ជនជាតិ​វៀតណាម​ម្នាក់​លោត​ពី​លើ​អគារ​ស្លាប់ បន្ទាប់​ពី​ប៉ុនប៉ង​រត់​គេច​ចេញ​ពី​ក្រុមហ៊ុន​ក្នុង​ក្រុងបាវិត

រូបថតអេក្រង់ចេញពីវីដេអូ TikTok បង្ហាញពីបុរសម្នាក់កំពុងរៀបចំលោតពីលើអគារក្នុងក្រុងបាវិត។

សមត្ថកិច្ចឱ្យដឹងថា​ បុរស​ជា​ជន​ជាតិ​វៀត​ណាម​ម្នាក់បាន​ស្លាប់​បាត់​បង់​ជីវិត កាលពីថ្ងៃទី​១៣ ខែកញ្ញា បន្ទាប់​ពីលោត​ពី​ជាន់​ទី២​នៃ​បរិវេណ​អគារ​ក្រុម​ហ៊ុន​មួយ​កន្លែង​ក្នុងក្រុងបាវិត ខណៈជនរងគ្រោះបាន​ប៉ុនប៉ង​រត់​គេច​ចេញ​ពី​ទីតាំង​ដែលខ្លួនកំពុង​ធ្វើការមួយនេះ។

អធិការនគរបាល​ក្រុង​បាវិត​ លោក ​ឯម សុវណ្ណារិទ្ធ​ បានលើកឡើងថា បុរសម្នាក់នេះត្រូវបានគេប្រទះឃើញដេកផ្កាប់មុខស្លាប់នៅលើផ្លូវបេតុងមួយកន្លែង។

លោកបន្ត​ថា​៖ «​ការ​ស៊ើប​អង្កេត​បាន​បញ្ចប់ហើយ ​ដោយ​តាមរយៈ​វីដេអូក្នុងកាមេរ៉ាសុវត្ថិភាព​បង្ហាញ​ថា រូប​គាត់​បានប៉ុនប៉ងរត់​គេច​ខ្លួន​ពី​បរិវេណក្រុមហ៊ុន​មួយកន្លែង»។

លោក​បន្ថែមថា៖ «អ្នក​នៅ​ទីតាំង​កើត​ហេតុបាន​​រាយការណ៍ថា ​គាត់​នៅមានដង្ហើម ប៉ុន្តែ​នៅពេលដែល​​មន្ត្រីរបស់​យើង​ទៅ​ដល់ទីតាំង គាត់​​បាន​ស្លាប់​បាត់​ទៅ​ហើយ។ មុនករណីនេះកើតឡើង បុរសរូបនេះមិន​បានរង​ការ​វាយ​ដំ​អ្វីឡើយ ខណៈគាត់ពិតជា​បានស្លាប់ដោយសារតែ​លោត​​ពីលើ​អគារ ហើយបោកក្បាលទៅ​នឹង​បេតុងពិតមែន»។

កាលពីពេលកន្លងទៅ ក៏មានករណី​បុរសជាជនជាតិវៀតណាមម្នាក់​បានស្លាប់​បាត់បង់ជីវិតភ្លាមៗផងដែរ បន្ទាប់ពីធ្លាក់ពីជាន់ទី៨ នៃអាគារកាស៊ីណូក្នុងក្រុងបាវិតមួយកន្លែង។

ក្នុងករណី​មួយទៀត បុរសជាជនជាតិវៀតណាមម្នាក់ទៀតក៏ត្រូវបានគេប្រទះឃើញស្លាប់ដោយ​ចងកនៅ​កាស៊ីណូក្នុងទីក្រុងបាវិតមួយកន្លែងផងដែរ ខណៈសមត្ថកិច្ចបានអះអាងនៅពេលនោះថា បុរស​រូបនេះមានវិបត្តិ​ផ្លូវចិត្តដែលឈានដល់ការ​សម្លាប់​ខ្លួនឯងតែម្ដង។

ទោះជាយ៉ាងណា សម្រាប់ករណីចុងក្រោយនេះ លោក ​ឯម សុវណ្ណារិទ្ធ បានបញ្ជាក់ថា៖ «វាមិនមែនជាឃាតកម្ម ឬបង្ខាំងអ្វីឡើយ ដោយករណីនេះក៏មិនបង្កឱ្យមានជាការសង្ស័យណាមួយផងដែរ»។

យោងតាមវីដេអូដែលត្រូវបានបង្ហោះក្នុងបណ្ដាញ​សង្គម​តីក​តុក (Tik Tok) បានបង្ហាញពីរូបភាពបុរសម្នាក់បានឡើង​ទៅកាន់ជាន់ទី២នៃអាគារមួយ ដែលបន្ទាប់មក បុរសរូបនោះក៏បានលោតមកក្រោមតែម្ដង៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Bavet Escape Attempt Leads to Falling Death

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ