អាជ្ញាធរ​ថា ទីតាំង​​អគារ​មួ​យ​ចំនួ​ន​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ពុំមាន​បទល្មើស​អ្វី​ឡើយ

មន្ត្រី​នគរបាលម្នាក់កំពុង​ចុះ​ដឹកនាំ​ចរាចរណ៍ក្នុង​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២១។ (ត្រាន់ តិចសេង/VOD)

ខណៈប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាល​ទីតាំងអគារទាំងឡាយ​​​នៅ​ក្នុង​​ខេត្ត​ព្រះសីហនុ បាន​និង​​កំពុងបន្ត​​ធ្វើឡើង ​អាជ្ញាធរ​​បាន​អះ​អាង​​​ថា ខ្លួន​ពុំ​បាន​​សង្កេត​ឃើញ​​មាន​​បទ​ល្មើស​អ្វី​មួយ​​គួរ​ឱ្យ​កត់​​សម្គាល់​​ឡើយ។

តាម​រយៈ​ប្រតិបត្តិ​ការចុះត្រួត​ពិនិត្យ​ ដែលធ្វើឡើងកាលពីសប្ដាហ៍មុន ក្នុង​នោះមា​ន​ទីតាំង​អាគារ​កម្ពស់ ៧ជាន់​មួយ​កន្លែង​ ត្រូវ​បាន​អាជ្ញាធរ​អះ​អាង​ថា ពុំមាន​មនុស្ស​ស្នាក់​នៅ​ឡើយ ខណៈកម្លាំងចម្រុះបាន​រកឃើញ​តែ​ជនជាតិ​ខ្មែរ​ជា​បុគ្គលិក​អនាម័យ​ចំនួន ០៤នាក់ និង​ចុងភៅ​ជនជាតិ​ចិនម្នាក់ ដែល​ពួកគេ​ទើបតែ​ចូល​ធ្វើការ​បាន​ចំនួន ៥ថ្ងៃប៉ុណ្ណោះ។​

ទីតាំងអាគារនេះមានឈ្មោះថា ហ្វូ បេន ហាវ ឯ​.ក (Fu Ben Hao) ដែលស្ថិត​នៅ​ក្នុងសង្កាត់​លេខ២ ក្រុង​​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។

គួរបញ្ជាក់ថា ប្រតិបត្តិការ​ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារទាំងនេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​វិធានការ​របស់​អាជ្ញាធរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ ដែល​​បាន​​កំណត់​​គោល​​ដៅ​ ​ជាពិសេស​លើ​ទីតាំងប្រតិ​បត្តិ​ការ​ឆបោកទាំង​ឡាយ​ដែល​រួមមាន​ក្នុង​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ខណៈមាន​ប្រតិបត្តិការមួយចំនួន ក៏បានបិទអាជីវកម្មអត់ច្បាប់របស់ខ្លួនដោយខ្លួនឯងផងដែរ។

យោងតាម​សេចក្តីប្រកាសព័ត៌មាន ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំង​អគារចំនួន៦​ ចុងក្រោយ​ដែលធ្វើឡើង​កាលពី​សប្ដាហ៍មុនរួមមាន៖

  1. អាគារ ហ្វូ បេន ហាវ ឯ​.ក (Fu Ben Hao) កម្ពស់ ៧​ជាន់ ស្ថិត​នៅ​ក្នុងសង្កាត់​លេខ​២ ដែលត្រូវបានចុះត្រួតពិនិត្យកាលពីថ្ងៃ​ទី​២៨ ខែកញ្ញា ក្នុងនោះបាន​រកឃើញ​នូវ​ជនជាតិ​ខ្មែរ​ជា​បុគ្គលិក​អនាម័យ​ចំនួន ៤នាក់ និង​ចុងភៅ​ជនជាតិ​ចិនម្នាក់ ​ខណៈទីតាំងនេះពុំមានសញ្ញាណ​នៃ​បទល្មើស​ផ្សេងៗ​នោះទេ។
  2. អគារ រ៉ូយ៉ាល់យ៉ុងលិ (The Royal Yong Li) ក្នុងសង្កាត់លេខ៤ ដែលត្រូវបានចុះត្រួតពិនិត្យ​កាល​​ពីថ្ងៃទី​២៨ ខែ​កញ្ញា។​ ក្នុងប្រតិបត្តិការនេះ ក្រុមការងារពុំបានរកឃើញនូវជនអន្តោប្រវេសន៍​ស្នាក់​នៅខុសច្បាប់ ករណីបង្ខាំងធ្វើទារុណកម្ម និងជួញដូរមនុស្សនោះទេ។
  3. អគារ ជី​ង ឆាយ ៣ (Jincai 3) ក្នុងសង្កាត់​លេខ៣ ​កម្ពស់ ៨​ជាន់ ដែលមានបន្ទប់​ស្នាក់នៅ​សរុប​ចំនួន ៩០​បន្ទប់ ការិយាល័យ​ធ្វើការ​សរុប​ចំនួន ៥២​បន្ទប់ ត្រូវបានចុះត្រួតពិនិត្យកាលពីថ្ងៃ​ទី ២៨ ខែ​កញ្ញា បាន​រកឃើញ​មនុស្ស​សរុប​ចំនួន ៣៥​នាក់ ក្នុងនោះ​មាន​ជនជាតិខ្មែរ​សរុប​ចំនួន ១១​នាក់ និង​ជនជាតិ​ចិន​ចំនួន ២៤​នាក់ (​មាន​ឯកសារ​គ្រប់គ្រាន់​)​ ដោយពុំ​ឃើញមាន​ជន​រងគ្រោះ និង​សញ្ញាណ​នៃ​បទល្មើស​ផ្សេងៗ​នោះទេ។​
  4. ទីតាំងអគារស្នាក់នៅរបស់កាស៊ីណូ ឆាង ឆឹង (Chang Cheng) ស្ថិតនៅក្នុងសង្កាត់លេខ៤ កម្ពស់ ​១២​​ជាន់ ដែលមានបន្ទប់ស្នាក់នៅសរុបចំនួន ១៦៤​បន្ទប់ ត្រូវបានចុះត្រួតពិនិត្យកាលពីថ្ងៃ​ទី​៣០ ខែ​កញ្ញា បាន​រកឃើញមនុស្សចំនួន ៣៧​នាក់ (ជនជាតិចិន ៣៤នាក់, វៀតណាម ២ នាក់ និងថៃម្នាក់) ដែលក្នុងនោះមាន ១១​នាក់ គ្មានលិខិតឆ្លងដែន និង ១៧​នាក់​ គ្មានប័ណ្ណ​ការងារ។
  5. ទីតាំងសណ្ឋាគារ វ័ន សឺតា អីនវេសម៉ិន ឌីវេឡុបម៉ិន ឯ.ក (Won Siuta) ស្ថិតនៅក្នុងសង្កាត់លេខ​៣ ត្រូវបានចុះត្រួតពិនិត្យកាលពីថ្ងៃទី​៣០ ខែកញ្ញា ដោយបានរកឃើញមនុស្សចំនួន ៤០ នាក់ (ជនជាតិចិន ៣៦​នាក់, ម៉ាឡេស៊ី ២​នាក់ និងចិនតៃវ៉ាន់ ២​នាក់) ក្នុងនោះ ២៩នាក់ គ្មានប័ណ្ណ​ការងារ។
  6. ទីតាំង​សណ្ឋាគារ ហ្គួយ ហឺ ហ្គូ ជី (Guoy Heu Guon Ji) ស្ថិតនៅក្នុងសង្កាត់លេខ៣ មានកម្ពស់ ១៦ ជាន់ និងបន្ទប់ស្នាក់នៅចំនួន ១៥៣បន្ទប់ ត្រូវបានចុះត្រួតពិនិត្យកាលពីថ្ងៃទី​៣០ ខែកញ្ញា ដោយរកឃើញមានមនុស្សចំនួន ១៣០​នាក់ (ជនជាតិខ្មែរ៤៦នាក់ ចិន៥៩នាក់ វៀតណាម១៩នាក់ តួកគីម្នាក់ ឥណ្ឌូនេស៊ីម្នាក់ កូរ៉េ ២​នាក់ ចិនតៃវ៉ាន់ម្នាក់ និងមីយ៉ាន់ម៉ាម្នាក់) ក្នុងនោះ ៣៤នាក់ គ្មានប័ណ្ណការងារ និងម្នាក់ជាជនអន្តោប្រវេសន៍ស្នាក់នៅខុសច្បាប់ ប៉ុន្តែពុំមានករណីបង្ខាំង​ធ្វើទារុណកម្ម និងជួញដូរមនុស្សនោះទេ។

ទាក់ទិននឹងករណីនេះ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សុខ ផល បានឱ្យដឹងកាល​ពី​ថ្ងៃ​សុក្រ​ថា អាជីវ​កម្ម​ខុសច្បាប់​ប្រមាណជា ​៩០​​ភាគរយ បាន​បញ្ឈប់​សកម្មភាពរបស់ខ្លួនហើយ គិតចាប់តាំងពីអាជ្ញាធរ​​បាន​បើក​យុទ្ធនាការ​បង្ក្រាប​នៅ​ទូទាំងប្រទេស។

លោក សុខ ផល បន្ថែមថា៖ «​ទីតាំងដែលនៅសេសល់គឺស្ថិតនៅក្នុងចំនួន​តិចតួចប៉ុណ្ណោះ ​ដោយយើង​ក៏​មិនទាន់​ដឹងពីមូលហេតុ​យ៉ាងម៉េចដែរ ​ដូច្នេះ​យើង​នឹង​សហការ​ជាមួយ​អាជ្ញាធរបន្ថែមទៀត ដើម្បី​បន្តបោសសម្អាត ​និង​បញ្ឈប់​ទីតាំង​​ខុសច្បាប់ទាំងនេះ​»​៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Seven-Story Building Raided, Only 4 Cleaners, 1 Chef Found

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ