លោក ហ្សេលេនស្គី៖ គម្រោង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​លោក ពូទីន មិនមែន​ជា​រឿង​លេងសើច​ឡើយ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងពាក់ព័ន្ធនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ (ហ្វេសប៊ុក៖ Володимир Зеленський)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា ខ្លួនមិនគិតថាការត្រៀមខ្លួន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរដើម្បីការពារប្រទេសរុស្ស៊ី ដែលលើកឡើងដោយលោក ​វ្លាឌីមៀរ ពូទីន គឺ​ជាករណីលេ​ង​សើច​នោះ​ទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការលើកឡើងនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ពូទីន ​កាល​ពី​សប្ដាហ៍​មុន បានអះ​អាង​សាជាថ្មី​នៅ​ក្នុងសុន្ទរកថាមួយថា ប្រទេសរបស់ខ្លួន​នឹងប្រើប្រាស់រាល់គ្រប់មធ្យោបាយដែលមានទាំងអស់ ដើម្បីការពារប្រទេសរុស្ស៊ី និងប្រជាជនរបស់ខ្លួន ក្នុងករណីដែលបូរណភាពទឹកដីរបស់ខ្លួនត្រូវបានគំរាមកំហែង។

ទាក់ទិននឹងករណីនេះ លោក ហ្សេលេនស្គី បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា៖ «កាលលើកឡើង [គម្រោងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់លោក ពូទីន] កាលពីពេលកន្លងទៅ អាចថាជារឿងដែលមិនច្បាស់លាស់។ ប៉ុន្តែករណីនេះ បច្ចុប្បន្នអាចជាការពិតដែលអាចនឹងកើតមានឡើង»។

លោកបន្ថែមថា៖ «ខ្ញុំមិនគិតថាការលើកឡើង [របស់លោក ពូទីន] នេះ គឺជារឿងលេងសើចនោះទេ»។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ី​​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរ​ខាង​របស់ខ្លួនមួយនេះ ដែល​ធ្វើឡើងបន្ទាប់​​ពី​​​ការ​ប្រកាស​សង្រ្គាម​មួយដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

ករណីនេះក៏បានបង្កឱ្យមានជាការព្រួយបារម្ភពីបណ្ដាប្រទេសនានា​ ដែល​ថាការ​ប៉ះទង្គិច​រវាង​ប្រទេសទាំង២ នេះអាចនឹងវិវត្តទៅជាសង្រ្គាមដោយ​ប្រើប្រាស់អាវុធនុយ​ក្លេ​អ៊ែរ គីមី និង​ជីវសាស្ត្រ ជាដើម។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងមួយរូបធ្លាប់​បាន​បញ្ជាក់​ឱ្យ​ដឹង​កាលពីពេលកន្លងទៅថា គោល​នយោបាយសន្តិសុខរបស់រុស្ស៊ីកំណត់ថា ប្រទេសរបស់ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ​សម្រាប់​​​តែ​ករណី​ដែល​អត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ