រដ្ឋាភិបាល​និងWFP គ្រោង​​ធ្វើ​យុទ្ធនាការ​ផ្លាស់ប្តូរ​ឥរិយាបថ ដើម្បី​លើក​កម្ពស់​​អាហារូបត្ថម្ភរ​បស់​​​កុមារ

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

កម្មវិធីស្បៀងអាហារពិភពលោក​នៃ​អង្គការសហប្រជាជាតិ (WFP) សហការជាមួយនាយកដ្ឋានសុខភាព​​សិក្សា​​​​​នៃ​ក្រសួងអប់រំ យុវជន និងកីឡា ​នឹង​ចាប់​ផ្ដើម​​បើក​​យុទ្ធនាការ​ទំនាក់ទំនង ​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបទ​សង្គម​ ​ទាក់ទងនឹងរបប​អាហារ​របស់​​កុមារក្នុងវ័យសិក្សា​នៅ​កម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ WFP នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា ផែន​ការ​យុទ្ធនាការ​លើកកម្ពស់​អាហារូបត្ថម្ភ​​ក្នុងសាលារៀន​នេះ ​ត្រូវបានបង្កើតឡើង​ដោយ WFP និងក្រសួងអប់រំ​ នៅក្នុងសិក្ខាសាលា​មួយ​កាលពីចុងសប្តាហ៍មុន ដែលមានការចូលរួមពី​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ អង្គការសង្គមស៊ីវិល ក្រសួងសុខាភិបាល និង​ការិយាល័យ​អប់រំខេត្ត​​កំពង់ឆ្នាំង កំពង់ធំ និង​សៀមរាប។

លោកស្រី គ្លែរ កូណាន់ តំណាង និងនាយកប្រចាំប្រទេស​​របស់ WFP បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន​នោះ​​ថា មាន​​កត្តាជាច្រើន​​ដែល​​រួម​ចំណែក​ឱ្យ​កុមារក្នុងវ័យសិក្សាមាន​អាហាររូបត្ថម្ភមិនល្អ ហើយ​ឥរិយាបថរបស់ពួកគេ និងអ្នកថែទាំពួកគេ ​​គឺជាកត្តាកំណត់មួយក្នុងចំណោម​កត្តា​កំណត់ទាំងឡាយ។

លោកស្រីបន្តថា៖ «យុទ្ធនាការ​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​អប់រំកុមារអំពីសារៈ​សំខាន់​នៃរបបអាហារ​​មានជីវជាតិ និង​មាន​តុល្យភាព នឹងក្លាយ​ជាចំណុច​សំខាន់មួយ​ដែល​​រួមចំណែក​ដល់​​ការអភិវឌ្ឍន៍សុខភាព​រយៈពេលវែងរបស់ពួកគាត់។ បន្ថែម​ទៅលើ​​​​ការចូលរួម​ដ៏យូរ​អង្វែង​កន្លង​មក​​របស់យើង ​នៅក្នុងកម្មវិធី​ផ្ដល់​ស្បៀង​អាហារ​តាម​សាលារៀន ឥឡូវនេះ​យើង​កំពុងសហ​ការ​​ជាមួយ​នាយកដ្ឋាន​សុខភាព​សិក្សា​ និងដៃគូ​នានា ដើម្បីបង្កើត​យុទ្ធនាការ​ដែលលើកទឹកចិត្តឱ្យ​មាន​ការបង្កើន​ការ​បរិភោគ​​​ផ្លែឈើ បន្លែ និង​ប្រូតេអ៊ីន»។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់​ WFP នៅកម្ពុជា សិស្សសាលា​ទទួលរង​នូវ​បញ្ហាអាហារូបត្ថម្ភផ្សេងៗ ដូចជា ​កង្វះមីក្រូសារជាតិ​​កម្រិត​​ខ្ពស់ អត្រា​លើស​​ទម្ងន់និង​ធាត់​ជ្រុល និង​កង្វះអាហារូបត្ថម្ភ​​យូរ​អង្វែង ហើយ​ការកើនឡើង​យ៉ាងឆាប់រហ័សនូវ​​ប្រជាប្រិយភាព​របស់​អាហារ​កែច្នៃ​ ក្នុង​រយៈ​ពេល​​ប៉ុន្មានឆ្នាំថ្មីៗនេះ​ បាន​ជះ​ឥទ្ធិពល​​យ៉ាង​ខ្លាំង​ទៅលើគុណភាព​​របបអាហារ។

​ប្រភពដដែលបន្តថា ទន្ទឹមនឹងនេះ ​របបអាហារ​ចម្រុះ​នៅតែមាន​កម្រិតទាប ក្នុងនោះ​ការទទួលទាន​​បាយ សាច់ និងត្រីមាន​បរិមាណ​ខ្ពស់ ចំណែក​​ការ​ទទួលទាន​ផ្លែឈើ បន្លែ និងប្រភេទ​ប្រូតេអ៊ីន​​ផ្សេង​​ទៀត ​ដូចជា ​ទឹកដោះគោ ឬស៊ុត ​នៅមានកំរិតទាបខ្លាំង​​ជាងកំរិតដែលណែនាំដោយគោលការណ៍​អន្តរជាតិ​នៅឡើយ។

លោក ឆាយ គឹមសុធាវី ប្រធាននាយកដ្ឋានសុខភាព​សិក្សា​ ​​ត្រូវបានស្រង់ប្រសាសន៍មក​ផ្សព្វ​ផ្សាយ​​ក្នុងសេចក្តីប្រកាសព័ត៌មានដែរ​ថា៖ «ករណី​នេះ ​គឺ​ជា​ក្ដី​បារម្ភយ៉ាងខ្លាំង ពីព្រោះថា​ ទោះ​បី​ជា​មាន​​វឌ្ឍនភាព​​ខ្លះៗ ​​​ក្នុងការកាត់បន្ថយ​​អត្រា​នៃ​ភាព​ស្គមស្គាំង ក្រេស​ក្រិន និងខ្វះទម្ងន់​ក៏ដោយ ​​កង្វះ​អាហារូបត្ថម្ភនៅតែជាបញ្ហា​ដែល​បន្តកើតមាន​នៅ​ក្នុង​កម្រិត​គ្រួសារ»។​

គួរបញ្ជាក់ថា WFP សហការជាមួយរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តល់​ស្បៀង​អាហារ​តាមសាលា​រៀន​​​ដល់​សិស្ស​​សាលា​បឋម​​សិក្សា និងមត្តេយ្យសិក្សាតាំងពីឆ្នាំ​១៩៩៩ ដោយ​បាន​រួមចំណែក​​លើកកម្ពស់​លទ្ធផល​ផ្នែក​អាហារូបត្ថម្ភ ក៏ដូចជាវត្តមាន ការផ្តោតអារម្មណ៍​ និងការ​រៀនសូត្រ​របស់​សិស្ស​។ ទោះជាយ៉ាងណាក៏ដោយ ​ការ​ផ្ដល់​ស្បៀង​អាហារតាមសាលារៀន​គ្រាន់តែ​ជា​ផ្នែកមួយប៉ុណ្ណោះ​នៃ​របបអាហារ​របស់កុមារ វា​​​មិនអាច​សំដៅ​ដោះស្រាយ​បញ្ហា​ទទួលទាន​អាហារនៅផ្ទះ ឬឥរិយាបថ​ទទួលទាន​នំចំណី​ដែលមិនល្អ​នោះទេ ដែលករណីនេះ​ ​សាលារៀន​នៅ​តែ​ជាវេទិកា​មួយ​​ដែល​ផ្ដល់​លទ្ធភាព ​និងឱកាស ​ក្នុង​ការ​លើកកម្ពស់​របបអាហាររបស់កុមារ ឱ្យ​កាន់តែទូលំទូលាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ