បុគ្គលិកសាកលវិទ្យាល័យជាង៧ម៉ឺននាក់នៅអង់គ្លេស នឹងធ្វើកូដកម្មរយៈពេល១៨ថ្ងៃទាមទារប្រាក់ឈ្នួលសមរម្យ

បាតុករ​កាន់​បដាតវ៉ា ខណៈ​បុគ្គលិកនិង​និស្សិត​នៅ​សាកលវិទ្យាល័យ Liverpool ចូលរួម​ការ​ជួប​ជុំ​ក្នុង​អំឡុង​ពេល​ថ្ងៃ​នៃ​ការ​ធ្វើ​កូដកម្ម នៅ​ក្នុង​ទីក្រុង Liverpool ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ (REUTERS/Phil Noble)

សហជីពសាកលវិទ្យាល័យ និង​មហាវិទ្យាល័យ (UCU) បាន​និយាយកាល​ពី​ថ្ងៃព្រ​ហស្បតិ៍​ថា បុគ្គលិក​ជាង៧០ ០០០នាក់ មក​ពី​សាកលវិទ្យាល័យ​ចំនួន​១៥០ នៅទូទាំងប្រទេសអង់គ្លេស នឹង​ធ្វើកូដកម្មរយៈពេល១៨​ថ្ងៃ នៅ​ចន្លោះ​ខែ​កុម្ភៈ និងខែមីនា ខាងមុខនេះ ជុំវិញប្រាក់ឈ្នួល លក្ខ​ខណ្ឌ​ការ​ងារ និងប្រាក់សោធននិវត្តន៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ។

អគ្គលេខាធិការសហជីពសាកលវិទ្យាល័យ និងមហាវិទ្យាល័យ (UCU) លោកស្រី ចូ ហ្គ្រាឌី (Jo Grady) បាននិយាយថា៖ «ពេលវេលាកំពុងខិតជិតមកដល់ ដើម្បីឱ្យបណ្ដាសាកលវិទ្យាល័យបង្កើតកិច្ចព្រមព្រៀងមួយ បើមិនដូច្នេះទេ នឹងមានវិវាទពេញមួយនិទាឃរដូវនេះ»។

សហជីពដែលតំណាងឱ្យសាស្ត្រាចារ្យ គ្រូបណ្តុះបណ្តាល បណ្ណារក្ស និង​បុគ្គលិកវិជ្ជាជីវៈ​ នៅតាម​មហាវិ​ទ្យាល័​យ និង​សាកលវិទ្យាល័​យ បាន​និយាយថា ខ្លួន​កំពុង​ទាម​ទារ​ប្រាក់​ឈ្នួល​សមរម្យ​ បន្ទាប់ពីនិយោជកបានកំណត់ការដំឡើងប្រាក់ឈ្នួល ៣% ក្រោយទទួលបានប្រាក់ឈ្នួលក្រោមអតិផរណាជាងមួយទសវត្សរ៍។

ខណៈអង់គ្លេសប្រឈមនឹងអតិផរណាខ្ពស់ នាយករដ្ឋមន្ត្រីអង់គ្លេស​ លោក រីឈី ស៊ូណាក់ (Rishi Sunak) ស្ថិតនៅក្រោមសម្ពាធ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចដែល​បានកើតឡើងក្នុងប្រទេស​នេះតាំងពីឆ្នាំមុន។

កូដកម្មនេះនឹងមានការរំខានដល់សេវាសំខាន់ៗ ដូច​ជា ការថែទាំសុខភាព និងការដឹកជញ្ជូនតាមផ្លូវដែក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ