តំណាងរាស្រ្តគណបក្ស​ប្រជាជន​កម្ពុជានៅ​ខេត្តរតនគិរី លោក ប៊ូ ឡាំ ទទួលមរណភាព​ក្នុង​វ័យ​៦៧​ឆ្នាំ

លោក ប៊ូ ឡាំ តំណាងរាស្ត្រគណបក្សប្រជាជនខេត្តរតនគិរី ទទួលមរណភាព នៅថ្ងៃ ទី ១២ ខែ កញ្ញា ឆ្នាំ ២០២២ តាម រូបភាពពីទំព័រហ្វេសប៊ុក របស់ អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន។

តំណាង​រាស្ត្រ​ខេត្ត​រតនគិរីមកពីគណបក្សប្រជាជនកម្ពុជា​ លោក ប៊ូ ឡាំ បាន​ទទួល​​មរណភាពកាលពីថ្ងៃ​ចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ​នេះ ដោយរោគាពាធ​។

អ្នកនាំពាក្យ​​រដ្ឋសភា លោក ឡេង ប៉េងឡុង បាន​ថ្លែង​នៅថ្ងៃទី១២ ខែកញ្ញា​ថា លោក ប៊ូ ឡាំ ដែល​​ត្រូវ​​ជា​ប្អូន​ប្រុស​របស់​ប្រធានសហគមន៍ជនជាតិ​ដើម​ភាគតិចដ៏​ល្បីឈ្មោះម្នាក់លោក ប៊ូ ថង បាន​ទទួល​​មរណភាព​នៅ​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញនេះ ដោយសារ​ជំងឺ​រ៉ាំរ៉ៃ។

លោកបន្ត​ថា លោក ប៊ូ ឡាំ ជាតំណាងរាស្រ្តបីទៅ​បួន​អាណត្តិ ហើយលោកមិនច្បាស់ថាតើគាត់​បានចូលរួមក្នុងសភាតាំងពីពេលណានោះទេ។

លោក ឡេង ប៉េងឡុង បាន​ថ្លែង​ថា៖​«​យើង​កំពុង​ទាក់ទង​ទៅ​​គ្រួសារសព ​ដើម្បី​រៀបចំ​ពិធីបុណ្យសព​ផ្លូវការ​ជូន​គាត់​»។

យោងតាម​ប្រវត្តិរូបសង្ខេបរបស់​លោក ប៊ូ ឡាំ ដែលតម្កល់នៅរដ្ឋសភា លោកធ្លាប់ជាអភិបាលខេត្តរតនគិរី ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩ ហើយបន្ទាប់មកជាសមាជិកក្រុមប្រឹក្សាខេត្តរតនគិរី ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។ លោកកើត​នៅថ្ងៃ​ទី​១ ខែមករា ឆ្នាំ១៩៥៥ និង​មានកូនចំនួន៥
នាក់។

សមាជិកព្រឹទ្ធសភា និង​ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន មានប្រសាសន៍​ថា លោក​មិនទាន់បានទទួលដំណឹងអំពីមរណភាពនេះទេ គិតត្រឹមរសៀលថ្ងៃចន្ទម្សិលមិញ ហើយបានបញ្ជូនសំណួរទៅកាន់រដ្ឋសភា។

លោក​បាន​បន្ថែម​ថា លោក ប៊ូ ឡាំ ជា​ជនជាតិ​ដើម​ភាគតិច ហើយ​ជាតំណាង​សហគមន៍​ដែល​រស់​​នៅ​ភាគ​ឦសាន។ លោក សុខ ឥសាន បាននិយាយថា លោក ប៊ូ ឡាំ បានចូលរួមក្នុងការប្រយុទ្ធ​ដើម្បីរំដោះប្រទេសពីខ្មែរក្រហម។

បងប្រុសរបស់លោក ប៊ូ ឡាំ ឈ្មោះ ប៊ូ ថង ក៏ជាប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួនដែរ ដែលដំបូងឡើយបានចូលរួមជាមួយខ្មែរក្រហម ដើម្បីប្រយុទ្ធជាមួយ លន់ នល់ ប៉ុន្តែក្រោយ​មកបានរត់ចោលជួរ និងផ្តួលរំលំរបបឃាតកម្មនេះ [របបខ្មែរក្រហម]។ លោក ប៊ូ ថង បាន​ទទួលមរណភាពនៅឆ្នាំ២០១៩។ កូនប្រុសរបស់លោក ប៊ូ ថង គឺ​លោក ថង សាវុន បច្ចុប្បន្ន​ជា​អភិបាល​ខេត្តមណ្ឌលគិរី និងជាអតីតអភិបាលខេត្តរតនគិរី៕

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Bou Thang’s Brother and CPP Lawmaker Bou Lam Dies at Age 67

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ