លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ នៅឆ្នាំនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអស់ថវិកាដូចការវិភាគរបស់ជនមួយចំនួននោះទេ ប៉ុន្តែដោយសារកត្តាផ្សេងៗ ដូចជា ជំងឺកូវីដ-១៩មិនទាន់បាត់ទាំងស្រុង និងកម្ពុជាត្រូវមានភារៈទទួលភ្ញៀវបរទេសរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលលោក ហ៊ុន សែន ថាលោកមិនអាចលៃលកពេលវេលាដើម្បីគ្រប់គ្រងសភាពការណ៍ដែលមានមនុស្សច្រើននៅក្នុងពេលតែមួយបាននោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនៅក្នុងសារសំឡេងជូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយបញ្ជាក់ថា៖ «យើងមិនខ្វះលុយសម្រាប់ដោះស្រាយបញ្ហាត្រឹមបុណ្យអុំទូកនោះទេ ព្រោះក្នុងមួយខែយើងបានបញ្ចេញថវិកាប្រមាណ៤០លានដុល្លារ ដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង ហើយយើងក៏មិនខ្វះលុយត្រឹមតែព្រះរាជពិធីបុណ្យអុំទូក ដែលចាយត្រឹមតែ៤ទៅ៥លានដុល្លារប៉ុណ្ណោះ មិនមែនជាមូលហេតុពិតប្រាកដនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ប៉ុន្តែយើងសូមកោតសរសើរចំពោះអ្នកវាយតម្លៃខុសបែបនេះ ដែលពួកគេនៅតែជាអ្នកបរាជ័យមួយជីវិត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋមានការយោគយល់ដល់រដ្ឋាភិបាលចំពោះការផ្អាកនៅឆ្នាំនេះ ដែលលោកថា កម្ពុជានៅមានឱកាសប្រារព្ធពិធីនេះនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តីទទួលស្គាល់ដែរថា ការផ្អាកនេះក៏ដោយសារតែលោកមិនអាចលៃលកពេលវេលាដើម្បីគ្រប់គ្រងសភាពការណ៍បាន។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ ព្រះករុណាខ្ញុំ ដែលជានាយករដ្ឋមន្រ្តី គឺមិនអាចលៃលកពេលវេលាគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងជាមួយនឹងសភាពការណ៍បុណ្យអុំទូកដែលមានមនុស្សដ៏ច្រើន នៅក្នុងពេលវេលាដែលយើងត្រូវត្រៀមការពារសន្តិសុខសម្រាប់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀតដែលត្រូវមកប្រជុំនៅទីក្រុងភ្នំពេញនោះទេ»។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រាប់ វីអូឌី កាលពីថ្ងៃទី១២ ខែកញ្ញានេះថា រដ្ឋាភិបាលប្រកាសផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ នៅឆ្នាំនេះ ប៉ុន្តែអាជ្ញាធរនៅតាមបណ្ដារាជធានីខេត្តនានាអាចរៀបចំពិធីបុណ្យអុំទូកនេះនៅក្នុងខេត្តរបស់ខ្លួនបាន ដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់ពលរដ្ឋ។
កាលពីឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាលកម្ពុជាក៏បានប្រកាសផ្អាកពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមហេតុផលថា ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
កម្ពុជាក៏ធ្លាប់ខកខានប្រារព្ធព្រះរាជពិធីបុណ្យមួយនេះរយៈពេល៣ឆ្នាំជាប់ៗគ្នាកាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្រោយពីមានហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ ដែលបណ្ដាលឱ្យមនុស្សជាង៣៥០នាក់ស្លាប់ និងដោយសារហេតុផលគ្រោះទឹកជំនន់ និងក្រោយការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្ដម សីហនុ។
ក្នុងឆ្នាំ២០១៤ ពិធីបុណ្យអុំទូកត្រូវបានរៀបចំធ្វើឡើងវិញ តែក៏បានខកខានម្ដងទៀតនៅឆ្នាំ២០១៥ ដោយសារកម្ពស់ទឹកទន្លេរាក់ពេក មិនអាចអុំទូកបាន។
ពិធីបុណ្យអុំទូកឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែវិច្ឆិកា ខាងមុខនេះ។ ចំណែកកិច្ចប្រជុំអាស៊ាននឹងធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ផងដែរ៕