ពលរដ្ឋ​ខេត្តកោះកុង​ស្នើ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​ដី​ធ្លី ខណៈ​អាជ្ញាធរ​ចោទ​ពួកគេ​ថា​អាស្រ័យផល​លើ​ដី​តំបន់​ការពារ

ស្នាក់ការល្បាតថ្មបីដុំ នៅតំបន់ឧទ្យានជាតិបូទុមសាគរ ខេត្តកោះកុង។ (រដ្ឋបាលខេត្តកោះកុង)

ប្រជាពលរដ្ឋមួយចំនួន​​នៅស្រុកបូទុម​សាគរ ខេត្ត​កោះ​កុង អំពាវនាវទៅរដ្ឋាភិបាលជួយអន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធពន្លឿនការ​​ដោះ​​ស្រាយ​វិវាទដីធ្លីជូនពួកគេឱ្យឆាប់ និងមានតម្លាភាព​ ខណៈអាជ្ញាធរ​ចោទពួកគាត់ថាបាន​ចូលទៅអាស្រ័យផលលើ​ដី​ «ឧទ្យាន​​ជាតិ​បូទុម​សាគរ» ដោយ​​ខុស​ច្បាប់​។

វ័យ៦០ឆ្នាំ អ្នកស្រី ភន ណៃស៊ី ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋនៅភូមិចម្លងគោ ឃុំថ្មស ស្រុក​បូទុមសាគរ ខេត្តកោះកុង បានរៀបរាប់ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា កន្លង​មក ពួកគាត់​ជាង​១០០​គ្រួសារបាន​នាំគ្នាយកញត្តិដាក់ទៅអាជ្ញាធរ​មូល​ដ្ឋាន អាជ្ញាធរ​ខេត្ត និង​​​ក្រសួង​​ម​ហា​​ផ្ទៃ ដើម្បីស្នើ​សុំ​ឱ្យ​ថ្នាក់ដឹកនាំស្ថាប័នទាំងនោះជួយអន្តរាគមន៍ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋឱ្យបាន​ឆាប់ និង​​មានតម្លាភាព​។ ប៉ុន្តែអ្នកស្រីថា គិតត្រឹមថ្ងៃ​នេះ មានរយៈពេលជិត​១ឆ្នាំមកហើយ អាជ្ញាធរទាំងនោះនៅតែមិនទាន់​មានការ​ដោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគាត់នៅឡើយទេ ហើយ​បែរជាអាជ្ញាធរ​មូលដ្ឋាន​​ចោទពួកគាត់​ថាចូល​ទៅអាស្រ័យផលលើដី «ឧទ្យានជាតិបូទុមសាគរ» ដោយ​​ខុសច្បាប់​ថែមទៀត​។

អ្នកស្រីលើកឡើង​ថា៖ «សូមឱ្យសម្ដេច និងអាជ្ញាធរថ្នាក់ក្រោម អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពន្លឿនការដោះស្រាយពីបញ្ហាដីធ្លីដែលមានទំនាស់ឱ្យពួកខ្ញុំឱ្យបានមុនការបោះឆ្នោត ពីព្រោះពួកខ្ញុំសុទ្ធតែអ្នកអត់ដី អត់ផ្ទះ អត់មានមុខរបរទេ នេសាទក៏អត់បាន ទៅខាងសមុទ្រ​គេចាប់​ទៀត។ ខ្ញុំអាយុ៦០ឆ្នាំហើយ អត់មានមុខរបរទៀត។ រាល់ថ្ងៃ ខ្ញុំសង្ឃឹមតែចម្ការបន្តិចបន្តួច អាស្រ័យផលដាំគ្រាន់បានលក់ដូរ»។

អ្នកស្រី ព្រែក ផាន់នី តំណាងប្រជាពលរដ្ឋម្នាក់ទៀត និយាយថា ដីទំហំជាង៤០០ហិកតានោះត្រូវបានប្រជាពលរដ្ឋកាន់កាប់ និងចូល​ទៅ​អាស្រ័យផ​ល​លើ​​ដី​​កំពុង​មាន​បញ្ហា​នោះ តាំង​ពី​ចន្លោះ​ឆ្នាំ​២០០៤ និង២០០៦ ជាបន្តបន្ទាប់មក។ ក្រោយ​មក នៅចុងឆ្នាំ​២០២១ អ្នកស្រីថា អាជ្ញាធរ​​បាន​​ចូល​​ឈូស​ឆាយ កាប់​បំផ្លាញ​ដំណាំ និង​វាយកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងចម្ការអស់​ប្រមាណជា៣០គ្រួសារ ព្រម​ទាំង​ចោទ​ប្រជាពលរដ្ឋថាចូលទៅអាស្រ័យផលលើដី «ឧទ្យានជាតិបូទុមសាគរ» ដោយ​ខុសច្បាប់​ថែមទៀតផង។

អ្នកស្រី​បន្តថា ក្រោយមានវិវាទដីធ្លីនេះ ពលរដ្ឋ​ជួបបញ្ហាប្រឈម​ច្រើន​ក្នុង​ជីវភាព​គ្រួសារ ដោយ​សារ​​អាជ្ញាធរ​បាន​ធ្វើរបង​​ព័ទ្ធ​ជុំ​វិញដី​មាន​ជម្លោះ ហើយ​មិនអនុញ្ញាត​ឱ្យពលរដ្ឋចូលទៅអាស្រ័យផល ខណៈពលរដ្ឋមួយចំនួន​កំពុងជាប់បំណុល​ធនាគារ​ផងដែរ។

អ្នកស្រីនិយាយថា៖ «គ្មាន​​មុខរបរ​ទេ មាន​តែ​ដាំ​ដំណាំ ស្លឹក​គ្រៃ និង​ដំណាំ​ទូទៅ ដើម្បី​ដោះ​ស្រាយ​អាស្រ័យ​ផល យក​ទៅ​ផ្សារ​ បានដោះ​ដូរ​ខ្លះ។ ​ឥលូវជាប់លុយគេទៀត ហើយគ្នាអត់មានការងារធ្វើ ផ្ទះក៏អត់មាននៅ ផ្ទះក៏គេរំលំអស់ ពិបាក​ចិត្ត​ណាស់ ពិបាកខ្លាំងណាស់ ឥលូវនិយាយលែងចេញហ្មង»។

វីអូឌី ​មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត និងប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី បានទេ នៅថ្ងៃនេះ ។

ប៉ុន្តែកន្លងមក ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី ធ្លាប់ប្រាប់វីអូឌី​ថា ករណីអាជ្ញាធរចុះកាប់បំផ្លាញ​ដំណាំ​ពលរដ្ឋនោះ ដោយ​សារតែ​ពួកគេចូលទៅ​អាស្រ័យផលក្នុងតំបន់ «ឧទ្យាន​ជាតិបូទុមសាគរ» ដែលជាតំបន់ការពារ​។

លោកថា៖ «ដោយពួកគាត់ចូលអាស្រ័យផលក្នុងតំបន់ឧទ្យានជាតិ។ ឥលូវខ្ញុំកំពុងប្រជុំជាមួយខេត្ត ជុំវិញរឿងនេះ ការកាត់ឆ្វៀលឬដោះស្រាយយ៉ាងណានោះ គឺរដ្ឋាភិបាលជាអ្នកសម្រេច ​ខ្ញុំគ្មាន​សិទ្ធិនោះទេ»។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ដែលតាមដានរឿងនេះ លើកឡើងថា អាជ្ញាធរមិនព្រមដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ជាការលម្អៀងទៅក្រុមហ៊ុនឯកជន​មួយចំនួន ពីព្រោះដីនៅក្នុងតំបន់ឧទ្យាន​ជាតិ​បូទុម​សាគរ​នេះ រដ្ឋាភិបាលក៏បានកាត់មួយផ្នែកទៅឱ្យក្រុមហ៊ុនឯកជនមួយចំនួន ក្នុង​នោះ​ក៏មាន​ក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង ផងដែរ។

ករណីនេះ លោកថា ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ រដ្ឋាភិបាលត្រូវជំរុញទៅអាជ្ញាធរពាក់ព័ន្ធពន្លឿនដោះស្រាយដីធ្លីនោះជូនប្រជាពលរដ្ឋឱ្យបានឆាប់។

លោកលើកឡើងថា៖ «អាជ្ញាធរត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់អំពី​ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពួកគាត់រស់នៅជាក់ស្តែង ថាតើប្រជាពលរដ្ឋរស់នៅកន្លែងហ្នឹងពិតឬអត់ទេ? គាត់ពិតជាខ្វះដីមែនក៏អត់ទេ? ដើម្បីធ្វើការដោះស្រាយដល់ពួកគាត់ មិនអាចរុះរើដោយបង្ខំ មិនមែនជាដំណោះស្រាយល្អទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ