លោក​ ហ៊ុន​ ​សែន​ ​ព្រមាន​ដក​តំណែង​មន្ត្រី​ដោយ​ទទួល​ស្គាល់​ថា​ពិត​មាន​ល្បែង​ស៊ី​សង​ខុស​ច្បាប់​នៅ​មូលដ្ឋាន​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី  ហ៊ុន សែន ទទួលស្គាល់ថា ពិតជាមានល្បែងស៊ីសងខុសច្បាប់កើតឡើងនៅមូលដ្ឋានប្រាដកមែន ព្រមទាំងបានព្រមានដកតំណែងអភិបាលរាជធានី-ខេត្តព្រមទាំងមន្ត្រីនគរបាល ប្រសិនបើរកឃើញ​ថា មិនទទួលខុសត្រូវលើតួនាទីរបស់ខ្លួនក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ឱ្យអស់ពីដែនសមត្ថកិច្ចរបស់ខ្លួន។ ​

ការព្រមាននេះ ក្រោយពលរដ្ឋត្អូញត្អែរជាបន្តបន្ទាប់ចំពោះបញ្ហាល្បែងស៊ីសងជាច្រើនប្រភេទ​នៅមូលដ្ឋាន ដូចជា ល្បែងជល់មាន់ ជល់មានតាមអញឡាញ ឡូតូ បៀរ បានកើតឡើងស្ទើរតែគ្រប់កន្លែងនៅទូទាំងប្រទេស។

ក្នុងសារសំឡេងដែលមានរយៈពេលជាង២១ នាទី នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោក ហ៊ុន សែន ថ្លែងថា  ក្រុមការងារថ្នាក់ជាតិ​មិនអាចទៅបង្ក្រាបល្បែងស៊ីសងនៅគ្រប់ទីកន្លែងបានទេ ទោះបីជារដ្ឋាភិបាលចាត់តាំងមនុស្សមួយក្រុមទៀតក៏មិនគ្រប់គ្រាន់​ដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានអាចចុះបង្រ្កាបល្បែងស៊ីសងទាំងនោះបាន ដោយសារ វាស្ថិតនៅក្នុងសមត្ថកិច្ចរបស់ខ្លួន។

លោកហ៊ុន សែន ទទួលស្គាល់ថា ពិតជាមានល្បែងស៊ីសងខុសច្បាប់នៅមូលដ្ឋានប្រាកដមែន ពិសេសនៅតាមហាងកាហ្វេ គុយទាវ ដែលធ្វើឱ្យមនុស្សជាច្រើនញៀននឹងល្បែងខុសច្បាប់ទាំងនោះថែមទៀតផង។

លោកថា៖«អ្វីដែលសេសសល់តើអស់លោកព្រមធ្វើឬមិនធ្វើតែប៉ុណ្ណោះ។ វាមិនចាំបាច់ដែលត្រូវរក្សាទុកនូវទីកន្លែងនៃការលេងល្បែងខុសច្បាប់ សូម្បីហាងកាហ្វេ ហាងគុយទាវក៏មានល្បែងបង្កប់នៅទីនោះ ដែលធ្វើឱ្យយុវជននិងមនុស្សមួយចំនួនញៀននឹងល្បែងនោះតែម្ដង ក្រោមហេតុផល ផឹក កាហ្វេ ក្រោមហេតុផលទៅទទួលនេះ ទៅទទួលនោះ។ ដូច្នេះ វាគ្មានការលំបាកណាដែលមករំខានដល់ថ្នាក់ជាតិដែលកំពុងធ្វើការខិតខំទៅលើបញ្ហាជាតិធំៗ ក្នុងពេលដែលមន្ត្រីចៅហ្វាយខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ខណ្ឌ ដែលកន្លងមកនេះ យើងបានបង្កើតកម្លាំងបន្ថែម ដើម្បីឱ្យមូលដ្ឋានមានកម្លាំងធ្វើការគ្រប់គ្រាន់»។ 

លោក ហ៊ុន សែន បន្តថា ទីកន្លែងលេងល្បែងស៊ីសងនៅតាមមូលដ្ឋានខ្លះអ្នកសារព័ត៌មានបានចុះផ្សាយហើយ ប៉ុន្តែអធិការស្រុក ឬប៉ុស្ដិ៍នគរបាលនៅតាម​ឃុំទាំងនោះ បែរជាមិនអើពើក្នុងការចុះបង្រ្កាប​ទៅវិញ។

លោកក៏បានបញ្ជាទៅអភិបាលរាជធានីខេត្ត និងនគរបាល ឱ្យបិទរាល់ហាងកាហ្វេ ហាងគុយទាវ និងគ្រប់ទីតាំងទាំងអស់ ដែលបើកឱ្យមានលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមមូលដ្ឋានរបស់ខ្លួន ខណៈអភិបាលរាជធានី-ខេត្តឬ មន្ត្រីនគរបាលណាដែលមិនបានអនុវត្តតួនាទីរបស់ខ្លួនត្រូវដកតំណែង​តែម្ដង។

លោកថា៖«ខ្ញុំមិនញញើតដៃក្នុងការដកចោលចេញពីមុខតំណែងជាមួយអភិបាលខេត្ត ឬអភិបាលរងឬ អភិបាលស្រុក ​ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថ​ចាប់ពីស័ក្ដ ៥ ឡើងលើខ្ញុំនឹងចេញអនុក្រឹត្យ ដើម្បីបញ្ចប់ភារកិច្ចចោលតែម្ដង។ ខ្ញុំគិតថា កន្លែងលេងល្បែងមួយចំនួនមិនមែនមន្រ្តីមូលដ្ឋានដឹងនោះទេ ទាំងកម្លាំងនគរបាលឬអាវុធហត្ថ ឬមន្ត្រីរដ្ឋបាលរបស់យើងក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អស់លោកមានឆន្ទៈធ្វើឬមិនធ្វើ ឬទីកន្លែងនោះ ជាទីកន្លែងរកប្រាក់របស់លោកនេះ ជាចំណុចដែលខ្ញុំគួរតែត្រូវនិយាយ»។

លោកបន្តថា បើសិនជាលោកបណ្តោយឱ្យមានបនល្បែងស៊ីសងអាណាធិបតេយ្យតទៅទៀតនោះ  ប្រជាពលរដ្ឋនឹងលក់គោ ក្របី ដីធ្លី ដោយសារ លេងនិងចាញ់ល្បែង ។ ហេតុដូច្នេះ លោកមិនចង់ឱ្យប្រជាពលរដ្ឋ អស់ទ្រព្យសម្បត្តិដោយសារចាញ់ហើយឈានទៅ ប្រព្រឹត្ត បទល្មើសដូចជា លួច ឆក់ និងប្លន់ ជាដើម ដែលធ្វើឱ្យប៉ះពាល់ ដល់ភូមិឃុំមានសុវត្ថិភាពផងដែរ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សាទរចំពោះវិធានការរបស់ប្រមុខរដ្ឋាភិបាល  ដោយថា បច្ចុប្បន្នបញ្ហាល្បែងស៊ីសងកំពុងរីករាលដាលខ្លាំងគួរឱ្យបារម្ភ។ លោកថា ទីកន្លែងល្បែងស៊ីសងមួយចំនួន ក៏មានការផ្ដល់អាជ្ញាបណ្ណឱ្យបើក ហើយឈានយកអាជ្ញាបណ្ណទាំងនោះ ទៅដាក់នៅតាមហាងកាហ្វេ គុយទាវ និងទីតាំងផ្សេងៗផងដែរ។

លោកបញ្ជាក់ថា រដ្ឋាភិបាលមិនគួរចាត់វិធានការត្រឹមតែចុះបង្ក្រាបទេ តែត្រូវពិនិត្យមើលចំពោះអ្នកផ្ដល់អាជ្ញាបណ្ណឱ្យបើកលេងល្បែងស៊ីសង ហើយត្រូវ​មានវិធានការច្បាប់តឹងរ៉ឹងចំពោះអ្នកធ្វើខុសច្បាប់ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងទាំងនោះ។

លោកថា៖«ត្រូវពិនិត្យមើលអ្នកដែលចេញអាជ្ញាបណ្ណហ្នឹង ទី៣ គួរតែពិនិត្យមើលអ្នកដែលធ្វើឱ្យប្រជាពលរដ្ឋទៅលេងល្បែងហ្នឹង គួរតែចាត់វិធានការតាមផ្លូវច្បាប់បែបណា។ បើសិនជាពួកគាត់បំពានច្បាប់ក៏តែមានការដាក់ទោសដែរ។  មួយទៀតតែណែនាំឱ្យច្បាស់ដែរ ទៅកាន់អាជ្ញាធរដែនដីដែលថា ​តើល្បែងបែបម៉េចគួរតែចាត់វិធានការ កុំឱ្យជួនកាលចាប់បានតែអ្នកលេង​តាមគ្រួសារ ប៉ុន្តែអ្នកលេងពិតប្រាកដលុយធំៗនៅតាមសហគមន៍ហ្នឹង​ និងប៉ះពាល់ដល់សហគមន៍ហ្នឹង គឺចាប់អត់បាននេះជារឿងមួយដែលគួរតែមានការយកចិត្តទុកដាក់»។

លោក យង់ គិមអេង  បន្តថា ប្រសិនរកឃើញការមន្ត្រីដែលផ្ដល់អាជ្ញាបណ្ណឱ្យបើកល្បែងស៊ីសងបានធ្វើឡើងផ្ទុយនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពនោះ ​ រដ្ឋាភិបាលក៏ត្រូវហ៊ានដាក់ទោសទណ្ឌចំពោះមន្រ្តីរបស់ខ្លួនដែរ មិនថាថ្នាក់ជាតិ ឬមូលដ្ឋានឡើយ។

កាលពីថ្ងៃទី១៦ខែកញ្ញានេះ រាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារបង្ក្រាប​ល្បែង​ស៊ី​សងខុស​ច្បាប់​គ្រប់​ប្រភេទ​នៅទូទាំងប្រទេស ដោយមានសមាសភាពចំនួន ១២នាក់។ ក្រុមការងារនេះ ដឹកនាំដោយលោក សុខ ផល  ជាប្រធាន និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក​ នៅ លក្ខណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃជាអនុប្រធាន។

លិខិត បញ្ជាក់ថា ក្រុមការងារនេះ មានតួនាទីសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលក្រោមជាតិ ដើម្បីស្រាវជ្រាវ និងចាត់វិធានការបង្ក្រា​បទីតាំងលេងល្បែងស៊ីសងខុសច្បាប់។

ក្រៅបង្រ្កាបល្បែងស៊ីសងហើយ ក្រុមការងារនេះ ក៏ត្រូវចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកនូវអត្ថិភាពនៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀតដែលប្រព្រឹត្តនៅក្នុងទីតាំងល្បែងស៊ីសងខុសច្បាប់ ដើម្បីសហការចាត់វិធានការបង្ក្រាបបទល្មើសទាំងនោះជាធរមាន។

លិខិតដដែលបញ្ជាក់ថា ក្រុមការងារបង្រ្កាបល្បែងស៊ីសងនេះ ចាប់អនុវត្ត​ពីថ្ងៃទី១៦​ ខែកញ្ញានេះតទៅ។

យ៉ាងណា ការព្រមានដកតំណែងមន្ត្រីប្រសិនបើបង្ក្រាបបទល្មើសមិនបាននេះ មិនមែនជារឿងថ្មីនោះទេសម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ថ្លែង​ក្នុងពិធីបិទសន្និបាតបូកសរុបការងារ​ឆ្នាំ​២០២១ និង​លើកទិសដៅអនុវត្តការងារ​ឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក​ ហ៊ុន សែន បាន​ស្តីបន្ទោសទៅមន្ត្រីពាក់ព័ន្ធ​ថា បង្ក្រាប​បានតែបទល្មើសនេសាទតូចតាច​ ខណៈបទល្មើស​ធំៗ​ ដែលប្រព្រឹត្តដោយអ្នកមានលុយ មានអំណាចមិនត្រូវបានបង្ក្រាបឡើយ។ បញ្ហានេះ លោកក៏បានចោទជាសំណួរពាក់ព័ន្ធអំពើពុករលួយឬ ការស៊ីសំណូកសូកប៉ាន់រវាងមន្ត្រី និងជនល្មើសផងដែរ។

លោកនាយករដ្ឋមន្ត្រី ក៏បានព្រមានពេលនោះ​ថា នឹងដកអភិបាលខេត្តជាប់បឹងទន្លេសាបចោល ប្រសិនបើបទល្មើសនេសាទនៅតែកើតមានឡើងក្នុងដែនគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែរហូតមកទល់ពេលនេះ មិនទាន់មានអភិបាលខេត្តណាមួយត្រូវបានដកចេញពីតំណែងឡើយ បើទោះបីជាបទល្មើសនេសាទតំបន់បឹងទន្លេសាបត្រូវបានគេរកឃើញថាបន្តកើតមានក៏ដោយ។

ជាក់ស្តែង កាលពីខែសីហា ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជាបានប្រកាសរកឃើញបទល្មើសនេសាទទ្រង់ទ្រាយធំនៅតំបន់បឹងទន្លេសាបក្នុងខេត្តពោធិ៍សាត់ និងកំពង់ធំ ព្រមទាំងប្រាប់ទៅក្រុមជនល្មើសឱ្យបញ្ឈប់សកម្មភាពនេសាទខុសច្បាប់ទាំងនោះជាបន្ទាន់ថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ