ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រាស្តីពី «សីលធម៌សង្គម» ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ នៅដើមខែកុម្ភៈ ខាងមុខនេះ។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើជូនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ឱ្យដឹងថា ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។
លិខិតបន្តថា៖ «ក្រសួងមហាផ្ទៃ ស្នើឱ្យលោកស្រីប្រធានត្រូវធ្វើការសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំ តម្រាយផ្លូវធ្វើដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវគោរព និងអនុវត្តនូវវិធានសុខាភិបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានាផងដែរ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ប្រាប់វីអូឌី កាលពីថ្ងៃទី១៧ ខែមករាថា ការហែធម្មយាត្រានេះធ្វើឡើងក្នុងគោលបំណងដឹកនាំសកម្មភាពដោយអហិង្សា ជំរុញឱ្យជនគ្រប់រូបចូលរួមលើកកម្ពស់សីលធម៌សង្គម ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសីលធម៌របស់ជនតូចតាច ឬអ្នកមានអំណាចមួយចំនួន កាន់តែអាក្រក់ទៅ ដែលធ្វើឱ្យសង្គមស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។
លោកស្រីយល់ឃើញថា បើគ្មានការលើកកម្ពស់សីលធម៌សង្គមទេ នោះខ្មែរនឹងបាត់បង់នូវសីលធម៌នៃការរស់នៅ ប៉ះពាល់មុខមាត់ប្រទេសជាតិ ហើយសង្គមក៏លិចលង់ទៅតាមនោះដែរ។
បើតាមគម្រោង សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងហែធម្មយាត្រាចេញពីរូបសំណាក់លោកយាយពេញ នៅវត្តភ្នំ រាជធានីភ្នំពេញ ហើយនឹងបញ្ចប់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ៉ា ឃ្លាំង មឿង ក្នុងខេត្តពោធិ៍សាត់ ដើម្បីរំឭកដល់វីរភាពរបស់លោកដែលបានពលីជីវិតដើម្បីជាតិ។
កម្មវិធីធម្មយាត្រានេះនឹងមានអ្នកចូលរួមយ៉ាងតិច ៥០នាក់ ហើយពលរដ្ឋអាចចូលរួមបានដោយសេរី ដោយនឹងត្រូវហែឆ្លងកាត់ ៥រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់៕