សភា​បោះឆ្នោត​គាំទ្រ​លោក ឌិត ទីណា ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម

លោក ឌិត ទីណា ត្រូវ​បានរដ្ឋសភា​បោះឆ្នោតគាំទ្រជាឯកច្ឆ័ន ផ្តល់សេចក្តីទុកចិត្ត ​ឱ្យធ្វើជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ នាយករដ្ឋមន្រ្តី ហ៊ុន សែន)

រដ្ឋសភា​បោះឆ្នោត​គាំទ្រជា​ឯកច្ឆ័ន​ផ្តល់សេចក្តី​ទុកចិត្ត​លោក ឌិត ទីណា ធ្វើជា រដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម ដោយសំឡេងគាំទ្រ១១១ លើ១១១។

ការបោះឆ្នោតផ្តល់​សេចក្តីទុកចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សភាបោះឆ្នោតទុកចិត្តលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង ថ្លែងប្រាប់ វីអូឌី នៅព្រឹកថ្ងៃសុក្រនេះថា សមាជិកសភាដែលបានចូលរួមប្រជុំទាំង ១១១​រូប​បាន​បោះឆ្នោតគាំទ្រលោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្មទាំងអស់គ្នា។

លោក ឌិត ទីណា បច្ចុប្បន្នជា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល គឺជាកូនប្រុសរបស់លោក ឌិត មុន្ទី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការកណ្ដាល​គណបក្សប្រជាជនកម្ពុជា និងជា​ប្រធានតុលាការកំពូល។

លោក ឌិត ទីណា បានបំពេញការងារជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ពីឆ្នាំ២០១៤ ដល់ពេលបច្ចុប្បន្ន ជា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ និងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។

​លោក​នាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី០៨ ខែតុលា បានស្នើទៅ​​រដ្ឋសភា​​រៀបចំការ​​បោះឆ្នោត​ផ្ដល់​សេចក្ដីទុក​ចិត្ត​ដល់​​លោក ឌិត ទីណា រដ្ឋលេខា​ធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានព្រះមហាក្សត្រខ្មែរ ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់មុខតំណែង កាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅ។

ការបញ្ចប់មុខតំណែង​លោក វេង សាខុន ធ្វើឡើង​ប្រមាណ៨ខែ ក្រោយពេលដែលលោកធ្លាប់ត្រូវបានលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តី​បន្ទោស​ខ្លាំងៗថា ជារដ្ឋមន្ត្រីដែលមិនចេះ​សហការជាមួយ​មន្ត្រីដទៃ។ បន្ថែមពីនេះលោក ហ៊ុន សែន ក៏ធ្លាប់ព្រលយម្តងរួចមកហើយ នៅមុខលោក វេង សាខុន ចំពោះ​ការដក​រដ្ឋមន្ត្រី​ណាមួយ​ចេញពីតំណែង​ ដោយថា លោកត្រូវការពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ