សកម្មជន​ដីធ្លី​នៅ​ត្បូងឃ្មុំ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ​រង​របួស ខណៈ​មក​ចូលរួម​សិក្ខាសាលា​នៅភ្នំពេញ

លោក ហឿន ស៊ីនាត សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្ត​ត្បូង​ឃ្មុំ បង្ហាញស្នាមលើថ្ពាល់ដែលត្រូវបានជនមិនស្គាល់មុខ​ព្រួតវាយឱ្យរងរបួស ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្ត​ត្បូង​ឃ្មុំ ត្រូវបានជនមិនស្គាល់មុខ​ព្រួតវាយឱ្យរងរបួស ខណៈលោកមកចូលរួមសិក្ខាសាលា​មួយ​នៅរាជធានីភ្នំពេញ។

សកម្មជនដីធ្លីនៅសហគមន៍ស្រែប្រាំង ខេត្តត្បូងឃ្មុំ លោក ហឿន ស៊ីនាត ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា កាលពីវេលាម៉ោង​ជាង​៨យប់ ​ថ្ងៃទី១៦ ខែតុលា ម្សិលមិញ​ មាន​ជន​មិន​ស្គាល់​មុខ​​​​៣នាក់ ជិះម៉ូតូ​២គ្រឿង ​ចុះមក​ព្រួត​វាយ​លោក​នៅ​ម្ដុំបឹងត្របែក​ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាល​ឱ្យ​រងរបួស​ត្រូវត្រង់ថ្ពាល់ខាងឆ្វេង​ដេរ​៣ថ្នេរ និង​ត្រូវ​ក្បាល ខណៈ​លោកនិង​មិត្តភក្តិ២​នាក់ទៀត បានដើរ​ទៅរកទិញអាហារ​ទទួលទាន ក្រោយពីចូលរួមសិក្ខាសាលាមួយ​។

លោក ហឿន ស៊ីនាត អះអាងថា រូបលោកមិនស្គាល់មុខជនបង្ក ឬធ្លាប់មានរឿងអ្វីជាមួយគ្នាពីមុនមកនោះទេ។ លោកថា ករណីនេះ លោកបានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍​នគរបាល​សង្កាត់​​ផ្សារ​ដើម​ថ្កូវ​ រួច​ហើយ​ នៅថ្ងៃទី១៧​ ខែតុលា​នេះ ដើម្បី​ឱ្យ​ស្វែងរក​ជន​​បង្ក​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។

លោកបន្ថែមថា៖ «ខ្ញុំឮគាត់[ជនបង្ក]ស្រែកពីចម្ងាយ​ “អាហ្នឹង​ឌឺៗ” ហើយ​ខ្ញុំក៏មិនបានចាប់អារម្មណ៍ដែរ ព្រោះខ្ញុំអត់​បានស្គាល់​ពួក​គាត់ និង​មាន​រឿង​អី​ជាមួយអ្នកណាដែរ ហើយពេលដែលគាត់ជិះម៉ូតូមក​ដល់​ជិតខ្ញុំ​ហ្នឹង ពួកគាត់ក៏ចុះពីលើម៉ូតូវាយ​យកៗ ហើយក៏ឡើងម៉ូតូបក​ទៅ​វិញ អត់បាននិយាយគ្នាអីទេ»

នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់​ផ្សារដើមថ្កូវ លោក សូ សំបាន មានប្រសាសន៍ថា លោក​មិនទាន់បានទទួលបានបណ្ដឹងពីជនរងគ្រោះនៅឡើយទេ ដោយសារលោករវល់មកធ្វើការងារខាង​ក្រៅ ប៉ុន្តែលោកថា ប្រសិនជាមានពាក្យបណ្ដឹង សមត្ថកិច្ចរបស់លោក​មិនព្រងើយកន្តើយឡើយក្នុងការធ្វើកិច្ចការងារនេះ។

លោកបន្ថែមថា៖ «តែមានពាក្យបណ្ដឹង យើងនឹងមានវិធានការហើយ។ ប៉ុន្តែឥលូវ ខ្ញុំកំពុងរវល់ប្រមូលផ្ដុំក្មេង​អនា​ថា​នៅ​បឹងត្របែក»

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ករណីមានជនមិនស្គាល់មុខវាយសកម្មជនដីធ្លីដោយមិនដឹងមូលហេតុនេះ បង្ហាញពីអសន្តិសុខសង្គម និងការអនុវត្តគោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាពរបស់​​អាជ្ញាធរ​មូលដ្ឋាននៅ​ពុំទាន់បានល្អប្រសើរនៅឡើយ។

មន្ត្រីសង្គម​ស៊ីវិល​រូប​នេះស្នើដ​ល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ ជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងការអនុវត្តគោលការណ៍​ភូមិ​ឃុំមាន​​សុវត្ថិ​ភាព​ឡើងវិញ ដើម្បីកុំឱ្យកើតមានអំពើចោរកម្ម និងអំពើហិង្សាផ្សេងៗកើតឡើង​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

លោកបន្ថែមថា៖ «អ៊ីចឹងយើងស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែវែកមុខរកជនដែលបានប្រព្រឹត្តហ្នឹងមកផ្តន្ទាទោស​តាមច្បាប់ និង​កសាង​សំណុំ​រឿង។ ហើយ​ត្រូវតែធានាសន្តិសុខដល់ប្រជាពលរដ្ឋទូទៅ មិនមែន​សម្រាប់​តែ​ជា​ប្រជាពលរដ្ឋ​ខាងក្រុម​ខ្ញុំ​ទេ គឺសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បី​ធានា​បានអំពីការអនុវត្តគោលការណ៍​ភូមិឃុំមានសុវត្ថិ​ភាព ហើយយើង​ក៏​មិនចង់​ឃើញ​ការ​ប្រើប្រាស់ហិង្សាណាមួយទៅលើប្រជាពលរដ្ឋដែរ»

បើតាមលោក ថេង សាវឿង គឺថាលោក ហឿន ស៊ីនាត ជាសកម្មជនដីធ្លីដ៏លេចធ្លោម្នាក់​នៅសហគមន៍ស្រែប្រាំង​ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែល​តែង​សកម្មក្នុងការតវ៉ាទាមទារសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ពីសំណាកក្រុមហ៊ុនឯកជនដែលទទួល​បាន​ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅតំបន់នោះផងដែរ។

កន្លងមក មានសកម្មជននយោបាយ និងសកម្មជនសង្គមមួយចំនួនបាន​រង​នូវ​អំពើហិង្សាពីសំណាក់ជនមិនស្គាល់មុខ ប៉ុន្តែមិនត្រូវសមត្ថកិច្ចស្រាវជ្រាវ និងចាប់ជនបង្ក​មកផ្តន្ទាទោសបានឡើយ។

​ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិ​មនុស្សអង្គការ​សហប្រជាជាតិ ​លើក​ទី​៥១ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ អ្ន​ក​​​​​រាយ​​ការណ៍ពិសេស​អង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតា​បន (Vitit Muntarbhorn) បានបន្តចាត់ទុកការរកមិនឃើញ​ជនល្មើស​យក​មក​ផ្តន្ទាទោសតាមច្បាប់​ ថាជាការប​​រា​​ជ័​​​យ​​​មួយ​​ក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ