ជនជាតិដើម​ភាគតិច​នៅ​មណ្ឌលគិរី ស្នើ​អាជ្ញាធរ​ទប់ស្កាត់​ការ​រុករាន​ដីព្រៃ​នៅ​ដែនជម្រក​សត្វព្រៃភ្នំព្រេច

ផ្នែកមួយនៃដីព្រៃភ្នំព្រេច ដែលប្រជាសហគមន៍អះអាងថាត្រូវបានជនមិនស្គាល់អត្តសញ្ញាណរុករានឈូសឆាយ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ (ប្រជាសហគមន៍)

តំណាង​ប្រជាសហគមន៍ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ស្នើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវ​ជ្រាវ និង​ទប់​ស្កាត់ការ​កាប់​រុក​រាន​ដី​ព្រៃយ៉ាងអនាធិបតេយ្យ​​នៅ​ «ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច» ពី​ក្រុម​​មិន​ស្គាល់​អត្ត​សញ្ញាណ ដើម្បី​យក​មក​ផ្តន្ទា​ទោសតាមច្បាប់។

បណ្តាញ​សហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី លោក គ្រើង តុលា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍​នេះ​ថា តាមរយៈការចុះល្បាតព្រៃ មួយរយៈចុង​ក្រោយ​នេះ មាន​ជនមិនស្គាល់អត្តសញ្ញាណបានចុះទៅកាប់ព្រៃឈើ និង​​រុករានដីយ៉ាង​​អនាធិ​បតេយ្យ​ជាបន្តបន្ទាប់​ ​នៅ​​ក្នុ​​ងដែន​ជម្រក​សត្វព្រៃភ្នំព្រេច ស្ថិតនៅ​ឃុំ​រយ៉ ស្រុក​កោះញែក ដោយមិនឃើញមានសមត្ថ​កិច្ច​ពាក់​ព័ន្ធចុះបង្ក្រាបឬទប់ស្កាត់ឡើយ។ ករណី​នេះ លោក​ទទូច​ទៅ​ក្រសួង​បរិស្ថាន និងស្ថាប័នមានសមត្ថកិច្ច រួមទាំង​អាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ជួយអន្តរា​គមន៍ស្រាវ​ជ្រាវ និង​ចុះ​ទប់​ស្កាត់​ ដើម្បីនាំយកជនល្មើស​ទៅ​ផ្តន្ទាទោសតាមច្បាប់។

លោក គ្រើង តុលា បារម្ភថា បើសិនជាក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ និងសមត្ថកិច្ច មិនចុះស្រាវ​ជ្រាវនិងបង្ក្រាបទប់ស្កាត់ឱ្យបានទាន់ពេលទេ នឹងធ្វើឱ្យធនធានធម្មជាតិនៅតំបន់នោះកាន់តែរងការ​បំផ្លិចបំផ្លាញ​ថែមទៀតពី​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ ហើយ​អ្នកមានលុយអាចយកដីនៅតំបន់​នោះធ្វើ​ជា​កម្មសិទ្ធិឯកជន​ថែមទៀត​ផង។ 

លោក​ថា៖ «បើសិនជានៅតែបណ្ដែតបណ្ដោយអ៊ីចឹង​ទេ នឹង​ធ្វើឱ្យព្រៃឈើ ដែនជម្រកសត្វព្រៃនៅកម្ពុជា ក៏ដូចជាភ្នំព្រេចផ្ទាល់ គឺមិនអាចគង់វង្ស​បាន​ទេ។ វាក្លាយជាកម្មសិទ្ធិឯកជន កម្មសិទ្ធិឧកញ៉ាណាមួយនៅ​ថ្ងៃ​ខាង​មុខ។ មិន​យូរ​ទេ! បើសិនជាមិនមានវិធានការទប់ស្កាត់ គ្មានវិធានការអនុវត្តច្បាប់ទេ នឹង​រលាយព្រៃឈើនៅកម្ពុជា និងសត្វព្រៃនៅកម្ពុជា»។

តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិចម្នាក់ទៀត លោក លីន ម៉ៅ បានឱ្យដឹងថា ការកាប់រាន​​ដីព្រៃ​នៅតំបន់​ការពារភ្នំព្រេចពីសំណាក់ជនល្មើសនោះ បាន​ធ្វើ​ឱ្យ​បាត់​បង់​នូវ​ប្រភេទ​ឈើធ្នុង ផ្ចិត​ ដើម​រាំង និង​​សុក្រំ ​ជាដើម ហើយ​ករណីនេះបាន​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ការ​អាស្រ័យ​អនុ​ផល​ព្រៃឈើរបស់​ជន​ជាតិ​ដើម​ភាគ​តិចក្រោល ពូនង និងជនជាតិថ្នូន។

លោកនិយាយថា៖ «ប៉ះពាល់កន្លែងដូចខ្ញុំថា យើងរកជ័ររាំង ត្រួត ផ្ដៅ ហើយ​ផ្សិត ហើយ​ត្រពាំង រកម្ហូបតាមប្រពៃណីជនជាតិរបស់យើង តែអស់ដី​[ព្រៃឈើ] យើងអត់មានសង្ឃឹម មានតែក្រងាប់តែប៉ុណ្ណឹង»។

លោក លីន ម៉ៅ បាន​​អំពាវនាវទៅក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវជ្រាវ និងបង្រ្កាបបទល្មើសព្រៃឈើ និងការរុករានដីព្រៃដោយខុសច្បាប់នេះ ដើម្បីយកជនប្រព្រឹត្ត​មកផ្តន្ទាទោសតាមច្បាប់ និងរក្សាធនធានធម្ម​ជាតិនៅតំបន់នោះឱ្យ​បានគង់វង្ស​សម្រាប់កូនចៅជំនាន់ក្រោយ។

ប្រធានមន្ទីរបរិស្ថាននៅខេត្តមណ្ឌលគិរី លោក កែវ សុភ៌ក មានប្រសាសន៍ថា ក្រោយពីទទួលបានព័ត៌មានពីប្រជាសហគមន៍ លោកបានចាត់មន្ត្រីជំនាញចុះទៅដល់ដីព្រៃដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីថ្ងៃម្សិលមិញ និង​​នៅ​ថ្ងៃនេះ ដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ដែរ ប៉ុន្តែពុំប្រទះឃើញជនល្មើស​​នោះទេ។

លោកបន្ត​​ថា៖ «ការកាប់ហ្នឹងមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចទេ គឺនៅក្នុងព្រំប្រទល់ជាប់នឹងព្រំប្រទល់​របៀង និងដីឡាស្សេតស្ស៊ី ដីសម្បទានសង្គមកិច្ច ដោយសារតែប្រជាពលរដ្ឋគាត់អត់ស្គាល់​ភូមិ​សាស្រ្ត គា​ត់​ចេះតែថានៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច គឺមិនមែន​ទេ គឺ​ដីនៅក្នុងឡាស្សេតស្ស៊ី ដីសម្បទានសង្គមកិច្ចសម្រាប់ជនក្រីក្រ»។

ដោយឡែក ទាក់ទងនឹង​វិធានការច្បាប់វិញ លោកបញ្ជាក់ថា បើសិនជាមានបទល្មើសព្រៃឈើ​កើតឡើងនៅ​តំបន់​នោះមែន ​ក្រុមការងារជំនាញនឹងចាប់ជនល្មើស កសាង​​សំណុំ​រឿង​​បញ្ជូន​ទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដោយ​មិនប្រកាន់បក្ខពួក និងមិនអាចដោះស្រាយក្រៅប្រព័ន្ធតុលាការបានទេ ។

លោកបញ្ជាក់ដូច្នេះថា៖ «តំបន់ស្នូល តំបន់អភិរក្ស តំបន់ចីរភាព យើងទទួលបានបណ្ណរឹង​អស់​ហើយ យើងចុះ​បញ្ជី​ដី​រដ្ឋ​អស់​ហើយ អ៊ីចឹង​អត់មានបុគ្គលណាហ៊ានទៅប៉ះពាល់ដីហ្នឹងនៅតំបន់ហ្នឹងទេ អាហ្នឹងបើធ្វើនៅភ្នំព្រេចហ្នឹង​មែន។ បើហ៊ាន​កាប់​បំផ្លាញ យើងនឹងត្រូវបញ្ជូនទៅតុលាការ អត់មានដោះស្រាយក្រៅប្រព័ន្ធតុលាការបាន​ទេ ព្រោះយើងមានប្លង់រឹង រដ្ឋមានប្លង់រឹង»។

បើតាម​​ប្រធានមន្ទីរបរិស្ថានខេត្ត​រូបនោះ ដីព្រៃឈើនៅ​ដែនជម្រកសត្វព្រៃភ្នំព្រេច មាន​ទំហំ​សរុបជាង២២​ម៉ឺនហិកតា និង​បាន​ចុះបញ្ជីជាប្លង់រឹងរបស់រដ្ឋស្របច្បាប់អស់ហើយ។

មន្ត្រីគម្រោងតស៊ូមតិ​នៃ​គម្រោង​​អ្នក​ការ​ពារ​ព្រៃឈើ ​នៃសមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក សាន់ ម៉ាឡា សង្កេត​ឃើញ​ថា អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនដែលទទួលស្គាល់នូវចំណុចខ្វះខាតរបស់ខ្លួន ក្នុងការ​ទប់ស្កាត់បទល្មើសព្រៃឈើ ដូចជា ការកាប់បំផ្លាញព្រៃឡង់ ដីព្រៃដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ការ​ពារ​ធនធានធម្មជាតិមួយចំនួនទៀតនោះទេ។

ករណី​នេះ លោក​ថា មាន​តែ​ប្រជាពលរដ្ឋម្ចាស់​ប្រទេស​ទាំង​អស់​គ្នា​ទេ ដែលត្រូវ​នាំគ្នាចូលរួមការពារព្រៃឈើ និង​ធន​ធាន​ធម្មជាតិ ដោយ​ប្រយោល ឬដោយផ្ទាល់ ទើបទប់ស្កាត់បទល្មើស​មាន​​ប្រសិទ្ធភាព ដូច​ករណី​នៅ​ភ្នំតាម៉ៅ ស្រុកបាទី ខេត្តតាកែវ នាពេលថ្មីនេះ។

លោកអំពាវនាវដូច្នេះថា៖ «ខ្ញុំជឿថា នៅពេលដែលប្រជាពលរដ្ឋ​គាត់​រួម​គ្នា គាត់​អាច​ធ្វើ​សកម្មភាព​ជា​ច្រើន មិន​ថា​សកម្មភាព​ដោយ​ផ្ទាល់ ឬជាការបញ្ចេញមតិនៅលើអនឡាញ ជាក់ស្តែងដូចករណីភ្នំតាម៉ៅស្ថិតស្ថេរគង់វង្ស​ រដ្ឋាភិបាល​លុប​ចោល​គម្រោង ក៏ដោយសា​រតែប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋផងដែរ»។

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ សមាគម​​បណ្ដាញ​យុវជន​កម្ពុជា (CYN) ក៏បានស្នើ​ដល់ក្រសួងបរិស្ថាន បញ្ឈប់ការរឹតត្បិតសេរីភាពទៅលើ​​​សហគមន៍មូលដ្ឋាន សកម្មជន និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមចុះល្បាតនៅតំបន់ការពារ ក្រោយ​ពីសមាគមនេះបានរកឃើញបទល្មើស​ព្រៃឈើ និងកាប់ឆ្ការព្រៃក្នុងតំបន់ការពារជាបន្តបន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ