រដ្ឋាភិបាល តាមរយៈអនុក្រឹត្យមួយបានកាត់ផ្ទៃដីបឹងតាមោក ក្នុងរាជធានីភ្នំពេញ ទំហំ៦៧ហិកតា ឱ្យទៅអ្នកជំនួញមួយរូបដែលត្រូវបានស្គាល់ថាមានទំនាក់ទំនងជាមួយនឹងកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ផ្ទៃបឹងតាមោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានរដ្ឋាភិបាលកាត់ឱ្យទៅអ្នកជំនួញធំៗ និងសែស្រឡាយមន្រ្តីជាន់ខ្ពស់ជាបន្តបន្ទាប់ ដែលក្នុងនោះមានសមាជិកព្រឹទ្ធសភា លោក កុក អាន, លោកស្រី ជា សុផាម៉ាដែន កូនស្រីបង្កើតលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី, អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន និងអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ លោក សៅ សុខា ផងដែរ។
ទាក់ទិននឹងករណីនេះ សកម្មភាពចាក់ដីលុបបឹងដើម្បីធ្វើការអភិវឌ្ឍក៏កំពុងតែបន្តធ្វើឡើង ខណៈប្រជាពលរដ្ឋរស់នៅតាមមាត់បឹង ដែលប្រឈមនឹងការបណ្តេញចេញ ក៏បាននាំគ្នាតវ៉ាផងដែរ។
យោងតាមអនុក្រឹត្យមួយរបស់រដ្ឋាភិបាល ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែឧសភា និងត្រូវបានចេញផ្សាយជាសាធារណៈកាលពីសប្តាហ៍មុន បានសម្រេចកាត់ដីបឹងតាមោកទំហំ៦៧ហិកតា ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទៅឱ្យលោក នុត តុន ដែលត្រូវបានស្គាល់ថាជានាយកក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa)។
គួរបញ្ជាក់ថា ក្រុមហ៊ុន អ័រគីដេ វីឡា ដែលដឹកនាំដោយកូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ផងដែរនោះ ក៏មាននាយកក្រុមហ៊ុនផ្សេង គឺអ្នកស្រី ខៀវ សស៊ីលៀប ដែលជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timbergreen ផងដែរ។
ជាមួយគ្នានេះ កូនស្រីលោកនាយករដ្ឋមន្ត្រីម្នាក់ទៀត គឺអ្នកស្រី ហ៊ុន ម៉ាលី និងកូនប្រសា អ្នកស្រី ពេជ្រ ច័ន្ទមុនី ក៏ត្រូវបានរកឃើញថា ជានាយកក្រុមហ៊ុនផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន អ័រគីដេ នេះផងដែរ។
លោក នុត តុន កាលពីពេលកន្លងទៅ ក៏ធ្លាប់ទទួលបានដីទំហំ៩៣ហិកតា នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខណៈអាពាហ៍ពិពាហ៍របស់លោកកាលពីខែកុម្ភៈ ក៏មានការចូលរួមដោយក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកមានអំណាចជាច្រើននៅក្នុងប្រទេសផងដែរ។
ទាក់ទិននឹងករណីនេះ ចៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ លោក ឈួន ឆាំ បានឱ្យដឹងថា រូបលោកមិនបានដឹងពីការធ្វើឯកជនភាវូបនីយកម្ម [ផ្ទៃដីបឹងតាមោក] ឬអ្នកណាដែលត្រូវទទួលបានឡើយ។
លោកបន្តថា ឃុំនេះមានផ្ទៃដីប្រមាណជា៥ ០០០ហិកតា និងមានប្រជាជនជាង២ ០០០គ្រួសាររស់នៅ។
លោកថា៖ «ខ្ញុំមិនដែលឮពីគាត់ និងអ្នកដទៃទៀត [ដែលទទួលបានដីបឹងតាមោក] ឡើយ។ ដីរបស់យើងត្រូវបានកាត់យកក្នុងចំនួនជាច្រើន និងនៅសេសសល់ក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។ ដីនៅជុំវិញបឹងតាមោក ត្រូវបានគេចាក់ពេញអស់ហើយ ខណៈគ្មានដីទំនេរទៀតនោះទេ»។
ពលរដ្ឋរស់នៅបឹងតាមោកមួយរូបដែលតវ៉ានឹងការបណ្ដេញចេញ អ្នកស្រី ប្រាក់ សុភា បានលើកឡើងកាលពីថ្ងៃចន្ទម្សិលមិញថា ដំណើរការនៃការអភិវឌ្ឍ គឺធ្វើឡើងដោយអយុត្តិធម៌។
ពលរដ្ឋរូបនេះបន្ថែមថា៖ «ផ្ទៃបឹងទាំងមូលដែលជាកេរមរតករបស់ដូនតាយើង ត្រូវបានកាត់យកឱ្យទៅ ស្ថាប័ន និងមន្ត្រីនានា ខណៈ១០៤គ្រួសារដែលរស់នៅលើដីនោះ បែរជាគ្មានដំណោះស្រាយសមស្របអ្វីទៅវិញ»។
យោងតាមអនុក្រឹត្យផ្សេងទៀតដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែឧសភា ក្នុងនោះក៏មានការកាត់ដីបឹងតាមោកទំហំ៣ហិកតាឱ្យទៅបុគ្គលឈ្មោះ តាន់ វណ្ណា និង៨ហិកតាផ្សេងទៀតឱ្យទៅឈ្មោះ តាំង ច័ន្ទពុទ្ធាវី ផងដែរ។
ទោះជាយ៉ាងណា បុគ្គលទាំង២រូបនេះមិនអាចកំណត់អត្តសញ្ញាណបានភ្លាមៗនោះទេ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Orkide Director Gets 67 Hectares on Boeng Tamok