ជនជាតិដើម​ស្នើ​រដ្ឋាភិបាល​ដាក់​ធាតុ​ចូល​របស់​ខ្លួន​ក្នុង​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​តំបន់​ការពារ​ធនធាន​ធម្មជាតិ និង​ច្បាប់​ព្រៃឈើ

តំណាងជនជាតិដើមភាគតិចថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់តំណាងសហគមន៍ជនជាតិដើមភាគតិច ស្ដីពី លទ្ធផលប្រមូលធាតុចូលក្នុងសេចក្ដីព្រាងវិសោធនកម្មច្បាប់តំបន់ការពារធម្មជាតិ និងច្បាប់ព្រៃឈើ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ុយ ឧស្សាហ៍)

​តំណាង​ជនជាតិដើមភាគតិច សម្ដែងក្ដីព្រួយបារម្ភ​អំពីការបាត់បង់ធនធានធម្មជាតិ និងព្រៃឈើនៅតាមសហគមន៍របស់ពួកគេ និងបានស្នើឱ្យក្រសួងពាក់ព័ន្ធដាក់​​ធាតុចូលរបស់ពួកគេក្នុងសេចក្ដីព្រាងវិសោធនកម្មច្បាប់ទាំងពីរ​។ ការស្នើនេះធ្វើឡើងនៅក្នុងសន្និសីទកាសែតរៀបចំដោយតំណាងជនជាតិដើមភាគតិច នៅរាជធានីភ្នំពេញ កាលពីថ្ងៃ​ទី៨ ខែកញ្ញា​។

មុននឹងធ្វើសន្និសីទកាសែតនេះ​ សហគមន៍ជនជាតិដើមភាគតិចជាង១៥០នាក់ កាលពី​ពាក់កណ្ដាលខែសីហា បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់នៅ​ខេត្តសៀម​​រាប រៀបចំដោយរដ្ឋាភិបាល ប៉ុន្តែក្រុមជនជាតិដើមភាគតិចក៏ត្រូវបានរដ្ឋាភិបាលអញ្ជើញឱ្យចូលរួម ដើម្បីផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ និងច្បាប់ស្តីពីព្រៃឈើ។

ថ្លែងនៅក្នុងសន្និសីទកាសែត តំណាងជនជាតិដើមភាគតិចកួយ​ លោក អ៊ំ ប៊ុនថន បានបង្ហាញក្ដីបារម្ភអំពីខ្លឹមសារមួយចំនួនដែលមាននៅក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ ក្នុងនោះ លោកថាមានដូចជាការប្តូរពាក្យ ​«ជនជាតិដើមភាគតិច» ទៅជា «សហគមន៍មូលដ្ឋាន» ឬការដកពាក្យ «ចម្ការវិលជុំ» ចេញពីច្បាប់ដើម ជាដើម។ ​

លោកថា​៖ «កន្លងមក ​ដោយសារ​ច្បាប់ហ្នឹង វាអត់ទាន់ពិតប្រាកដកន្លែងណា ​ដល់ពេល​អនុវត្តទៅប៉ះពាល់ដល់ប្រជាពល​រដ្ឋ​ជនជាតិដើមភាគតិច​ ដែលមានការតវ៉ា​ ការដាក់ពាក្យបណ្ដឹង​ ការស្រែកយំអ៊ីចឹងទៅ។ កាលណាអត់ដាក់ចូល បាត់បង់ប្រពៃណីវប្បធម៌​របស់ពួកយើង។ ជនជាតិដើមភាគតិច​អត់មានដូចបងប្អូនខាងចាម​ គាត់មានវិហារ​គោរពបូជារបស់គាត់​ បងប្អូនគ្រិស្តបរិស័ទមាន​វិហាររបស់គាត់​ តែជនជាតិភាគតិចមានជំនឿតាមព្រៃឈើ​ តាមភ្នំផ្សេងៗ ​ឱ្យតែ​ដូនតាចាត់ទុកជាទីសក្ការៈបូជា​ ទោះបីឆ្ងាយ១០គីឡូ ក៏យើងទៅគោរពបូជា​»។

លោកបន្តថា​ ជនជាតិដើមភាគតិចមិនទាន់ដឹងពីខ្លឹមសារនៃសេចក្ដីព្រាងវិសោធនកម្មច្បាប់ទាំងពីរនេះទាំងស្រុងនៅឡើយទេ តែយ៉ាងណា លោកថា សហគមន៍ជនជាតិដើមភាគតិចទាំងអស់មានការបារម្ភថា ​ប្រសិនបើពួកគេមិនបានចូលរួមក្នុងការដាក់ធាតុចូល និងចូលរួម​លើកឡើងពី​ស្ថានភាពជាក់ស្ដែងរបស់ជនជាតិដើមភាគតិចនោះទេ ពួកគេបារម្ភថា ​សេចក្ដីព្រាងវិសោធនកម្មច្បាប់ទាំងពីរនេះ​នឹង​ធ្វើឱ្យបាត់បង់ផលប្រយោជន៍​របស់ពួកគេ​។

អ្នកសម្របសម្រួលបណ្ដាញជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភារម្យ បានលើកឡើងថា​ កន្លងទៅ​ ដោយសារតែ​ការបង្កើតច្បាប់​មួយចំនួន​មិនបាន​ផ្សព្វផ្សាយ​ទៅកាន់ជនជាតិដើមភាគតិច​ ដែលជាហេតុធ្វើឱ្យ​មានជនខិល​ខូច​បានបោកប្រាស់​ ក្លែងបន្លំឯកសារ និងពេលខ្លះដោយមាន​ការ​ចូលរួមប្រព្រឹត្ត​របស់មន្រ្តីមូលដ្ឋានផងនោះ​​ ជាហេតុធ្វើឱ្យ​ប៉ះពាល់ផលប្រយោជន៍របស់ជនជាតិដើមភាគតិច​។​

អ្នកស្រីថា​៖ «គ្រាន់តែច្បាប់កន្លងទៅ ​ដែលរដ្ឋាភិបាលបាន​តាក់តែង ច្បាប់ផ្សេង​ៗ​ ធ្វើឱ្យជនជាតិដើមភាគតិចរងគ្រោះទៅហើយ​ ធ្វើឱ្យជនជាតិដើមភាគតិចជាប់គុកច្រវាក់​​ ចុះទម្រាំគាត់កែប្រែច្បាប់ថ្មី តើពួកខ្ញុំ​យ៉ាងណា​?»

អ្នកសម្របសម្រួល​បណ្ដាញ​ជនជាតិដើមភាគតិច ​លោក​ សាមឿន វុទ្ធី បានលើកឡើងថា ​បន្ទាប់ពីមានការជួបជាមួយភាគី​ពាក់​ព័ន្ធ​ ដូចជា ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ជាដើម ​​លោកមានសង្ឃឹម​ថា ភាគីពាក់ព័ន្ធនឹងលើកយកក្ដីកង្វល់​របស់សហគមន៍ជនជាតិដើមភាគតិច និងទទួលយកធាតុចូល​របស់សហគមន៍ដាក់នៅក្នុងសេចក្តីព្រាងវិសោធនកម្មច្បាប់ ដើម្បីការពារប្រយោជន៍របស់សហគមន៍ជនជាតិដើម​​ភាគតិច។

លោក សាមឿន វុទ្ធី ថាសហគមន៍ និងអង្គការជនជាតិដើមភាគតិច​ នៅតែបន្ត​លើកឡើងពីកង្វល់របស់ខ្លួនជាមួយក្រសួងពាក់ព័ន្ធ។

លោកថា៖ «សម្រាប់ជនជាតិដើមភាគតិច​ ករណីនេះជាករណីអាទិភាព ​ដោយសារតែវាជារឿងប្រវត្តិសាស្រ្ត​ ដែលពាក់ព័ន្ធនឹងជនជាតិដើមភាគតិច​ ដោយសារតែជនជាតិដើមភាគតិចអាស្រ័យផលលើអនុផលព្រៃឈើ​ និងធនធានធម្មជាតិ ដើម្បីមុខរបរចញ្ចឹមជីវិត។​ ដូច្នេះប្រសិនបើច្បាប់ហ្នឹងមិន​ចែងមកទូលាយទេ សិទ្ធិរបស់ជនជាតិដើមភាគតិចនឹងត្រូវបាត់បង់»។ ​

វីអូឌី ​មិនទាន់​អាច​សុំការឆ្លើយតបពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភក្ដ្រា​ និងរដ្ឋមន្រ្តីក្រសួង​កសិកម្ម លោក វេង សាខុន អំពីគម្រោងធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះបាននៅឡើយទេ នៅថ្ងៃ​សុក្រនេះ។

ចំណែកអ្នកនាំពាក្យក្រសួងមហាផ្ទៃ​ លោក ខៀវ សុភ័គ​ បានបង្វែរ​សំណួរឱ្យទៅសួរក្រសួងកសិកម្មវិញ​។

ការសិក្សារបស់​អង្គការទិន្នន័យដើម្បីការអភិវឌ្ឍ ឱ្យដឹងថា ជនជាតិដើមភាគតិចបានគ្រប់គ្រងតាមបែបប្រពៃណីលើដីប្រហែល៤លានហិកតានៃតំបន់ព្រៃដាច់ស្រយាល និងតំបន់ព្រៃស្មោង។ សុខុមាលភាពរយៈពេលវែងនៃវប្បធម៌របស់ជនជាតិដើមភាគតិច ត្រូវបានផ្សារភ្ជាប់យ៉ាងរឹងមាំជាមួយនឹងប្រព័ន្ធនៃការប្រើប្រាស់ដីរបស់ពួកគេ និងការទទួលបានការប្រើប្រាស់ធនធានព្រៃឈើ។ ពួកគេប្រកបរបរកសិកម្មវិលជុំ និងចិញ្ចឹមសត្វ រួមផ្សំនឹងការចូលទៅក្នុងព្រៃប្រមូលផល។

អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានរាយការណ៍ថា សម្បទានដីសេដ្ឋកិច្ច សម្បទានរ៉ែ និងទំនប់វារីអគ្គិសនី ការរំលោភយកដី ការបំផ្លាញព្រៃឈើ និងការកាប់ឈើខុសច្បាប់ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ក្រុមជនជាតិដើមភាគតិច ក្នុងពេលកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ