ក្រសួងអប់រំ ពន្យារពេលរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប ឆ្នាំ២០២១-២០២២ ជាថ្មីទៀត ទៅថ្ងៃទី០៥ និងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដើម្បីឱ្យបេក្ខជនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនសូត្រ និងបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍កីឡាជាតិ និងព្រះរាជពិធីបុណ្យអុំទូក។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រសួងអប់រំបានប្រកាសពន្យារពេលការប្រឡងបាក់ឌុបម្ដងរួចមកហើយ ដោយលើកពេលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែវិច្ឆិកា ទៅថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា។
តែយ៉ាងណា បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានលើកឡើងថា ក្រសួងបានសម្រេចពន្យារពេលប្រឡងបាក់ឌុបជាថ្មីទៀត ទៅថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយសារក្នុងខែវិច្ឆិកា កម្ពុជានឹងមានព្រឹត្តការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់មួយចំនួន ដូចជា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ និងព្រឹត្តិការណ៍កីឡាជាតិលើកទី៣៕