ក្រសួង​សុខាភិបាល​ច្រានចោល​ការ​លើក​ឡើង​ថា «ទាល់តែ​មាន​លុយ ទើប​អាច​រក​សេវាពេទ្យ​បាន»

រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ច្រានចោលនូវការដែលលើកឡើងថា «ទាល់តែមានលុយ ទើបអាចរកសេវាពេទ្យបាន» ខណៈអះអាងពីការចាត់វិធានការលើគ្រូពេទ្យណាដែលហ៊ានប្រព្រឹត្តផ្ទុយពីបទបញ្ជាមន្ត្រីរាជការ។

ការច្រានចោលនេះធ្វើឡើងក្រោយអ្នកសារព័ត៌មានលើកជាសំណួរក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល” នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញានេះ ថាតើក្រសួងមានបទបញ្ជានិងវិធានការយ៉ាងណាទេ ក្នុងការគ្រប់គ្រងការសង្គ្រោះបន្ទាន់ជូនពលរដ្ឋ មិនថាពេទ្យរដ្ឋឬឯកជន ខណៈមានការត្អូញត្អែរថា «សេវាសង្គ្រោះបន្ទាន់ គឺទាល់តែបង់ថ្លៃពេទ្យមុនសិន ទើបសង្គ្រោះតាមក្រោយ»។

រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា កម្ពុជាមានគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងច្បាស់លាស់ណាស់សម្រាប់វិស័យសុខាភិបាល។ ក្នុងនោះ មន្ត្រីរាជការទាំងអស់ស្ថិតនៅក្រោមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ដូច្នេះ បើមន្ត្រីសុខាភិបាល ឬគ្រូពេទ្យណាដែលហ៊ានប្រព្រឹត្តផ្ទុយពីច្បាប់នេះ ក្រសួងនឹងអប់រំណែនាំជាលាយលក្ខណ៍អក្សរ ឬអនុវត្តតាមច្បាប់។

មន្ត្រីជាន់ខ្ពស់សុខាភិបាលរូបនេះច្រានចោលនូវការដែលលើកឡើងថា «ទាល់តែមានលុយ ទើបអាចប្រើសេវាពេទ្យបាន» ដោយចាត់ទុកថា នេះជារឿងមិនពិត។

អ្នកស្រី យក់ សម្បត្តិ ថា៖ «ពាក់ព័ន្ធជាមួយនឹងថាប្រជាពលរដ្ឋគាត់មានបញ្ហា គាត់ទៅពេទ្យ ទាល់តែមានលុយបានអាចទៅប្រើប្រាស់សេវាបាន[នោះ] តាមពិតមិនមែនអ៊ីចឹងទេ។ ហើយបើសិនជាមានក្រុមគ្រូពេទ្យណា គាត់មិនមើលថាតើក្រសួងសុខាភិបាលមានវិធានការអីខ្លះ? រាល់ថ្ងៃនេះ យើងមានបទបញ្ជាផ្ទៃក្នុង យើងមានច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ព្រោះមន្ត្រីសុខាភិបាលទាំងអស់ស្ថិតនៅក្រោមច្បាប់នៃលក្ខន្តិកៈមន្ត្រីស៊ីវិល អ៊ីចឹងនៅក្នុងមន្ទីរពេទ្យ ក៏យើងមានបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរពេទ្យ»។

មន្ត្រីក្រសួងសុខាភិបាលរូបនេះថា ក្រសួងមានលេខទូរសព្ទច្រើនប្រព័ន្ធ ដែលពលរដ្ឋអាចទាក់ទងរកជំនួយសង្គ្រោះបន្ទាន់បាន។

ក្រៅពីនោះ អ្នកស្រីថា តារាងតម្លៃ និងបទបញ្ជាផ្ទៃក្នុង ត្រូវបានបិទនៅមុខមន្ទីរពេទ្យ ដើម្បីបញ្ជាក់ដល់ពលរដ្ឋ និងរំឭកដល់គ្រូពេទ្យគ្រប់រូប។

បែបនេះក្តី អ្នកស្រី យក់ សម្បត្តិ ថាបច្ចុប្បន្ន មន្ទីរពេទ្យជាតិបានក្លាយខ្លួនជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលមានផ្នែកខ្លះដំណើរការបង់ថ្លៃ។

យ៉ាងណា អ្នកស្រីថា បើពលរដ្ឋមានជីវភាពក្រីក្រ ពុំមានលុយកាក់បង់ថ្លៃព្យាបាល គ្រូពេទ្យត្រូវតែទទួលព្យាបាល។ ក្នុនោះ អ្នកស្រីទទួលស្គាល់ថា ចំណុចខ្វះចន្លោះក្នុងវិស័យសុខាភិបាលនៅតែមាន ដែលទាមទារឱ្យមានការកែលម្អបន្ថែម។

អ្នកស្រី យក់ សម្បត្តិ បន្តថា៖ «ភាពខ្វះចន្លោះ ក្រសួងនឹងបន្តខិតខំណែនាំដល់មន្ត្រីរាជការ ហើយមន្ទីរពេទ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏នឹងព្យាយាមធ្វើការណែនាំដល់មន្ត្រី ក៏ដូចជាសហការីរបស់ខ្លួនបន្តទៅទៀត ចំពោះការខ្វះចន្លោះណាមួយ ឬក៏ចំពោះមន្ត្រីមានការយឺតយ៉ាវណាមួយ។ ជាពិសេសគឺយើងតែងតែមានការប្រជុំបច្ចេកទេសរៀងរាល់ថ្ងៃចន្ទ ហើយបើសិនជាយើងមានការវាយតម្លៃយ៉ាងណាៗ ក្រុមការងារបច្ចេកទេសនឹងធ្វើការគ្រប់គ្រងហើយណែនាំមន្ត្រីនោះផ្ទាល់»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី អះអាងថា ករណីពេទ្យទាមទារឱ្យអ្នកជំងឺបង់ថ្លៃពេទ្យជាមុនសិនទើបសង្គ្រោះតាមក្រោយ ពិតជាកើតឡើងប្រាកដមែន។ ក្នុងនោះ ថែមទាំងមានករណីមានបង់ប្រាក់ខ្វះ មិនព្យាបាលជូនថែមទៀតផង ខណៈតម្លៃសេវាក៏ខ្ពស់។ លោកថា ករណីទាំងនេះបានកើតឡើងតាំងពីយូរណាស់មកហើយ និងបានអូសបន្លាយមកដល់បច្ចុប្បន្ន។

លោកបន្ថែមថា ក្នុងនាមជាវេជ្ជបណ្ឌិតម្នាក់ដែលធ្លាប់បម្រើការក្នុងវិស័យសុខាភិបាលរដ្ឋ លោកបានសង្កេតឃើញនូវករណីទាំងនេះកើតឡើងនៅមន្ទីរពេទ្យធំៗរបស់រដ្ឋ។ មកដល់បច្ចុប្បន្ន រឿងនេះនៅតែបន្តកើតឡើង ដោយពលរដ្ឋបានប្រាប់ពីរឿងរ៉ាវរបស់ពួកគេជាហូរហែ ខណៈលោកកំពុងបម្រើការក្នុងសមាគមគ្រូពេទ្យ។

លោក អ៊ូច វុទ្ធី ថា៖ «ប្រសិនជាគេ [គ្រូពេទ្យ] លើកឡើងថាអត់មាន [ការទារលុយមុន បានព្យាបាលតាមក្រោយ] ទេ អាហ្នឹងគួរណាតែគាត់ [ក្រសួងតាមដាន] មើលខ្លួនគាត់ អេះរមាស់ខ្លួនគាត់ ឱ្យចំកន្លែងរមាស់។ ទៅដល់ហើយ លួចមើលបានដឹង។ ពីព្រោះរឿងនេះ វាចេញពីបុគ្គល គេហៅ[ថា]សែស្រឡាយទាំងអស់ដែលបញ្ជាមក។ អ៊ីចឹងបងប្អូនប្រជាពលរដ្ឋក្រីក្រត្រូវការសេវាហ្នឹង គឺថាពិបាកណាស់»។

វេជ្ជបណ្ឌិតរូបនេះចាត់ទុកថា រឿងនេះជាកំហុសឆ្គងដ៏ធំនៅក្នុងវិស័យសុខាភិបាលរដ្ឋ ហើយការព្រងើយកន្តើយនេះបណ្តាលឱ្យពលរដ្ឋអស់ជំនឿ។ ចំណែកពលរដ្ឋដែលមានជីវភាពសមរម្យ ងាករកតែមន្ទីរពេទ្យឯកជន ឬរកសេវាពេទ្យនៅក្រៅប្រទេសវិញ។

ជាដំណោះស្រាយ លោកថា រដ្ឋាភិបាលត្រូវបំពេញតួនាទីរបស់ខ្លួនជាអ្នកដឹកនាំ ជួយទុក្ខលំបាករបស់ពលរដ្ឋដែលមានជីវភាពទីទ័លក្រ ងាយរងហានិភ័យ ឱ្យទទួលបានការព្យាបាល ពោលគឺសង្គ្រោះជីវិតពួកគេជាមុនសិន រួចចាំគិតគូរថវិកាឱ្យបានត្រឹមត្រូវជាក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ