អតីត​មន្រ្តី​ម្នាក់​ដែល​រត់គេច​ពី​អាមេរិក លោក Edward Snowden ទទួល​បាន​សញ្ជាតិ​រុស្ស៊ី​ពី​លោក ពូទីន

រូបឯកសារ៖ លោក Edward Snowden និយាយ​តាម​រយៈ​តំណ​វីដេអូ ​ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ (REUTERS/Brendan McDermid)

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានផ្ដល់សញ្ជាតិរុស្ស៊ីដល់អតីតមន្រ្តីទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) មួយរូបឈ្មោះ Edward Snowden។ នេះបើតាមសេចក្ដីសម្រេចមួយចេញដោយរដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃចន្ទ ដែលត្រូវបានយកមកចុះផ្សាយបន្តដោយសារព័ត៌មាន CNN

ការទទួលបាន​សញ្ជាតិ​រុស្ស៊ីរបស់អតីតមន្រ្តីទីភ្នាក់ងារសន្តិសុខជាតិអាមេរិករូបនេះ ត្រូវ​បាន​ធ្វើ​ឡើង​រួមគ្នា​ជាមួយ​នឹង​ជនបរទេសចំនួនប្រមាណជាង៧០នាក់ទៀត ដែលត្រូវបានរុស្សីបានផ្ដល់សញ្ជាតិដូចគ្នានេះ​ផង​ដែរ។

ថ្លែងតាមរយៈបណ្ដាញសង្គម ធ្វីតធ័រ (Twitter) កាលពីថ្ងៃចន្ទ លោក Edward Snowden បានឱ្យដឹងថា៖ «បន្ទាប់ពីរងនូវបទពិសោធរស់នៅបែកបាក់អស់រយៈពេល​ជាច្រើនឆ្នាំពីឪពុកម្ដាយរបស់យើងមក ទាំងខ្ញុំ និងប្រពន្ធខ្ញុំ នៅពេលនេះ គឺគ្មានបំណងចង់បែកពីកូនប្រុសរបស់យើងទៀតទេ។ បន្ទាប់ពីរង់ចាំអស់រយៈពេល២ឆ្នាំ និងការរស់នៅនិរទេសខ្លួនជិត១០ឆ្នាំ អ្វីដែលទទួលបាននៅពេលនេះ [សញ្ជាតិរុស្ស៊ី] នឹងធ្វើឱ្យគ្រួសាររបស់ខ្ញុំមានភាពប្រសើរឡើង»។

គួរបញ្ជាក់ថា លោក Edward Snowden ត្រូវបានចោទប្រកាន់ពីបទចារកម្មនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីមានករណីបែកធ្លាយព័ត៌មានស្តីពី ការស៊ើបការណ៍សម្ងាត់របស់អាមេរិក និងកម្មវិធីឃ្លាំមើល​ដ៏ធំទៅកាន់​ប្រព័ន្ធផ្សព្វផ្សាយ ខណៈរូបលោក​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់៣០ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក។

បន្ទាប់ពីមានការរកឃើញថា លោក​បានទម្លាយឯកសារ​សម្ងាត់របស់រដ្ឋជាសាធារណៈនេះ រូបលោកបានរត់គេចមករស់នៅនិរទេសខ្លួននៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៣ ដោយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ លោក និងប្រពន្ធរបស់ខ្លួនឈ្មោះ Lindsay Mills ក៏បានសម្រេចដាក់ពាក្យសុំសញ្ជាតិរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ