តៃវ៉ាន់​ថា សង្គ្រាម​ជាមួយ​ចិន​មិនមែន​ជា​ជម្រើស​ឡើយ

យន្តហោះកងទ័ពតៃវ៉ាន់សម្ញែងលើអាកាសដោយបង្ហាញទង់ជាតិតៃវ៉ាន់ កាលពីខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

ប្រធានាធិបតីតៃវ៉ាន់​ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សង្គ្រាមរវាងតៃវ៉ាន់ និងចិន គឺពិតជាមិនមែនជាជម្រើសឡើយ ខណៈលោកស្រីក៏បានបញ្ជាក់សាជាថ្មីអំពីឆន្ទៈក្នុងការពិភាក្សាជាមួយចិន និងសន្យាពង្រឹងការការពារដែនកោះមួយនេះបន្ថែមទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុងសុន្ទរកថានាថ្ងៃបុណ្យ​ជាតិ​របស់​កោះតៃវ៉ាន់ នៅខាងក្រៅការិយាល័យរបស់ខ្លួន ប្រធានាធិបតីរូបនេះបានលើកឡើងថា វាពិតជាគួរឱ្យសោកស្ដាយ ដែលប្រទេសចិនបានបង្កើនការបំភិតបំភ័យ និងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់។

ទាក់ទិននឹងករណីនេះ លោកស្រីថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ទៅកាន់អាជ្ញាធរទីក្រុងប៉េកាំងថា ការប្រឈមមុខដាក់គ្នាប្រដាប់ដោយអាវុធ គឺពិតជាមិនមែនជាជម្រើសសម្រាប់ភាគីទាំងពីររបស់យើងនោះទេ»។

លោកស្រីបន្ថែមថា៖ «មានតែការគោរពដល់ការប្តេជ្ញាចិត្តរបស់ប្រជាជនតៃវ៉ាន់ ចំពោះអធិបតេយ្យភាព លទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់យើងប៉ុណ្ណោះ ទើបអាចជាមូលដ្ឋានគ្រឹះសម្រាប់ការបន្តទំនាក់ទំនងឡើងវិញនៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលចិននៅតែបន្តអះអាងថា តៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។

ទោះជាយ៉ាងណា តៃវ៉ាន់ធ្លាប់បានលើកឡើងថា ខ្លួននឹងបន្តពង្រឹងការការពាររបស់ខ្លួន ដើម្បីធានាឱ្យបានថាគ្មាននរណាម្នាក់អាចបង្ខំឱ្យកោះនេះ ទទួលយកផ្លូវដែលចិនបានរៀបចំដោយមិនផ្តល់សេរីភាព និងប្រជាធិបតេយ្យនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ