ពលរដ្ឋ​​​​ខេត្តពោធិ៍សាត់​ស្នើ​ឱ្យ​អាជ្ញាធរ​ធ្វើ​ប្លង់​ដី​ស្រែ​ថ្មី​ ​ក្រោយ​ដី​ពួក​គាត់​ប៉ះពាល់​ពី​ការ​​ធ្វើ​ប្រឡាយ​ទឹក

ទិដ្ឋភាពប្រឡាយទឹក គម្រោងអភិវឌ្ឍន៍ស្ទឹងពោធិ៍សាត់ទំនប់លេខ៣ និងទំនប់លេខ ៥ ជំហានទី២ នៃប្រព័ន្ធធារាសាស្ត្រភូមិដំណាក់អំពិល-វត្តលួង ដាក់សម្ពោធនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ថតកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

ពលរដ្ឋមួយចំនួននៅខេត្តពោធិ៍សាត់​ បន្តស្នើឱ្យអាជ្ញាធរពន្លឿនការធ្វើប្លង់ដីស្រែជូនពួកគាត់ ខណៈដីស្រែពួកគាត់ជាច្រើនគ្រួសារត្រូវបានប៉ះពាល់ដោយគម្រោងធ្វើប្រឡាយទឹកជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគាត់នៅពុំទាន់មានប្លង់ថ្មីសម្រាប់យកទៅប្រើប្រាស់នៅឡើយទេ។

ពលរដ្ឋរស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ លោក នូ រ៉េន បានរៀបរាប់ថា លោកឯកភាពសម្រាប់ការអភិវឌ្ឍ ប្រឡាយទឹកជូនប្រជាពលរដ្ឋ និងទទួលបានសំណងសមរម្យ​ពីរដ្ឋ​កាលពីអំឡុងឆ្នាំ២០១៥។

ប៉ុន្តែលោកថា រហូតមកទល់ពេលនេះពលរដ្ឋដែលរងផលប៉ះពាល់ដីស្រែទាំងនោះនៅមិនទាន់មានប្លង់ដីថ្មី ស្របពេលអាជ្ញាធរធ្លាប់សន្យា​​ថា នឹងធ្វើប្លង់ដីស្រែថ្មីឡើងវិញជូនពលរដ្ឋ​។

បញ្ហានេះ លោកធ្លាប់​ស្នើទៅអាជ្ញាធរ​ជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែនៅតែមិនទាន់ទទួលបានការឆ្លើយតបជាវិជ្ជមាននៅឡើយ។ ​

លោកនិយាយថា៖«យើងចង់ឱ្យអាជ្ញាធរញែកប្លង់ឱ្យយើង ព្រោះអីកាលជីកប្រឡាយនឹងគាត់បានសន្យាឱ្យយើងថា ក្រោយពីជីកប្រឡាយរួច គាត់នឹងញែកប្លង់ឱ្យយើង ហើយមកទល់ឥឡូវនេះ តាំង២០១៥​វាយូរឆ្នាំហើយដែរ ហើយចៅហ្វាយខេត្តដូរអស់បីហើយ នៅតែមិនអាចញែកប្លង់ឱ្យយើងបាន‍»។

លោក នូ រ៉េន ជាពលរដ្ឋរស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ កាលពីថ្ងៃ២១ ខែសីហាឆ្នាំ២០២២ បាន​ប្រាប់អ្នកសារព័ត៌មាន ដោយស្នើសុំប្លង់កម្មសិទ្ធិថ្មីសម្រាប់ដីស្រែរបស់ខ្លួនដែលត្រូវបានពុះធ្វើប្រឡាយទឹកកាលពីឆ្នាំ២០១៥។ (ពក ខឺយ)

បុរសវ័យ ៥៥ឆ្នាំរូបនេះ​ឱ្យដឹងទៀតថា ដីស្រែរបស់លោកដែលរងផលប៉ះពាល់ពីការឈូសពុះប្លង់កាលពីអំឡុងឆ្នាំ២០១៥នោះ មានទំហំ​ជាង ៣០០អា ហើយត្រូវបានពុះអស់នៅសល់ប្រហែលជា ១០អា​ ប៉ុណ្ណោះ។

លោកបន្តថា ទោះបីដីនៅសល់ប៉ុណ្ណាក៏ដោយ តែលោកចង់ឱ្យរដ្ឋមានការទំនួលខុសត្រូវ ដោយចេញប្លង់ថ្មីជូនប្រជាពលរដ្ឋ ដើម្បីទុកប្រើប្រាស់តាមតម្រូវការ ព្រោះប្លង់ដីគឺសំខាន់ណាស់ សម្រាប់ការពារដី និងប្រើប្រាស់ក្នុងស្ថានភាពចាំបាច់។

លោកនិយាយថា៖«មើលដីពូហ៎ នៅណោះម៉ាប៉ែកទៅ នៅខាងណោះតិចទៅ។ អាហ្នឹងហើយ ពេលដែលត្រូវការប្លង់ហ្នឹងហើយទៅប្រើប្រាស់ផ្សេងទៀត។ ឧទាហរណ៍ដាក់ទៅធនាគារ យើងអត់មានអី មានតែប្លង់ចាស់ទៅ ប្លង់ចាស់យកមកមើល គេពិនិត្យប្លង់ចាស់ទៅលើដីទៅវាល គេមិនយកទេ ដោយសារអីប្លង់ដីយើងធំមែន តែកាត់ជាចំណីប្រឡាយអស់ហើយហ្នឹង សល់តិច»។

ស្រដៀងគ្នានេះដែរ ពលរដ្ឋរស់នៅភូមិដំណាក់អំពិស សង្កាត់លលកស មួយរូបទៀត អ្នកស្រី សែន រំចង់ បានឱ្យដឹងថា អាជ្ញាធរបានពុះដីស្រែរបស់អ្នកស្រីជាប់ដីលំនៅឋាននោះ ​កាលពីអំឡុងឆ្នាំ២០១៥ ដើម្បីធ្វើប្រឡាយទឹក ប៉ុន្តែអ្នកស្រីក៏ទទួលបានសំណងពីរដ្ឋ​ចំនួន ២លានរៀនហើយដែរ។

អ្នកស្រីបន្តថា ចំពោះបញ្ហាប្លង់ដីចាស់របស់អ្នកស្រីគ្មានប្រសិទ្ធភាពសម្រាប់ប្រើប្រាស់បន្តទៀតឡើយ បន្ទាប់ពីរដ្ឋបានពុះធ្វើប្រឡាយទឹករួចមក។  ដូច្នេះអ្នកស្រីចង់ឱ្យអាជ្ញាធរពន្លឿនការចេញប្លង់ថ្មីជូនពលរដ្ឋ។ ​

អ្នកស្រី សែន រំចង់ រស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ប្រាប់អ្នកកាសែតជុំវិញការធ្វើប្រឡាយប៉ះពាល់ដល់ដីស្រែរបស់គាត់ និងស្នើប្លង់កម្មសិទ្ធិថ្មី។ (ពក ខឺយ)

អ្នកស្រីនិយាយថា៖«ខ្ញុំចង់ឱ្យថា បើដីយើងចែកជាពីរចឹង គេចុះមកធ្វើប្លង់ឱ្យចឹងកាន់តែល្អម្យ៉ាងដែរ គេវាស់វែងដីយើងធ្វើសារថ្មីក៏ល្អ ព្រោះដីនៅចឹងវាពិបាកដែរ។ បើដីយើងចែកជាពីរចឹង   បើខាងរដ្ឋាភិបាលគេចុះមកធ្វើប្លង់ឱ្យចឹងទៅ ខ្ញុំក៏ស្រួលដែរ»។

ពាក់ព័ន្ធ​បញ្ហានេះ សមាជិកក្រុមប្រឹក្សាសង្កាត់លលកស ក្រុងពោធិ៍សាត់ លោក សូរ​ សាលួត បានប្រាប់សារព័ត៌មានវីអូឌី​ថា លោកធ្លាប់បានយកបញ្ហាទាំងអស់នេះដាក់ទៅថ្នាក់ខេត្តយូរហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយទេ។

លោកបន្តថា បញ្ហាផលប៉ះពាល់​ដីស្រែរបស់ប្រជាពលរដ្ឋដោយគម្រោង​កែលម្អ និង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹករបស់អង្គការចៃកា(JICA) មិនមែនមានតែភូមិដំណាក់អំពិលនោះទេ គឺមានបីភូមិសុទ្ធតែប៉ះពាល់ដែរ ប៉ុន្តែលោកមិនចាំពីចំនួនគ្រួសារ និងទំហំដីដែលរងផលប៉ះពាល់ពិតប្រាកដឡើយ។

លោកថា៖«គម្រោងហ្នឹងខ្ញុំបានផ្ញើទៅខាងខេត្តហើយតើ ខាងសុរិយោដីគាត់បានទទួលហើយ ប៉ុន្តែគម្រោងហ្នឹងខេត្តអត់ទាន់ដំណើរការទេ ដោយសារពាក់ព័ន្ធបញ្ហាថវិការបស់ខេត្ត ព្រោះធ្វើអាហ្នឹងគឺប្រជាពលរដ្ឋអត់មានចេញថ្លៃទេ […] សំខាន់បំផុតគឺគម្រោងទាំងអស់ហ្នឹង ទាល់តែថវិការបស់ខេត្តរ៉ាប់រងចេញ មែនប្រជាពលរដ្ឋអ្នកចេញណា៎។ ចឹងទាល់តែយើងធ្វើប្លង់សងគាត់វិញប៉ុណ្ណឹង»។

ចំណែកអភិបាលក្រុងពោធិ៍សាត់ លោក ចាប នាង បានឆ្លើយប្រាប់សារព័ត៌មានវីអូឌីយ៉ាងខ្លីថា អាជ្ញាធរបានដោះស្រាយជួនពលរដ្ឋ ដោយរង់ចាំតែពួកគាត់មកធ្វើតែប៉ុណ្ណោះ។

លោកបន្តថា ៖«គេដោះស្រាយឱ្យតើ រង់ចាំតែគាត់[ប្រជាពលរដ្ឋ] មកធ្វើតើ រង់ចាំតែគាត់មកធ្វើតើ គេប្រកាសឱ្យគាត់មកធ្វើតើ គេចេញប្លង់ឱ្យគាត់តើ រ់ងចាំតែគាត់មកតើ»។

មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ លោក សំ ចាន់គា មានប្រសាសន៍ថា អាជ្ញាធរ​ចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះសំណើ​របស់ប្រជាពលរដ្ឋ ត្បិតអ្នកភូមិ​ក៏បាន​ចូលរួមសហការផ្តល់ដីស្រែខ្លះជូនរដ្ឋដើម្បីធ្វើប្រឡាយហើយដែរ។ លោកបន្តថា ការស្នើរបស់​ពលរដ្ឋ គឺជារឿងមួយល្អ ដើម្បីទទួលបានភាពច្បាស់លាស់ក្នុងការគ្រប់គ្រងដីស្រែរបស់ពួកគាត់ទៅថ្ងៃអនាគត។

លោកមានប្រសាសន៍ថា៖«ខ្ញុំយល់ថាអាជ្ញាធរហ្នឹងត្រូវតែយកចិត្តទុកដាក់ទៅលើសំណើ​របស់ប្រជាពលរដ្ឋ ហើយការបណ្តែតបណ្តោយនេះ វាធ្វើឱ្យខូចផលប្រយោជន៍របស់ប្រជាព​លរដ្ឋ ហើយប្រជាពលរដ្ឋខំសម្បទានដីទៅឱ្យធ្វើប្រឡាយ គឺជាពលរដ្ឋគំរូមួយហើយ។ ចឹងអាជ្ញាធរ​គួរតែយកចិត្តទុកដាក់ចំពោះពួកគាត់»។

គម្រោង​កែលម្អ និង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹក ភាគ​ខាងលិច​បឹង​ទន្លេសាប បានចាប់ផ្តើម​សាងសង់​ក្នុង ខែមីនា ឆ្នាំ២០១៦ និង​បានបញ្ចប់​ក្នុង ខែធ្នូ ឆ្នាំ២០២០។ គម្រោងនេះ ​​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ពេញលេញ​ដោយបាន​កសាង​នូវ​អនុ​គម្រោង​ចំនួន ៦ ​ និង​ប្រឡាយ​ប៉ូ​ក្នុង​ខេត្តបាត់ដំបង វត្ត​ជ្រែ វត្ត​ហ្លួង និង​ដំណាក់​អំពិល​ក្នុង​ខេត្តពោធិ៍សាត់ និង​​​ក្នុង​ខេត្តកំពង់ឆ្នាំង ដោយមាន​ក្រសួង​ធនធានទឹក និង​ឧ​តុ​និយម ជា​ភ្នាក់ងារ​អនុវត្ត​គម្រោង​នេះផ្ទាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ