គណៈ​រដ្ឋមន្ត្រី​ជប៉ុន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី

លោក គី​ហា​រ៉ា សេ​អ៊ិជី (Kihara Seiji) នាយរងខុទ្ទកាល័យជប៉ុន។ (ហ្វេសប៊ុក៖ 木原 誠二)

គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានសម្រេចដាក់ទណ្ឌកម្មថ្មីលើ​ប្រទេស​រុស្ស៊ី បន្ទាប់​ពីទីក្រុងមូស្គូ​ភ្ជាប់តំបន់ចំនួន៤​របស់អ៊ុយ​ក្រែនទៅ​ជាទឹកដីរបស់ខ្លួនដោយឯកតោភាគី។ នេះបើយោងតាមការចេញ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ។

មនុស្សសរុបចំនួន៨១​នាក់ និងស្ថាប័នចំនួន៩ នឹងត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីដែលនឹងត្រូវបង្កកទ្រព្យសម្បត្តិ។

បុគ្គលទាំងនោះ រួមមាន ក្រុមផ្ដាច់ខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលត្រូវបានគេជឿថាជាអ្នកទទួលខុសត្រូវផ្ទាល់ ចំពោះការដាក់បញ្ចូលតំបន់ទាំង៤របស់អ៊ុយក្រែនជាទឹកដីរុស្ស៊ី។ លើសពីនេះ ក៏មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធ​នឹង​យោធាផ​ង​ដែរ។

នាយរងខុទ្ទកាល័យជប៉ុន លោក គី​ហា​រ៉ា សេ​អ៊ិជី (Kihara Seiji) បានប្រាប់អ្នករាយការណ៍ព័ត៌មានថា ចំណាត់​ការ​ដែល​រុស្ស៊ី​ហៅ​ថា «ការធ្វើប្រជាមតិ» និង «ការរួមបញ្ចូល» រំលោភលើអធិប​តេយ្យ​ភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងបំពានច្បាប់អន្តរជាតិ។

លោកបាននិយាយថា ប្រទេសជប៉ុនថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើនេះ ដោយបន្ថែមថា ប្រទេសរបស់លោកមិនអាចអត់ទោសចំពោះការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីនោះទេ។

លោក Kihara បាននិយាយថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយសមាជិកបណ្តាប្រទេស G7 ផ្សេងទៀត និងសហគមន៍អន្តរជាតិ ដើម្បីជំរុញការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានសម្រេចដាក់បញ្ចូលទឹកដីអ៊ុយក្រែនជាង១៥ភាគរយ មក​ជា​ទឹកដី​របស់​​ខ្លួន​ជា​ផ្លូវការ​ ដែលក្នុងនោះមានតំបន់ចំនួន៤ រួមមាន ដូណេតស្ក៍ (Donetsk) លូហាន់ស៍ (Luhansk) ខឺសុន (Kherson) និង ​ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ