រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) លោក ស ខេង បានទម្លាយរឿងពុករលួយរបស់រដ្ឋមន្ត្រីមួយរូបដោយមិនបញ្ចេញឈ្មោះ ពាក់ព័ន្ធគម្រោងធ្វើផ្លូវ ខណៈរដ្ឋមន្ត្រីរូបនោះចោទក្រសួងមហាផ្ទៃថាព្យាយាមប្រមូលអំណាច។
ក្នុងពិធីមួយនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែតុលានេះ លោក ស ខេង ថ្លែងថា កន្លងទៅ មានការឯកភាពនិងចាប់ដៃគ្នាថានឹងខិតខំធ្វើកំណែទម្រង់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្លាយជារដ្ឋបាលមួយខ្លាំង ហើយប្រគល់សិទ្ធិអំណាចទៅថ្នាក់ក្រោមជាតិ ដើម្បីចាត់ចែងផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ប៉ុន្តែលោកថា វិធាននេះបែរជាមានរដ្ឋមន្ត្រីមួយរូបបានចោទប្រកាន់ថា ក្រសួងមហាផ្ទៃជាអ្នកប្រមូលអំណាចទៅវិញ។
លោកថា៖ «មានថ្នាក់រដ្ឋមន្ត្រីខ្លះភ្លើដល់ថ្នាក់ហ្នឹង! ភ្លើខ្លួនឯង! ប៉ុន្តែមិនមែនគេល្ងង់ទេ គេឆ្លាត តែឆ្លាតខាងខូច មិនចង់ផ្ទេរអំណាច ព្រោះផ្ទេរទៅ វាបាត់ផលប្រយោជន៍ តាមស៊ីតាមចុកគម្រោងនីមួយៗ យកមកផ្លូវនេះធ្វើអស់ប៉ុន្មាន? ថាអស់១លាន[ដុល្លារ] តម្លៃអស់ប៉ុន្មាន? ដែលធ្វើជាក់ស្ដែង ចាយជាក់ស្ដែង បានតែ៤០ម៉ឺន[ដុល្លារ]ហ្នឹង ចាត់ទុកថាខ្លាំងហើយផ្លូវហ្នឹង។ សូមទោស ខ្ញុំមិនបែបនេះ មិនមែនហែក[កេរ្តិ៍]ទេ ប៉ុន្តែរឿងខ្លះដែលខ្ញុំទ្រាំមិនបាន ខ្ញុំនិយាយដែរ មែនតើ! តែមានមានករណីខ្លះទេ វាមិនទាំងអស់ទេ»។
យ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះបានគូសបញ្ជាក់ថា អ្វីដែលក្រសួងបានធ្វើ គឺដើម្បីពង្រឹងគុណភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមយន្តការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
លោកថា៖ «របបយើងក្រែងជារបបយកប្រជាជនជាសំខាន់? យកជាបង្អែកអី? ការបម្រើប្រជាជនបានល្អ មិនដែលចេះចាញ់ឆ្នោតទេ ហើយស្រុកហ្នឹងវាសុខសប្បាយហើយ! វាមិនអាចប៉ុន្មាននាក់នៅខាងលើធ្វើបានទាំងអស់ទេ ចែកការងារមកឱ្យខាងក្រោមធ្វើ! ភូមិធ្វើអីបាន ធ្វើទៅ! ឃុំធ្វើអីបាន ឱ្យធ្វើទៅ! ស្រុកធ្វើអីបាន ធ្វើទៅ! ខេត្តធ្វើអីបាន ឱ្យធ្វើទៅ! បង្កលក្ខណៈឱ្យគេទៅ»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ការអនុវត្តគោលនយោបាយ ស្តីពី វិមជ្ឈការ និងវិសហមជ្ឈការ ជាមូលដ្ឋានជំរុញគណនេយ្យភាព ឬការទទួលខុសត្រូវរបស់មន្ត្រីបច្ចេកទេស និងមន្ត្រីនយោបាយ ក្នុងជួរក្រុមប្រឹក្សាឃុំ-សង្កាត់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បញ្ហានេះ លោកយល់ថា ការទម្លាក់ចោលនូវប្រយោជន៍បុគ្គល ដើម្បីរួមគ្នាពង្រឹងប្រសិទ្ធភាពយន្តការនេះ ជាការចង់បានរបស់ក្រុមអង្គការសង្គមស៊ីវិល។
មួយវិញទៀត លោកថា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាតម្រុយសំខាន់សម្រាប់ឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យឡើងវិញទៅលើនីតិវិធីផ្សេងៗ ដើម្បីបង្កើតជាវិធានការទប់ស្កាត់ កុំឱ្យថវិកាជាតិធ្លាក់ទៅក្នុងដៃមន្ត្រីខិលខូច ធ្វើឱ្យខាតប្រយោជន៍ជាតិតាមរយៈការបំប៉ោងទិន្នន័យ។
លោកថា៖ «អាជ្ញាធរសវនកម្មជាតិ គួរតែធ្វើកិច្ចការងាររបស់ខ្លួន ដើម្បីឱ្យកើតចេញជាអនុសាសន៍ ឬក៏វិធានការ ដើម្បីកាត់បន្ថយនូវការបំប៉ោងការចំណាយសម្រាប់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន ដោយស្ថាប័នឬក៏ក្រសួងជំនាញណាមួយដែលមិនទាន់មានឆន្ទៈពិតប្រាកដនៅក្នុងការធ្វើវិមជ្ឈការ និងវិសហមជ្ឈការនេះ»។
VOD មិនអាចស្វែងរកការបញ្ជាក់ពីអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ លោកស្រី សោម គិមសួគ៌ បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន អះអាងថា លោកមិនបានដឹងបញ្ហាដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលើកឡើង សំដៅដល់ការកសាងផ្លូវកន្លែងណាពិតប្រាកដទេ ដែលការណ៍នេះ លោកសុំមិនធ្វើអត្ថាធិប្បាយឡើយ។
ប៉ុន្តែលោកបញ្ជាក់ថា ការទទួលខុសត្រូវលើការកសាងផ្លូវ មិនមែនមានតែក្រសួងសាធារណការទេ មានទាំងក្រសួងអភិវឌ្ឍន៍ជនបទ និងផ្នែកខ្លះជាការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត ដោយអាស្រ័យលើប្រភេទផ្លូវ។ យ៉ាងណា លោកថា សម្រាប់ក្រសួងសាធារណការ មានការប្រុងប្រយ័ត្នបញ្ហានេះ។
លោកថា៖ «ក្នុងករណីដែលធ្វើមិនត្រូវបច្ចេកទេស គេអត់ទទួលយកទេ គឺត្រូវតែធ្វើឡើងវិញ! ជាពិសេស គឺអ្វីដែលក្នុងការដឹកនាំរបស់ទេសរដ្ឋមន្ត្រី ឯកឧត្ដម ស៊ុន ចាន់ថុល មានការប្រយ័ត្នណាស់ កន្លែងនេះ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ធ្លាប់បញ្ជាក់ថា ប្រព័ន្ធដឹកនាំរដ្ឋដែលប្រទាក់ក្រឡាគ្នាដោយសែស្រឡាយ ជាដើមចមជំរុញឱ្យមានអំពើពុករលួយចាក់ស្រែះ រារាំងការលូតលាស់សេដ្ឋកិច្ចជាតិ ប្រព័ន្ធតុលាការមិនឯករាជ្យ និងបង្កឱ្យមានអយុត្តិធម៌សង្គមធ្ងន់ធ្ងរ ជាដើម។
លោក ស ខេង កាលពីខែសីហា ឆ្នាំ២០២២ បានបញ្ចប់មុខតំណែងមន្ត្រីនៅក្រសួងនេះ ថ្នាក់អនុរដ្ឋលេខាធិការ ក្រោយពីរកឃើញថា មន្ត្រីនោះមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដើរសន្យាលក់ក្របខណ្ឌនគរបាលជាតិ ក្នុងតម្លៃចន្លោះពី១ម៉ឺន ទៅ២ម៉ឺនដុល្លារ។ លោកក៏បានទម្លាយដែរថា អំពើពុករលួយប្រភេទនេះកំពុងកើតមាននៅក្រសួងផ្សេងទៀត តែលោកសុំមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងនោះទេ។
តាមសន្ទស្សន៍យល់ឃើញពីអំពើពុករលួយ ឆ្នាំ២០២១ ចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោមប្រទេស និងដែនដីចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជានៅតែជាប្រទេសមានកម្រិតពុករលួយអាក្រក់ជាងគេបំផុត ក្នុងចំណោមប្រទេសទាំង១០នៃសមាជិកអាស៊ាន៕