ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ (Elizabeth II) របស់​អង់គ្លេស​បាន​សោយទិវង្គត​ក្នុង​ព្រះជន្ម​៩៦​ព្រះវស្សា

ម្ចាស់ក្សត្រី Elizabeth របស់​ចក្រភព​អង់គ្លេស ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ នៅ​ក្នុង​ទីក្រុង Folkestone ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥។ (REUTERS/Chris Jackson)

ព្រះមហាក្សត្រី អេលីហ្សាប៊ែត​ទី២ (Elizabeth II) ដែល​ជា​ក្សត្រមួយអង្គ​សោយ​​រាជ្យ​យូរ​ជាង​គេ​របស់អង់​គ្លេស និង​ក្នុង​ចំណោម​ស្ដេច​ដែល​សោយ​រាជ្យយូរ​បំផុត​ក្នុងពិភពលោក បានសោយទិវង្គតក្នុងព្រះជន្ម៩៦ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera

ព្រះរាជវាំងបាក់ឃីងហ៊ែម (Buckingham) បានប្រកាសថា ទ្រង់បានសោយទិវង្គត នៅឯវិមានបល​ម៉ូរ៉ល (Balmoral) ក្នុងប្រទេសស្កុតឡេន។

ព្រះរាជវាំងបាក់​ឃីង​ហ៊ែម (Buckingham) បាន​និយាយ​នៅក្នុងសេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ព្រះ​មហាក្សត្រី​ អេលីហ្សា​ប៊ែត​ទី២ [Elizabeth II] បានសោយទិវង្គត​នៅឯវិមានបល​ម៉ូរ៉ល [Balmoral] នៅរសៀលនេះ [ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២]»។

បន្ទាប់ពីទទួលដំណឹងថា ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ (Elizabeth II) សោយទិវង្គត មានសារចូលរួម​រំលែក​ទុក្ខ​ពី​អ្នក​នយោបាយ និង​ថ្នាក់​ដឹកនាំ​ជុំវិញ​ពិភពលោកជាបន្តបន្ទាប់។

លោកស្រី លីស ត្រាស់ (Liz Truss) ដែលជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី បានមានប្រសាសន៍ថា៖ «ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ [Elizabeth II] គឺជាស្ថាបនិកប្រទេសអង់គ្លេស​សម័យ​ទំនើប។ ប្រទេស​របស់​យើងបាន​រីក​ចម្រើន និ​ងរុ​ង​រឿង ​ក្រោម​រជ្ជកាលរបស់ទ្រង់»។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតធឺរ៉េស (Antonio Guterres) បាននិយាយ​ថា៖ «ក្នុងនាមជាប្រមុខរដ្ឋដែលមានព្រះជន្មវែងបំផុត និងសោយរាជ្យយូរបំផុតរបស់អង់គ្លេស ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ [Elizabeth II] ត្រូវបានស្ងើចសរសើរចំពោះព្រះគុណ សេចក្តីថ្លៃថ្នូរ និងការលះបង់របស់ទ្រង់នៅជុំវិញពិភពលោក»។

បុត្រាច្បងរបស់ព្រះមហាក្សត្រី អេលីហ្សាប៊ែត (Elizabeth) គឺព្រះអង្គម្ចាស់ឆាលស៍ (Charles) ព្រះជន្ម៧៣ព្រះវស្សា នឹងក្លាយជាព្រះមហាក្សត្រ​​ថ្មី​របស់អង់គ្លេសដោយស្វ័យប្រវត្តិ និង​ជាប្រមុខ​រដ្ឋ​នៃ​រាជបុរី​ចំនួន១៤ផ្សេងទៀត រួមទាំងប្រទេសអូស្ត្រាលី កាណាដា និងនូវែលសេឡង់។

គួរបញ្ជាក់ថា ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ (Elizabeth II) ប្រសូត្រ​​កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ និងបានគ្រងព្រះសិរីរាជ្យសម្បត្តិតាំងពីទ្រង់មានព្រះជន្ម២៥ព្រះវស្សា​ ក្នុង​ឆ្នាំ១៩៥២ បន្ទាប់ពីព្រះបិតារបស់ទ្រង់ព្រះនាម ហ្សកទី៦ (George VI) សោយទិវង្គត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ