អាជ្ញាធរ​សង្កាត់​ចោមចៅទី១ ចុះ​រុះរើ​តង់​ដែល​កម្មករ​រោងចក្រ ឃែនធើរេន សង់​សម្រាប់​ដេកយាម​មុខ​រោងចក្រ

អាជ្ញាធរសង្កាត់ចុះមកមើលម្ដងទៀត នៅពេលកម្មករ-កម្មការិនី​​រោងចក្រ​​​ ឃែន​ធើរេន ស្ថិត​នៅ​សង្កាត់​​ចោម​ចៅទី​១ ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានី​​ភ្នំពេញ នាំគ្នា​រៀបចំចងតង់ឡើងវិញក្រោយអាជ្ញាធរសង្កាត់ចោមចៅទី១រុះរើចេញ ដោយការចងតង់នៅមុខរោងចក្រនេះដើម្បីតវ៉ា​ទាម​ទារ​ឱ្យ​ថៅកែចេញ​មុខដោះស្រាយសំណងជូនពួកគេតាមផ្លូវច្បាប់ ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អាជ្ញាធរជាង១០នាក់ នៅ​សង្កាត់​ចោម​ចៅទី១ បានចុះរុះរើតង់និងយកសម្ភារផ្សេងៗរបស់កម្មករដែលកំពុងដេកយាមមុខរោងចក្រកាត់ដេរសម្លៀកបំពាក់​ ឃែន​ធើ​រេន អីភែរឹល ក្រោយពីកម្មករមិនព្រមរុះរើចេញ ដោយអះអាងថា វិវាទ​ការ​ងារនៅរោងចក្រ​​នេះមិន​ទាន់​ដោះស្រាយ​ចប់​នៅឡើយ។

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២២ រដ្ឋបាលស​ង្កាត់​ចោម​ចៅទី​១ ខណ្ឌពោ​ធិ៍សែ​ន​ជ័យ រាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ​ឱ្យ​កម្មករ​រោង​ចក្រ ឃែនធើរេន រុះ​រើ​តង់និងយកសម្ភារ​ផ្សេងៗ​ចេញពីមុខរោងចក្រ ដោយទុករយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងតទៅ។

ការឱ្យកម្មកររុះរើនេះ ដោយរដ្ឋបាលសង្កាត់ចោមចៅទី១ លើកហេតុផលថា ការ​បោះ​តង់​របស់​កម្មករ​នៅទីនោះធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និង​បាត់​បង់​សោភ័ណភាព។ រដ្ឋបាល​សង្កាត់​ចោម​ចៅទី១ បាន​ព្រមាន​ពី​ការ​ចុះ​រុះរើ​ដោយ​មិនទទួលខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិផ្សេងៗ និងកសាង​សំណុំរឿងបញ្ជូនទៅតុលាការផងដែរ ប្រសិនបើកម្មករទាំងនោះមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ។

អាជ្ញាធរម្នាក់ក្នុងចំណោម​អាជ្ញាធរផ្សេងទៀតដែលចុះទៅឃ្លាំមើល​កម្មករនៅមុខរោងចក្រ ឃែន​​ធើ​រេន នៅ​ថ្ងៃសុក្រ​នេះ សុំមិនធ្វើអត្ថាធិប្បាយ ក្រោមហេតុផលថា វិវាទការងារនេះ ក្រសួងការ​ងារបានដោះស្រាយរួចហើយ។  

កម្មការិនី​​បម្រើកាងារនៅរោងចក្រ ឃែនធើរេន កញ្ញា ឆែម សុខលឹម​ មាន​ប្រសាសន៍ថា ពួកគាត់​មិន​បាន​បោះ​តង់​ប៉ះ​ពាល់​ចំណី​ផ្លូវ និង​ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ដូចអ្វីដែលអាជ្ញាធរចោទប្រកាន់ឡើយ។ កញ្ញាបង្ហាញសោកស្ដាយដែលក្រុមអាជ្ញាធរមិនបានការពារកម្មករ ហើយ​ចុះមករុះរើតង់ដើម្បីការពារផលប្រយោជន៍ថៅកែ។

កញ្ញាថា៖ «ពួកខ្ញុំទាមទារផលប្រយោជន៍ពីថៅកែក្រុមហ៊ុន មិនមែនទាមទារពីអាជ្ញាធរទេ។ អ្វីដែលគាត់ខំធ្វើ គឺធ្វើ​ដើម្បីបម្រើជន​ជាតិ​ចិន មិន​មែន​បម្រើ​ប្រជាពលរដ្ឋ​​ដែល​ពួកខ្ញុំ​ជា​ប្រជាជន​រងគ្រោះ​​​ ហើយជាកម្មកររងគ្រោះ ដែល​ដេកនៅក្រោមតង់ ហាលភ្លៀង ហាលថ្ងៃ រយៈពេល៤​ខែ ក៏គាត់មើលអត់ឃើញ។ អ្វីដែលខ្ញុំសោកស្ដាយខ្លាំង​បំផុត គាត់បានធ្វើនូវទង្វើព្រឹកមិញនេះ»។

ប្រធានផ្នែកតុកាត់នៅរោង​ចក្រ​ ឃែនធើរេន លោក ជា ដារ៉ា លើកឡើងថា ពួកគាត់បន្តបោះតង់ដេកយាមមុខរោងចក្រ ដោយមិនបានទៅលេងស្រុកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដោយបារម្ភខ្លាច​ថៅកែដឹកសម្ភារចេញពីរោងចក្រ ដោយមិនទូទាត់អត្ថប្រយោជន៍ជូនកម្មករចំនួន២ចំណុច​ទៀត។ លោកបង្ហាញការសោកស្ដាយ ដែលក្រុមអាជ្ញាធរចុះមករុះរើតង់​កម្មករដែលដេក​យាម​មុខ​រោង​ចក្រ​ទាំង​កំរោលបែបនេះ។

លោកថា៖ «កម្មករខ្មែរយើងរងទុក្ខ​វេទនា មិន​រកយុត្តិធម៌ឱ្យកម្មករ បែប​មករុះរោងរុះតង់​​ដែលកម្មករព្យាយាមអត់​បាយ​ក្រហាយ​ទឹក​ក៏​មាន អត់​ការងា​​រធ្វើ ដេក​ទាំង​ថ្ងៃទាំង​យប់​ក្ដៅក្រហែង​ ហាល​ភ្លៀង ហាល​ខ្យល់ ​វេទនា​ ជួនកាល​ខ្យល់[ធ្វើឱ្យ]​រលំ​រោង​ក៏មានដែរ លិចទឹក​ឡើងពេញហ្នឹង ដើរលុយទឹកក៏មានដែរ។ អត់មានគ្រែដេកទេ ដាក់តុ កៅអីទន្ទឹមៗគ្នាដេក។ ខ្ញុំសោកស្ដាយមែនទែន ដែលខ្ញុំមកដល់នេះ ខ្ញុំឃើញរូបភាពអាជ្ញាធរនេះ កម្មករខាងខ្ញុំមិនអាចទទួលយកបានទេ»។

ជាមួយគ្នានេះដែរ កម្មករ​រូបនេះ​បាន​ស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅថៅកែឱ្យដោះស្រាយបញ្ហាចំនួន២ចំណុចដែលនៅសេសសល់​ បើមិនដូច្នេះទេ ពួកគាត់នៅតែបន្តដេកយាមមុខ​រោងចក្រទៀត រហូតទទួលបានដំណោះស្រាយ។

កម្មការិនី​បម្រើកាងារនៅរោងចក្រ ឃែនធើរេន ជាង២០ឆ្នាំ អ្នកស្រី សាន់ សុផា លើកឡើងថា ពួក​គាត់​បោះតង់ខាងមុខរោងចក្រនេះ មិនប៉ះពាល់ដល់ចំណីផ្លូវហើយ ហើយ​ក៏មិនបាន​បង្ក​ផល​ប៉ះ​ពាល់ដល់អាជ្ញាធរដែរ។

អ្នកស្រីថា៖ «ខ្ញុំធ្វើរោងហ្នឹងប៉ះពាល់​អី​ដល់​អាជ្ញាធរ? ខាត​ប្រយោជន៍អី​​ដល់​អាជ្ញាធរ? ធ្វើកន្លែងហ្នឹងខុសគ្នាម៉េច? ខ្ញុំ​សុំអំណះអំណាងឱ្យច្បាស់ អត់មានអំណះអំណាង ហើយមករើរោងពួកខ្ញុំឡើងអស់ ហើយរដូវបុណ្យទាន អត់ឱ្យ​កម្មករសប្បាយចិត្តទៅធ្វើបុណ្យទានខ្លះទៅ អស់​លោក​អត់​ចេះធ្វើបុណ្យ​ទេ»។

អ្នកស្រីបន្តថា អ្វីដែលពួកគាត់ទាមទារមិនខុសពីច្បាប់ការងារទេ ផ្ទុយទៅវិញ ក្រុមហ៊ុនទេដែល​មិនបានគោរពច្បាប់ ហើយអាជ្ញាធរ​ចេញមុខការពារថៅកែក្រុមហ៊ុនមកធ្វើទុក្ខបុកម្នេញ និង​គំរាមកំហែងកម្មករ។

អ្នកស្រីថា៖ «ពួកខ្ញុំធ្វើការរោងចក្រនេះ ម្នាក់២២​ឆ្នាំ និង២៥​​ឆ្នាំ ម្នាក់បើកបានតែ៤០០​ដុល្លារ​ទេ សួរ​ថា​តើ​ស្រប​តាម​ច្បាប់​ទេ? អត់ទេ! ហើយអ្វីដែល​ខ្ញុំទាមទារ​អត់​លើស​ពី​ច្បាប់​ទេ មាន៥​ចំណុច​ ច្បាប់ស្ដីពីការងារ។ រាល់​ទង្វើ​រោង​ចក្រ ថៅកែ​រត់​ចោល ឬបិទ​ទីតាំង ហើយ​រោងចក្រនេះ វាបិទ​សាខា​នេះ វា​ទៅផ្គត់ផ្គង់​សាខាមួ​យ​ទៀត ត្រូវ​បាន៥​ចំណុច​ពេញ ប៉ុន្តែប៉ុន្មានខែកន្លងទៅ រាជ​រដ្ឋាភិបាលគាត់ឱ្យលុយបុរេប្រទាន​ តែ​លុយបុរេប្រទាន​ក៏អត់​តបតាម​អ្វី​ដែល​ពួក​ខ្ញុំ​ទទួលបានដែរ ​ដោយសារ​ខាត! អ៊ីចឹងទេ ដូច្នេះ​ ខ្ញុំត្រូវទារពី២​ចំណុចទៀត»។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីចៅសង្កាត់ចោមចៅទី១ លោក កង វង បានទេ នៅថ្ងៃសុក្រនេះ។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​ដោះ​ស្រាយសំណ​ង​​​ជូន​កម្មករ​រោងចក្រ ឃែនធើរេន ដែលត្រូវបានថៅកែបិទទ្វារអាជីវកម្មរត់ចោល ដោយ​មិនបានបើកប្រាក់ឈ្នួល និង​ទូទាត់អត្ថ​ប្រយោជន៍​ផ្សេងៗ​ជូន​ពួក​គេ។

ក្រោយមក ក្រសួងការងារប្រកាស​ប្រើប្រាស់​ថវិកាបុរេប្រទានរបស់​​រដ្ឋាភិបាល ដើម្បីទូទាត់ប្រាក់ចំនួន​៣ចំណុចជូនកម្មករ រួមមាន ប្រាក់ឈ្នួល​ចុង​ក្រោយ​ដែល​មិន​ទាន់​បាន​បើក ប្រាក់បំណាច់ជួសឱ្យការឈប់​សម្រាកប្រចាំឆ្នាំដែល​នៅ​សល់ និងប្រាក់​បំណាច់​អតីតភាពការងារ​ថ្មី​ក្នុង​ឆ្នាំ រួម​ទាំង​ប្រាក់​រំលឹក​អតីតភាពការងារដែលនៅសល់មុន​ឆ្នាំ២០១៩ ប៉ុន្តែកម្មករអះ​​អាង​ថា ការដោះស្រាយត្រឹម៣ចំណុចនេះ​មិនត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ។

យ៉ាងណា អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ លោក ហេង សួរ ធ្លាប់បញ្ជាក់ប្រាប់វីអូឌី​ថា ការដោះស្រាយចំនួន៣ចំណុចនោះធ្វើឡើងយោងតាមច្បាប់ស្តីពីការងារ ហើយ​២ចំណុចទៀត កម្មករ​អាច​ប្តឹង​ទៅតុលាការទាមទារពីថៅកែបន្តទៀត​បាន។

ប្រធាន​​សហភាព​ចលនា​កម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ធ្លាប់ប្រាប់វីអូឌីថា តាម​​ផ្លូវច្បាប់ ពេលរោងចក្របិទទ្វារដោយមិនបានជូនដំណឹងជា​មុនឱ្យ​​ត្រឹមត្រូវទេ គឺថៅកែត្រូវផ្តល់សំណងចំនួន៥ចំណុចដល់កម្មករ ក្នុងនោះ​​មាន​ប្រាក់​ឈ្នួល​ចុងក្រោយ ប្រាក់​ជូនដំណឹង ប្រាក់សំណងជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់បំ​ណាច់ឆ្នាំដែលនៅសល់។

មេសហជីពរូបនេះឱ្យដឹងថា តាមការគណនាសំណង៥ចំណុចដែលកម្មកររោងចក្រ ឃែនធើរេន ទាមទារនោះ មានចំនួន​ខ្ទង់៧០​ម៉ឺន​ទៅ​៨០​ម៉ឺន​ដុល្លារ ប៉ុន្តែបើក្រសួងការងារដោះស្រាយត្រឹម៣ចំណុចនោះ គឺកម្មករបានខាតបង់ផលប្រយោជន៍ច្រើនណាស់។

បើតាមញត្តិរបស់កម្មករដែលដាក់ទៅខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ​​កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២២ គឺ​រោង​ចក្រ​ ឃែនធើរេន បានបើកដំណើរការតាំងពីឆ្នាំ១៩៩៧ ដែល​មានថៅកែ​ធំឈ្មោះ YAP FUNG KONG សញ្ជាតិម៉ាឡេស៊ី ហើយនាយកក្រុមហ៊ុនឈ្មោះ CHHOONG WEI PIAU និងបានជំពាក់បំណុលកម្មករ​ចំនួន៣២០នាក់។

ញត្តិដដែលបន្ត​ថា ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំខ្មែរ ថ្នាក់ដឹកនាំរោងចក្របា​ន​លួច​​ដឹក​សម្ភារចេញ ដូចជា ម៉ាស៊ីន​ភ្លើង ម៉ាស៊ីន​ដេរ​ថ្មីៗ និង​ក្រណាត់ ជាដើម ផ្ទេរទៅរោងចក្រកាត់ដេរសម្លៀក​បំពាក់ ខ្វលលីធី តេក្សស្ទីល ជាក្រុមហ៊ុនមាន​ថៅកែតែមួយជាមួយក្រុមហ៊ុន ឃែនធើរេន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ