សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅកូដករម្នាក់ទៀតឱ្យចូលបំភ្លឺពាក់ព័ន្ធបទ «រំលោភលើលំនៅឋាន» តាមបណ្ដឹងក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃពុធនេះ ប៉ុន្តែកូដកររូបនោះបានដាក់លិខិតស្នើសុំពន្យារពេលចូលឆ្លើយបំភ្លឺ ដោយថា គាត់ទើបតែទទួលបានដីកាកោះ និងត្រូវការរកពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនៅតុលាការ។
ដីកាចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ឆាយ ហុង បានកោះហៅអ្នកស្រី ឆាន បូរ៉ា ឱ្យចូលបំភ្លឺនៅរសៀលថ្ងៃទី១៩ ខែតុលានេះ ទៅតាមបណ្តឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលប្ដឹងពីបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់»។
តែយ៉ាងណា តាមរយៈលិខិតសុំពន្យារពេលចូលបំភ្លឺចុះថ្ងៃទី១៨ ខែតុលា អ្នកស្រី ឆាន បូរ៉ា បានស្នើចូលឆ្លើយបំភ្លឺនាពេលក្រោយ ដោយបញ្ជាក់ថា គាត់ទើបតែទទួលបានដីកាកោះនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែតុលា។
កូដករវ័យ៣៦ឆ្នាំរូបនេះបញ្ជាក់បន្ថែមក្នុងលិខិតសុំពន្យារពេលថា៖ «ម្យ៉ាងទៀត នាងខ្ញុំមិនទាន់មានមេធារីការពារសិទ្ធិនៅឡើយទេ។ នាងខ្ញុំត្រូវពឹងពាក់មេធាវី ដើម្បីការពារសិទ្ធិនាងខ្ញុំនៅតុលាការ»។
កាលពីចុងសប្ដាហ៍មុន កូដករណាហ្គា៤រូបផ្សេងទៀត រួមមានឈ្មោះ សៀក បញ្ញា, ជួប សោភ័ណ្ឌ, សុខ ថាវុធ និង នេត ចរិយា ក៏បានទទួលដីកាកោះឱ្យចូលឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលានេះ។ តែយ៉ាងណា កូដករទាំងនោះបានដាក់ពាក្យស្នើសុំពន្យារពេលដូចគ្នានេះដែរកាលពីថ្ងៃចន្ទ ដោយពួកគេអះអាងថា ទើបតែទទួលបានដីកាកោះមុនពីរទៅបីថ្ងៃនៃកាលបរិច្ឆេទដែលតុលាការឱ្យចូលទៅបំភ្លឺ។
ពាក់ព័ន្ធនឹងករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះដែរ កាលពីខែមករាដើមឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំនិងសកម្មជនសហជីពចំនួន១១នាក់ដែលជាតំណាងរបស់ក្រុមកូដករណាហ្គាវើលដ៍ ត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនជាបណ្ដោះអាសន្ន ក្រោមការចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ «រារាំងការអនុវត្តវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩»។ តែយ៉ាងណា ក្រោយជាប់ឃុំជិត៣ខែ ពួកគាត់ត្រូវបានតុលាការសម្រេចឱ្យដោះលែងនៅក្រៅឃុំវិញ ដើម្បីចូលរួមការចរចារកដំណោះស្រាយវិវាទការងាររួម ដែលអូសបន្លាយជាច្រើនខែមកនេះ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពេលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មរយៈពេល១០ខែមកនេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕