មេដឹកនាំពិភពលោក និងរាជវង្សានុវង្សបរទេស បានចូលរួមព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) ជាលើកចុងក្រោយ កាលពីម្សិលមិញនេះ នៅព្រះវិហារវេសមីនស្ទឺ អាបេ (Westminster Abbey)។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC។
ប្រភពដដែលបន្តទៀតថា មនុស្សរាប់ពាន់នាក់បានតម្រង់ជួរតាមដងផ្លូវ ខណៈមឈូសរបស់ព្រះមហាក្សត្រីត្រូវបានដង្ហែយកទៅព្រះរាជដំណាក់វីនស (Windsor) ជាកន្លែងដែលគេនឹងបញ្ចុះព្រះសពរបស់ទ្រង់។
ខណៈក្បួនដង្ហែព្រះសពបានចូលទៅក្នុងព្រះវិហារដើម្បីតម្កល់នៅលើទីសក្ការៈ មេដឹកនាំពិភពលោក អ្នកនយោបាយ និងរាជវង្សានុវង្សបរទេសបានក្រោកឈរ។
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី លីស ត្រាស់ (Liz Truss) និងស្វាមីលោកស្រីឈ្មោះ ហ្ស៊ូក អូលារី (Hugh O’Leary) បានចូលរួមព្រះរាជពិធីនោះ រួមជាមួយនឹងគណៈរដ្ឋមន្ត្រី និងអតីតនាយករដ្ឋមន្ត្រីដែលនៅរស់រានមានជីវិតទាំងអស់របស់អង់គ្លេស។
ប្រធានាធិបតី និងប្រមុខរដ្ឋាភិបាលប្រហែល១០០នាក់មានវត្តមាននៅក្នុងព្រះរាជពិធីនោះ ព្រមទាំងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) និងភរិយារបស់លោក គឺលោកស្រី ជីល បៃឌិន (Jill Biden), ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron), នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern), នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau), ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យ៉ុល (Yoon Suk-yeol) និងអនុប្រធានាធិបតីចិន លោក វ៉ាង ជីសាន (Wang Qishan)។
ក្រៅពីនេះ ព្រះរាជវង្សានុវង្សនៅអឺរ៉ុបក៏បានចូលរួមដែរ ដូចជា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី មកពីប្រទេសដាណឺម៉ាក អេស្ប៉ាញ ស៊ុយអែត ន័រវែស បែលហ្សិក និងហូឡង់។
លើសពីនេះ ព្រះចៅអធិរាជ និងអធិរាជិនីរបស់ប្រទេសជប៉ុន ក៏មានវត្តមាននៅទីនោះផងដែរ រួមជាមួយនឹងព្រះរាជវង្សានុវង្សក្រៅប្រទេសផ្សេងទៀត រួមមាន ព្រះមហាក្សត្រ និងព្រះមហាក្សត្រីរបស់ប្រទេសម៉ាឡេស៊ី និងព្រះមហាក្សត្រ អាប់ឌុលឡាទី២ (Abdullah II) និងព្រះមហាក្សត្រី រ៉ាណៃ (Rania) របស់ប្រទេសស៊ូដង់។
គួរបញ្ជាក់ថា ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) បានសោយទិវង្គតក្នុងព្រះជន្ម៩៦ព្រះវស្សា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ ទ្រង់ប្រសូត្រនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦ និងបានគ្រងព្រះសិរីរាជ្យសម្បត្តិតាំងពីទ្រង់មានព្រះជន្ម២៥ព្រះវស្សា ក្នុងឆ្នាំ១៩៥២ បន្ទាប់ពីព្រះបិតារបស់ទ្រង់ព្រះនាម ហ្សកទី៦ (George VI) សោយទិវង្គត៕










