អាមេរិក​នឹង​ផ្តល់​ជំនួយ​សន្តិសុខ​ចំនួន ៦២៥​លានដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

សេតវិមាន ឱ្យ​ដឹង​​ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បាន​ប្រាប់ប្រធា​នា​ធិបតី​អ៊ុយ​ក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអង្គារម្សិលមិញ​ថា ទីក្រុងវ៉ាស៊ីនតោន នឹងផ្តល់ជំនួយសន្តិសុខថ្មីចំនួន ៦២៥​លានដុល្លារ ដល់ទី​ក្រុង​កៀវ (Kyiv) រួម​ទាំង​ប្រព័ន្ធមីស៊ីល HIMARS ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ។

លោក Joe Biden បានគូសបញ្ជាក់នៅក្នុង​សេចក្តីថ្លែងការណ៍​មួយថា ទីក្រុងវ៉ាស៊ីនតោន​នឹងមិន​ទទួលស្គាល់​ការភ្ជាប់តំបន់មួយចំនួន​របស់អ៊ុយក្រែន​ជាទឹកដីរបស់​រុស្ស៊ីឡើយ។

សេចក្តីថ្លែងការណ៍ បន្តថា៖ «លោក Joe Biden បានសន្យាថា នឹងបន្តគាំទ្រអ៊ុយក្រែន ខណៈ​ប្រទេស​នេះ​ការ​ពារ​ខ្លួន​​ពី​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី»។

កញ្ចប់ជំនួយនេះ គឺជាកញ្ចប់ជំនួយដំបូង ចាប់តាំងពីរុស្ស៊ីប្រកាសភ្ជាប់តំបន់មួយចំនួនរបស់អ៊ុយ​ក្រែនជាទឹកដីរបស់ខ្លួន។

​កាល​ពី​សប្តាហ៍​មុន រុស្ស៊ី បានប្រកាសភ្ជាប់តំបន់មួយចំនួន​របស់អ៊ុយក្រែន ជាទឹកដីរបស់ខ្លួន  ​ដោយ​​ហៅ​ថា​​ ជាកា​រ​ធ្វើ​ប្រជាមតិ​ក្នុងតំបន់ដែលខ្លួនបាន​កាន់កាប់។ រដ្ឋាភិបាលលោកខាងលិច និង​ទីក្រុង​កៀវ (Kyiv) បាននិយាយថា ការធ្វើប្រជាមតិនេះ បានបំពានច្បាប់អន្តរជាតិ និង​មានការបង្ខិតបង្ខំ។

ក្រសួងការបរទេសអាមេរិក បាននិយាយថា កញ្ចប់ជំនួយនោះ រួមមាន ប្រព័ន្ធមីស៊ីល HIMARS ចំនួន ៤​គ្រឿង និងគ្រាប់រ៉ុក្កែត កាំភ្លើងធំ Howitzers ចំនួន ៣២​គ្រឿង ជាមួយ​នឹងគ្រាប់​ចំនួន ៧៥ ០០០​គ្រាប់ រថពាសដែក MRAP ចំនួន ២០០​គ្រឿង និងមីនប្រឆាំងមនុស្សរបស់ Claymore។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែន​តូនី ប្លីងខិន (Antony Blinken) បាននិយាយនៅក្នុង
សេចក្តីថ្លែងការណ៍មួយថា៖ «ការវិវត្តថ្មីៗនេះ ពីការធ្វើប្រជាមតិក្លែងក្លាយរបស់រុស្ស៊ី និងការប៉ុនប៉ងភ្ជាប់តំបន់មួយចំនួន​របស់អ៊ុយក្រែនទៅជា​ទឹកដីរបស់ខ្លួន គឺគ្រាន់តែពង្រឹងការតាំងចិត្តរបស់យើងប៉ុណ្ណោះ»។

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានបញ្ចេញកញ្ចប់សព្វាវុធចំនួន ១,១​ពាន់​លាន​ដុល្លារ សម្រាប់​ប្រទេស​អ៊ុយ​ក្រែន ដែល​រួម​មាន​ប្រព័ន្ធ​មីស៊ីល HIMARS ចំនួន ១៨​គ្រឿង រួម​ទាំង​គ្រាប់រ៉ុក្កែត យន្ត​ហោះគ្មានមនុស្សបើកប្រភេទផ្សេងៗគ្នា និង​ប្រព័ន្ធ​រ៉ាដា។

ទោះយ៉ាង​ណា កញ្ចប់ជំនួយកាលពីសប្តាហ៍មុន ត្រូវបានផ្តល់មូលនិធិដោយគំនិតផ្តួចផ្តើមជំនួយ​សន្តិសុខអ៊ុយក្រែន (USAI) ដែល​មានន័យថា រដ្ឋាភិបាលត្រូវទិញអាវុធពីឧស្សាហកម្ម ជាជាងចកចេញពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកដែលមានស្រាប់។

ជំនួយសន្តិសុខរបស់អាមេរិក សម្រាប់អ៊ុយក្រែនរហូតមកទល់ពេលនេះ មានចំនួនជាង ១៦,៨ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ី​បានឈ្លានពាន​អ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា ភាព​តាន​តឹងរ​វាង​​​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើង​ខ្លាំង បន្ទាប់​ពីរុស្ស៊ី​បាន​​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរខាងរបស់​ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​ដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

រុស្ស៊ី​ បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​​ តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានធ្វើឱ្យបណ្ដាប្រទេសមួយចំនួន​នៅលើពិភពលោក​សម្រេចដាក់​ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ