាការបារម្ភរបស់ខ្ញុំ»។

នេះជាសម្ដីស្ត្រីជាជនជាតិដើមភាគតិចកួយមួយរូប រស់នៅភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានលើកឡើងក្ដីព្រួយបារម្ភអំពីការបាត់បង់ភាសាកំណើតទៅថ្ងៃអនាគត ខណៈអ្នកស្រីមើលឃើញថា ក្មេងជំនាន់ក្រោយខ្លះកំពុងទទួលបានពហុបច្ចេកទេសពីសង្គមថ្មី និងមានស្រ្តីជនជាតិកួយខ្លះកំពុងត្រូវបានរៀបការជាមួយជនជាតិខ្មែរ។

កំពុងឈរនៅខាងមុខផ្ទះដែលមានដំបូងប្រក់ក្បឿងចាស់ ហើយក្នុងដៃកាន់សៀវភៅសុភាសិតកួយ «កួយប្រមី រ៉ើដើម» មានន័យថា ភាសាកួយពីដើម ដែលបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៩ ដោយជនជាតិអាល្លឺម៉ង់។

ជាជនជាតិដើមភាគតិចកួយ អ្នកស្រី ស៊ិង សាំ បានរៀបរាប់ថា អ្នកស្រីនៅតែមានការព្រួយបារម្ភពីការបាត់បង់ភាសាមួយនេះ បើទោះបីជាភាសាកួយនៅភូមិប្រមេរុ មានអាយុកាលតាំងពី​បុរាណមកហើយក៏ដោយ។ អ្នកស្រីបន្តថា សព្វថ្ងៃ ក្មេងៗមិនសូវនិយាយភាសាកួយទេ ភាគច្រើនគេតាមឪពុកម្តាយគេ ហើយសម័យទំនើបជឿនលឿនផង ក្មេងៗនិយមលេងទូរសទ្ទដៃច្រើន ដូច្នេះហើយជាការព្រួយបារម្ភទៅថ្ងៃអនាគត។

អ្នកស្រីថា៖ «ដូចថាបើថាបាត់បង់នោះ បាត់បង់ក្រែងថាផុតពីអស់ខ្ញុំទៅ ក្រែងមានពីណាលុកលុយមកទៀត អត់មានដូចថាអស់ខ្ញុំចាស់ហើយ។ បើថានៅអស់ខ្ញុំ នឹងមិនបាត់បង់ទេភាសា ប៉ុន្តែក្រែងទៅមុខទៀតបាត់បង់ពីចាស់ៗ អស់ខ្ញុំទៅ មិនដឹងទេ»។

ស្រ្តីវ័យ៦៩ឆ្នាំរូបនេះ លើកឡើងថា ពីដើម ប្រមេរុគឺជាភូមិមួយដែលមានជនជាតិដើមភាគតិចកួយច្រើនជាងគេ ហើយបានរក្សាប្រពៃណីចាស់បុរាណ គោរពខ្មោចអារក្សអ្នកតា សែនព្រេនជារៀងរាល់ឆ្នាំ ដើម្បីជាការបង្ហាញដល់ក្មេងជំនាន់ក្រោយឱ្យជួយរក្សា។ អ្នកស្រីបន្តថា ដោយសម័យបច្ចុប្បន្ន ប្រព័ន្ធបច្ចេកទេសទំនើប ការទំនាក់ទំនងគ្នាងាយស្រួល ការប្រកបមុខរបររកស៊ីជឿនលឿន បានធ្វើឱ្យអ្នកចំណូលស្រុកមកយកប្តីប្រពន្ធជនជាតិកួយកាន់តែច្រើន។

អ្នកស្រីនិយាយថា៖ «បារម្ភតើ! ហ្នឹងហើយបានថា! បារម្ភថាបងប្អូនកូនចៅ គេយកប្តីខ្មែរទៅ គេទៅតាមប្តីគេ នៅពេលបានកូនចៅមក ក៏បាត់ភាសាយើង។ តែទៅនៅតាមគេហើយ បាត់ហើយភាសា មិនដែលនិយាយភាសាយើងទេ»។

ស្រដៀងគ្នាដែរ ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរុម្នាក់ទៀត ដែលនៅជាប់របងផ្ទះអ្នកស្រី ស៊ិន សាំ គឺអ្នកស្រី ទេព ទឹម កំពុងអង្គុយនៅក្រោមផ្ទះ មានប្រសាសន៍ថា អ្នកស្រីក៏មានការព្រួយបារម្ភដែរ ជុំវិញរឿងការបាត់បង់ភាសាកួយទៅថ្ងៃអនាគតនេះ។

អ្នកស្រីបន្តថា ​អស់ពីជំនាន់អ្នកស្រីទៅ ភាសាជនជាតិដើមភាគតិចមួយនេះអាចប្រឈមនឹងការបាត់បង់មិនខាន ព្រោះក្មេងៗជំនាន់​ក្រោយចូលចិត្តនិយាយភាសាខ្មែរជាងភាសាដើមរបស់ខ្លួន។

អ្នកស្រី ទេព ទឹម ជនជាតិដើមភាគតិចកួយ អង្គុយនៅក្រោមផ្ទះ ស្ថិតនៅភូមិប្រមេរុ ខេត្តព្រះវិហារ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
អ្នកស្រី ទេព ទឹម ជនជាតិដើមភាគតិចកួយ អង្គុយនៅក្រោមផ្ទះ ស្ថិតនៅភូមិប្រមេរុ ខេត្តព្រះវិហារ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

អ្នកស្រីថា៖ «ខ្ញុំបារម្ភទៅថ្ងៃអនាគត កូនចៅយើងមានយកប្រពន្ធខ្មែរ អ្វីខ្លះទៅ គេអត់និយាយភាសាទៅ ធ្វើឱ្យភាសាជនជាតិបាត់បង់។ ក្រោយពីពួកខ្ញុំទៅ ខ្ញុំមានការបារម្ភថា ១០ឆ្នាំ ឬទៅ២០ឆ្នាំទៀត វានឹងបាត់បង់ហើយ ដោយសារមានអ្នកចំណូលច្រើន ហើយក្មេងឥលូវចូលចិត្ត ដូចថាចង់និយាយខ្មែរដូចគេ វាទំនើបអ៊ីចឹងទៅណា៎! បើនៅចាស់ៗជំនាន់នេះ មិនអីទេ តែបារម្ភថ្ងៃខាងមុខទៀត»។

អ្នកស្រី ទេព ទឹម ​បញ្ជាក់ថា បញ្ហាប្រឈមដែលអាចបណ្តាលឱ្យបាត់បង់ភាសាកំណើតនោះ គឺថាជនជាតិដើមខ្លួនឯងធ្វើការចំណាកស្រុកច្រើន យកប្តីប្រពន្ធខ្មែរ ទៅរស់នៅតាមខេត្តផ្សេងៗ។

អ្នកស្រីបញ្ជាក់ថា៖ «បញ្ហាប្រឈមគឺថាបើគេទៅខាងខ្មែរ [ប្តី ឬប្រពន្ធខ្មែរ] គេនិយាយតែខ្មែរទេ ជាមួយប្រពន្ធកូនគេ។ ហើយភាគច្រើនអ្នកដែលទៅយកខ្មែរ [ប្តី ឬប្រពន្ធ] គេអត់សូវបានមកនៅស្រុកភូមិយើងទេ នៅតែជាមួយប្តីប្រពន្ធគេ»។

មិនខុសគ្នានេះដែរ ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរុម្នាក់ទៀត លោក ស៊ុត សាវ៉ន់ កំពុងឈរនៅក្រោមផ្ទះ ពាក់កន្សែងក្រហមផ្កាផងនោះ បានរៀបរាប់ទាំងទឹកមុខ​ស្រពោនថា បញ្ហា​បាត់បង់ភាសាកំណើតក៏អាចពាក់ព័ន្ធទៅនឹងបញ្ហា​បាត់បង់ព្រៃឈើរបស់សហគមន៍ផងដែរ។

លោកបន្តថា ការបាត់បង់ព្រៃឈើដែលជាកន្លែងជំនឿរបស់ដូនតា​ និងជាកន្លែងសម្រាប់ជនជាតិកួយពឹងអាស្រ័យអនុផលព្រៃឈើដើម្បីចិញ្ចឹមជីវិត។ លោក​ថា កាលណាតែបាត់បង់ដីធ្លី ព្រៃឈើ អាចធ្វើឱ្យពួកគាត់បាត់បង់អត្តសញ្ញាណ បាត់បង់នូវការងារ រហូតឈានដល់ចំណាកស្រុក ជាដើម។

លោក ស៊ុត សាវ៉ន់ ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរុ ខេត្តព្រះវិហារ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
លោក ស៊ុត សាវ៉ន់ ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរុ ខេត្តព្រះវិហារ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

លោកបន្តថា៖ «កាលណាតែបាត់បង់អស់នូវព្រៃឈើ បាត់បង់នូវដីធ្លីទាំងនោះ វាហាក់ដូចជាការបាត់បង់នូវស្វ័យអត្តសញ្ញាណរបស់គាត់ ព្រោះព្រៃឈើគឺជាជំនឿ ដោយចាស់ៗកន្លងមកធ្លាប់ជឿដើមឈើធំៗ ជឿលើអារក្សទេវតាផ្សេងៗ ហើយវាជាមុខរបររបស់គាត់តាំងពីដូនតាមករហូតតកូនតចៅគាត់ ចូលព្រៃរកអនុផលព្រៃឈើ។ កាលណាតែបាត់បង់អនុផលព្រៃឈើ​ គាត់អត់មានការងារធ្វើ កាលណាគាត់អត់មានការងារធ្វើ គាត់ចំណាកស្រុក កាលណាគាត់ចំណាកស្រុក គឺធ្វើឱ្យគាត់អាចបាត់បង់នូវភាសារបស់គាត់»។

បុរសវ័យ៣៧ឆ្នាំរូបនេះបានឱ្យដឹងទៀតថា នៅពេលជនជាតិដើមភាគតិចកួយបាត់បង់ប្រពៃណី បាត់បង់អាជីពប្រមូលជ័រច្បោះ បាត់បង់ធនធានធម្មជាតិរបស់ដូនតា ប្រាដកណាស់ពួកគាត់នឹងចំណាកស្រុក។ លោកថា កាលណាពួកគាត់ចំណាកស្រុក ពួកគាត់នឹងយកប្តីឬប្រពន្ធនៅតាមបណ្តាខេត្តនានា ហេតុដូច្នេះហើយធ្វើឱ្យការប្រើប្រាស់ភាសាកំណើតចេះតែថយចុះ។ ​

លោកបន្តថា ប្រុសស្រីជំនាន់លោកមិនសូវមានអ្នកយកប្តីប្រពន្ធជនជាតិកួយខ្លួនឯងប៉ុន្មានទេ ដោយភាគច្រើនរៀបការហើយទៅរស់នៅខេត្តផ្សេងៗ។

លោកនិយាយថា៖ «ជាក់ស្តែង ប្រសិនបើគាត់ទៅប្រទេសក្រៅ ទៅខេត្តផ្សេងៗ អ៊ីចឹងទេគាត់អត់មានអ្នកនិយាយភាសាជនជាតិដើមទេ។ កាលណាតែអត់មានអ្នកនិយាយភាសាជនជាតិដើម វាធ្វើឱ្យបាត់បង់នូវវប្បធម៌ប្រពៃណីរបស់ពួកគាត់ បាត់បង់ភាសារបស់គាត់»។

ជនជាតិដើមភាគតិចរូបនេះ ស្នើឱ្យក្រសួង ឬមន្ទីរពាក់ព័ន្ធ គួរតែដាក់បង្រៀនភាសាកួយនៅតាមសាលា ឬបើកជាមជ្ឈមណ្ឌលបង្រៀនភាសាកួយដើម្បីជួយលើកកម្ពស់ភាសា វប្បធម៌ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរ ឱ្យបានគង់វង្ស។  ​

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មេឃុំប្រមេរុ លោក សិម លេម បានឱ្យដឹងថា ជនជាតិដើមភាគតិចកួយ នៅឃុំប្រមេរុ ​មានចំនួន៦៨០គ្រួសារ ហើយជនជាតិខ្មែរ ៨២គ្រួសារ។

លោកបន្តថា ភាសាកួយនៅក្នុងឃុំលោកមិនអាចបាត់បង់ទៅណានោះទេ ព្រោះចំនួនជនជាតិកួយច្រើនជាងខ្មែរ ហើយពួកគាត់និយមនិយាយភាសាកួយសឹងតែទាំងអស់។

មេឃុំប្រមេរុ លោក សិម លេម ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការប្រើប្រាស់ភាសាជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
មេឃុំប្រមេរុ លោក សិម លេម ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការប្រើប្រាស់ភាសាជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

លោកថា៖ «រឿងភាសានេះ ខ្ញុំថាមិនអាចនរណាទៅបំបែកអីបានទេ មិនបាត់ទេ ដោយសារថាអញ្ចេះ ដូចខ្ញុំបាននិយាយខាងដើមហើយថាបងប្អូនយើងនៅតែនិយាយភាសាកួយទាំងក្មេង ទាំងចាស់ គេច្រើននិយាយតែភាសាកួយ។ បើដូចគេខាងនោះៗ ដូចឃុំគេខាងនោះៗ អត់ទេ! ក្មេងសាក្រោយ​ វាអត់ប្រើភាសាកួយ ឪពុកម្តាយគេកួយ គេនិយាយ គេអត់និយាយភាសាកួយទេ ដល់ក្មេងសាក្រោយនិយាយតែខ្មែរដែរ»។

លោកមេឃុំរូបនេះបានបន្ថែមថា ​​លោកតែងតែប្រាប់ជនជាតិដើមភាគតិចកួយទាំងក្មេងទាំងចាស់ឱ្យជួយរក្សាភាសាដើមនៃអម្បូរកួយរហូត។ លោកបន្តថា បើទោះបីជាភាសាកួយមិនមានអក្សរសរសេរក៏ដោយ ប៉ុន្តែចាស់ៗជំនាន់មុននិយាយបានយ៉ាងស្ទាត់ជំនាញ អាចចែករំលែកនិងបង្រៀនដល់កូនចៅជំនាន់ក្រោយបាន មិនឱ្យបាត់បង់ទេ។

លោកបញ្ជាក់ថា៖ «ខ្ញុំប្រាប់បងប្អូនយើងឱ្យរក្សាដែរ យើងមិនអាចចោលបានទេ យើងនៅតែរក្សាដដែល ព្រោះយើងវាកួយតាំងពីដើមមក យើងមិនឱ្យបាត់ទេ សូម្បីតែក្មេងជំនាន់ក្រោយ ក៏យើងនៅតែឱ្យជួយថែរក្សាភាសាដើមកួយអ៊ីចឹង»។

ចំណែកប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ លោក ចេង​ លឹមហ៊ា​ន់ បានឱ្យដឹងថា ក្រសួងមិនទាន់មានកម្មវិធីអប់រំពីរភាសានោះទេ​។ យ៉ាងណា តាមការសង្កេតរបស់លោកមើលឃើញថា នៅខាងឃុំប្រមេរុ ខេត្តព្រះវិហារ ហាក់មានការអភិរក្សភាសាកួយជាងខេត្តនានា។ ដូច្នេះមិនមានអ្វីចោទជាបញ្ហាក្នុងការបាត់បង់ភាសាកួយនោះឡើយ។

លោកថា៖ «កន្លងមក ទាក់ទងនឹងភាសាកួយនេះ យើងឃើញថាមានតែខាងប្រមេរុ ហាក់ដូចជាមានការអភិរក្សច្រើនជាងគេ នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារទាំងមូល។ ខាងប្រមេរុ គេនិយមនិយាយភាសាកួយនៅក្នុងគ្រួសារគេ បើនៅសាលារៀន និយាយភាសាខ្មែរធម្មតា ប៉ុន្តែយើងមិនមានកម្មវិធីអប់រំពីរភាសាទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ក្រសួងអប់រំ និងមន្រ្តីពាក់ព័ន្ធ គួរមានវិធានការបញ្ជ្រាបការយល់ដឹង និងពង្រឹងភាសាកួយនៅតាមសាលាក្នុងតំបន់ដែលជនជាតិដើមភាគតិចកួយរស់នៅ។

លោកបន្តថា រដ្ឋចាំបាច់ណាស់ត្រូវចូលរួមលើកស្ទួយសិទ្ធិជនជាតិដើមភាគតិចកួយ ដើម្បីចូលរួមរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ។

លោកមានប្រសាសន៍ថា៖ «ដើម្បីអាចឱ្យរក្សាប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ពួកគាត់ ជាពិសេសទៅនឹងអត្តសញ្ញាណរបស់ពួកគាត់នោះ គឺរដ្ឋគួរណាមានកម្មវិធីបញ្ជ្រាបញ្ចូលទៅនឹងក្រសួងអប់រំ ចំណុចទី១! ហើយទី២ រដ្ឋ ទោះបីអត់មាននៅក្នុងកម្មវិធីរបស់ក្រសួងអប់រំនាពេលបច្ចុប្បន្នក៏ដោយ រដ្ឋគួរណាតែមានការពង្រឹង ក៏ដូចជាការលើកស្ទួយសិទ្ធិជនជាតិដើមនៅតាមតំបន់មួយចំនួន ចៀសវាងបាត់បង់អត្តសញ្ញាណរបស់គាត់»។

អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា កាលពីដើមឆ្នាំ២០១៧ បង្ហាញថា ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន២៤ក្រុម ឬ២៤អម្បូរ នៅខេត្តចំនួន១៥ ក្នុងនោះ ខេត្តរតនគិរី មណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តក្រចេះ មានចំនួនជនជាតិដើមភាគតិចរស់នៅច្រើនជាងគេ។

នាយកប្រតិបត្តិអង្គការជនជាតិដើមភាគតិចកម្ពុជា លោក ហ៊ាន ប៊ុនហៀង ធ្លាប់បញ្ជាក់ប្រាប់វីអូឌីថា មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីចំនួនជនជាតិដើមភាគតិចនៅឡើយទេ ប៉ុន្តែលោកប៉ាន់ប្រមាណថា បច្ចុប្បន្នអាចមានចំនួនជនជាតិដើមភាគតិចប្រមាណ៤០ម៉ឺននាក់ ឬស្មើប្រមាណ ២ភាគរយនៃប្រជាជនកម្ពុជាសរុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ