តុលាការ​មីយ៉ាន់ម៉ា​កាត់ទោស​លោកស្រី អ៊ុងសាន ស៊ូជី ឱ្យ​ជាប់​ពន្ធនាគារ​៣ឆ្នាំ​បន្ថែម​ទៀត​ពី​បទ​ទទួលសំណូក

មនុស្ស​ម្នាក់​បង្ហាញ​ម្រាម​ដៃ​បី​លើក​ឡើងនៅ​មុខ​ផ្ទាំង​បដា​ដែល​មាន​រូប​លោកស្រី​ អ៊ុងសាន ស៊ូជី អំឡុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង​យ៉ាំងហ្គោន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ ២០២១។ (REUTERS/Stringer TPX)

យោងតាមប្រភពមួយបានឱ្យដឹងថា តុលាការដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា ​នៅថ្ងៃ​ពុធនេះ​ បាន​​កាត់​ទោស​​អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំបន្ថែមទៀត ពី​បទ «​ទទួលសំណូក»។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អាយុ៧៧ឆ្នាំរូប​នេះ បច្ចុប្បន្ន ត្រូវបានតុលាការចោទប្រកាន់ពីបទប្រព្រឹត្តបទ​ល្មើសប្រមាណ២០​ករណីហើយ ដែលក្នុងនោះរួមមាន​ ការនាំចូលអាយកូមដោយខុសច្បាប់ បទរំលោភវិធានការទប់ស្កាត់វិបត្តិកូវីដ-១៩ បទរំលោភការសម្ងាត់រដ្ឋ និងបទចោទធ្ងន់ធ្ងរមួយចំនួនទៀត ដែលអាចនឹងជាប់ពន្ធនាគារសរុបរហូតដល់​​​ប្រមាណជា១៩០​ឆ្នាំ បើ​តុលាការរកឃើញថា លោកស្រីមានកំហុសក្នុងសំណុំរឿងទាំងនេះ។

ទោះជាយ៉ាងណា បទចោទទាំងអស់នេះត្រូវបានច្រានចោលដោយលោកស្រី អ៊ុងសាន ស៊ូជី។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ គិតចាប់តាំងពីក្រុមយោធាបានដណ្តើមយកអំណាចមកគ្រប់គ្រងកាលពីខែកុម្ភៈឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង​សាន ស៊ូជី ដែល​បង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស ក្នុងនោះ ជនស៊ីវិលរាប់ពាន់នាក់​ក៏ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបកូដកម្ម និងបាតុកម្មនានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ