ពលរដ្ឋ​១០គ្រួសារ​ដែល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់​រុនតាឯក រក្សា​ជំហរ​មិន​ទទួល​យក​ការ​ដោះដូរ

ទិដ្ឋភាពផ្ទះប្រជាពលរដ្ឋជាម្ចាស់ស្រុក (អ្នករស់នៅតាំងពីដូនតាមក) ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅឃុំរុន​តាឯក ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍តំបន់រុនតាឯក រក្សាជំហរមិនទទួលយកការដោះដូរដីឡូត៍ត្រឹមដី «២០ម៉ែត្រ គុណ ៣០ម៉ែត្រ» ដោយថា ការដោះស្រាយនេះពុំមានតម្លាភាព។

រដ្ឋាភិបាលកំពុងធ្វើការអភិវឌ្ឍភូមិធម្មជាតិរុនតាឯកថ្មី លើ​ដីទំហំ១ ១១២ហិកតា ក្នុង​ឃុំរុនតាឯក សម្រាប់​ឱ្យ​ប្រជាពលរដ្ឋដែលកំពុងរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋាន​អង្គរ ​ស្ម័គ្រចិត្ត​ដោះដូរទៅ​រស់នៅតំបន់នេះវិញ។

លោក ហ័ន រ៉ាវុធ រស់​នៅភូមិ​តានី ឃុំរុន​តាឯក ប្រាប់វីអូឌីថា ក្រោមគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកថ្មីនេះ បានធ្វើឱ្យ​ប៉ះ​​ពាល់​ដល់​ដី​អាស្រ័យ​ផល​ពួក​គាត់​២៣គ្រួសារ ដែលមានដីស្រែសរុប ៨២,៤៥​ហិក​តា ប៉ុន្តែក្រោយពីអស់សង្ឃឹមក្នុងការទទួលបានយុត្តិធម៌ជុំវិញរឿងជម្លោះដីធ្លីនេះ​ អ្នកភូ​មិចំនួន១៣គ្រួសារបាន​សម្រេចចិត្ត​ទទួលយកសំណងទាំងបង្ខំ ដោយបច្ចុប្បន្ននេះនៅសល់ពលរដ្ឋ១០គ្រួសារប៉ុណ្ណោះដែល​មិនព្រមទទួលយក។

លោក​​បន្ត​ថា គ្រួសារលោក និងពលរដ្ឋ៩គ្រួសារទៀត មិនព្រមទទួលយក​ការដោះស្រាយរបស់អាជ្ញាធរនេះទេ ដោយ​សារ​តែពួក​គាត់​មាន​ដីអាស្រ័យផលធំ ប៉ុន្តែសំណងដែលអាជ្ញាធរផ្តល់ត្រលប់មកវិញនោះ មានចំនួនតិចតួចពេក មិនអាចឱ្យពួកគាត់បង្កបង្កើនផលចិញ្ចឹមជីវិតបាន ខណៈពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ គ្មានមុខរបរផ្សេងក្រៅពី​ធ្វើស្រែចម្ការ។

លោក ហ័ន រ៉ាវុធ អះអាងថា គ្រួសារគាត់​បាន​កាន់កាប់និងអាស្រ័យផលបន្តពីដូនតា​​លើដីទំហំជិត២ហិកតា ហើយ​លោក​ក៏មានលិខិត​បញ្ជាក់កា​រ​កាន់​កាប់​ដី​ពី​អាជ្ញាធរមូលដ្ឋានថែមទៀត ប៉ុន្តែ​ក្រោយមានគម្រោងអភិវឌ្ឍន៍នៅតំបន់រុនតាឯក អាជ្ញាធរបែរជាចោទពួកគាត់ថា រស់នៅលើដីរដ្ឋដោយខុសច្បាប់ និងបង្ខំឱ្យពួកគាត់ដោះដូរសំណងត្រឹមដី២០ម៉ែត្រគុណ៣០ម៉ែត្រទៅវិញ។

លោកបន្ថែមថា៖ «តើឱ្យខ្ញុំទៅយកដីត្រឹម៣ឡូត៍ហ្នឹងទៅប្រកបរបរអាជីវកម្ម កសិកម្មធ្វើម៉េច? ព្រោះយើងចេះតែរបរធ្វើស្រែចម្ការ អ៊ីចឹងយើងយកដីត្រឹម៣ឡូត៍ទៅធ្វើស្រែចម្ការយ៉ាងម៉េច? បានស្រូវប៉ុន្មានការ៉ុងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ? ​នេះជាមូលហេតុដែលពួកខ្ញុំមិនព្រមទទួលយក។ ហើយមួយទៀត ពួកខ្ញុំដែលកំពុងតវ៉ាដីធ្លីនេះ គឺជាប្រជាពលរដ្ឋដែលរស់នៅយូរលង់ណាស់មកហើយ ជាអ្នកភូមិកំណើតរស់នៅទីនេះ ហើយដីស្រែចម្ការយើងនេះ គឺជាដីកេរមរតកដូនតារបស់យើង»

ពលរដ្ឋម្នាក់ទៀត ឈ្មោះ ហ៊ុប ទូច អាយុ៦៣ឆ្នាំ និយាយថា គ្រួសារលោកបានអាស្រ័យផលដោយធ្វើស្រែចម្ការលើដី៩ហិកតាបន្តពីឪពុកម្តាយ និងទុកចែកឱ្យ​កូន៦នាក់ រួមទាំងចៅៗជំនាន់ក្រោយទៀត។ លោកថា វាជារឿងអយុត្តិធម៌មួយដែលអាជ្ញាធរ​​យកដីធ្លីរបស់ពួកគាត់ទៅបែងចែកឱ្យពលរដ្ឋរស់នៅខុសច្បាប់ក្នុងតំបន់អង្គរ។

បុរសវ័យ៦០ឆ្នាំរូបនេះ ទាមទារទៅរដ្ឋាភិបាលឱ្យដោះស្រាយដោយផ្ដល់ដីមក​ឱ្យគ្រួសារ​លោកវិញ ចំនួន​៥០ភាគរយ និងចេញ​បណ្ណកម្ម​សិទ្ធិជូនពួកគាត់ ដូចពលរដ្ឋចំណូលថ្មីដែលបានដីនៅទីនោះដែរ។ លោក ហ៊ុប ទូច កំពុងបារម្ភពីផលប៉ះពាល់​ជីវភាព ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយ​បញ្ហានេះឱ្យ​បានសមរម្យសម្រាប់ពួកគាត់។

លោកបន្ថែមថា៖ «ឱ្យខ្ញុំយកដី១ឡូត៍ ចុះបើខ្ញុំមានគោក្របីផង ឱ្យខ្ញុំនៅកន្លែងណា? ដីឡូត៍នៅបានតែអ្នកផ្សារ គេមានការ​ងារ​កន្លែង​ផ្សេង​ធ្វើ ចុះបើខ្ញុំជាអ្នកស្រែនៅម៉េចកើត? រាល់ថ្ងៃស៊ីឈ្នួលគេ រកលុយទិញម្សៅស៊ុបឱ្យកូនស៊ីមិនគ្រប់ផង ចុះទម្រាំរកលុយទិញអង្ករហូបទៀត មិនដាច់ពោះកូនចៅងាប់ទេ?»

ពលរដ្ឋម្នាក់ទៀត លោក ហួន នាង អះអាងថា គ្រួសារលោកប៉ះពាល់ដីធ្លីទំហំជាង២ហិកតា ខណៈ​ដីនេះ ឪពុកម្ដាយរបស់លោកបានចែកឱ្យបងប្អូនរបស់លោកចំនួន៨នាក់ សម្រាប់ធ្វើស្រែ។ លោកបន្តថា អាជ្ញាធរបានចុះទៅសម្របសម្រួលឱ្យ​អ្នក​​ភូមិ​ទទួលយកដី២០ម៉ែត្រគុណ៣០ម៉ែត្រចំនួន៣ឡូត៍ ប៉ុន្តែគ្រួសារលោកនៅតែមិនព្រមទទួលយក ដោយសារបងប្អូនលោក​ច្រើន ចែកគ្នាមិនគ្រប់។

លោកបន្ថែមថា៖ «បើគេដោះស្រាយឱ្យ៥០ភាគរយ​ម្នាក់​ ដោយ​​ពលរដ្ឋបានដី៥០ភាគរយ ខាងអាជ្ញាធរជាតិអប្សរាបាន៥០ភាគរយ នោះវាអាចថាយើង​សល់ដីសម្រាប់ដាំបន្លែបង្ការ​​​ខ្លះៗ ព្រោះយើងអស់មុខរបររកហើយ យើងចេះតែធ្វើរកទៅ ហើយសល់ចែកបងប្អូនខ្លះរស់នៅរៀងខ្លួនៗ។ ចុះនេះឱ្យគ្នា២០ម៉ែត្រគុណ៣០ម៉ែត្រ រស់នៅផ្ដុំគ្នាម៉េចកើត?»

ពលរដ្ឋម្នាក់ដែលព្រមទទួលយកការដោះដូរ អ្នកស្រី ឈឺន នៅ អាយុ៥៦ឆ្នាំ និយាយថា គ្រួសារអ្នកស្រីបានកាន់កាប់និងអាស្រ័យផលលើ​ដីទំហំ ២ហិកតា និងធ្លាប់​មានជម្លោះជាមួយអាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ២០១៤ ក្រោយពីអាជ្ញាធរមក​រៀប​ចំ​​អភិវឌ្ឍ​នៅតំបន់រុនតាឯកនេះ។

អ្នកស្រី ឈឺន នៅ បន្តថា ថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាបបានចុះមកសម្របសម្រួលឱ្យអ្នកស្រីចាកចេញពីដីខ្លួនឯង ​ដោយដោះដូរទៅយកដីឡូត៍២០ម៉ែត្រគុណ៣០ម៉ែត្រ ចំនួន៣ឡូត៍ អ្នកស្រីក៏យល់ព្រមដោះដូរ។ អ្នកស្រីថា អ្នកស្រីទទួលយកនេះទាំងបង្ខំចិត្តនោះទេ ដោយសារអស់ជំនឿលើការដោះស្រាយរបស់អាជ្ញាធរ និងមិនសង្ឃឹមទទួលបានយុត្តិធម៌ពីជម្លោះដីធ្លីនេះ។

ពលរដ្ឋរូបនេះបន្ត​ថា ក្រោយ​ជម្លោះ​ដីធ្លីនេះ គឺ​មាន​ពលរដ្ឋជាច្រើននាក់បានជាប់បណ្តឹងនៅតុលាការ ក្នុងនោះក៏មានស្វាមីអ្នកស្រីដែល​បានស្លាប់ផងដែរ ក្រោយពីដើរតវ៉ាទាមទារដីធ្លីរបស់ខ្លួនមកវិញ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំតវ៉ាយូរហើយ ហើយអស់ជំនឿលើ​ការដោះស្រាយដោយយុត្តិធម៌ពីអាជ្ញាធរ អស់សង្ឃឹម! ខ្ញុំយកទាំងទឹក​ភ្នែក ខ្ញុំ​យក​ទាំង​សោកស្តាយ ខ្ញុំស្រណោះដីខ្ញុំណាស់ តែមិនដឹងធ្វើម៉េច»

មេឃុំ​រុនតាឯក​ អ្នកស្រី ឈួន អឹម សុំមិនឆ្លើយតបជុំវិញរឿងនេះ ដោយនិយាយយ៉ាងខ្លីថា ករណីនេះបានដល់ដៃតុលាការ ហើយពលរដ្ឋទាំងនោះក៏បានចាញ់ក្ដីអាជ្ញាធរផងដែរ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាប លោក សួស ណារិន ដែលតាមដានករណីនេះ មានប្រសាសន៍​​ថា តាម​ការ​​ស្រាវ​​ជ្រាវ​​របស់​​លោក គឺពលរដ្ឋបានកាន់កាប់និងអាស្រ័យផលលើដីមានជម្លោះនោះជាច្រើនឆ្នាំមកហើយ និងមានលិខិតបញ្ជាក់ការកាន់កាប់ពីអាជ្ញាធរមូលដ្ឋានថែមទៀត។

លោក​បន្តថា ការដោះស្រាយដោយផ្ដល់ដីឡូត៍ត្រឹមតែ ២០ម៉ែត្រគុណ៣០ម៉ែត្រ ខណៈដីពលរដ្ឋមានទំហំ​រាប់​ហិកតា​នោះ គឺពុំ​មាន​​តម្លា​​ភាព ហើយ​ទង្វើ​នេះបាន​រំលោភ​សិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។ មន្ត្រីសិទ្ធិមនុស្ស​រូប​នេះបាន​ទទូច​ដល់​រដ្ឋាភិបាល​ ជាពិសេស​អាជ្ញាធរជាតិអប្សរា ពិចារណាដោះស្រាយជូនពលរដ្ឋឡើងវិញ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋក្នុងការ​ទទួលបានដីធ្លី ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។

លោកបន្ថែមថា៖ «អ៊ីចឹង​មាន​ន័យ​ថា ការ​អនុវត្ត​បង្ខំ​ឱ្យ​ពួកគាត់យកដីឡូត៍ត្រឹម២០ម៉ែត្រគុណ៣០ម៉ែត្រហ្នឹង គឺជាការរំលោភ​លើសិទ្ធិរបស់ប្រជាពលរដ្ឋ ​ក្នុងការកាន់កាប់ដីធ្លីដោយស្របច្បាប់ ព្រោះថា មិន​មានហេតុផលណាមួយដែលមិនអាចដោះស្រាយឱ្យពួកគាត់បានទេ ព្រោះថាដីទំហំដល់ទៅ១ ០០០​ហិកតា គួរតែកាត់ឆ្វៀលឱ្យគាត់ទៅ វាចប់បាត់ហើយ»

រដ្ឋាភិបាលកំពុងរៀបចំតំបន់រមណីយដ្ឋាន​​អង្គរឡើងវិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលនៅតំបន់ការពារមួយនេះ ស្ម័គ្រ​ចិត្ត​ដោះដូរលំនៅឋានទៅនៅទីតាំងថ្មីដែលរៀបចំដោយអាជ្ញាធរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុង​ស្រុកបន្ទាយ​ស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងស្រុកអង្គរធំ ខេត្ត​សៀម​រាប ដោយ​ក្នុង១គ្រួសារទទួលបានដីឡូត៍ ២០ម៉ែត្រគុណ៣០ម៉ែត្រ។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា​ សរសេរលើហ្វេសប៊ុករបស់លោកថា គិតមកដល់ថ្ងៃទី១០ ខែតុលា​នេះ មានពលរដ្ឋចំនួន​៨ ០៣១គ្រួសារ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានទៅចាប់ឆ្នោត និងស្ម័គ្រចិត្តដោះដូរ​ទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ