សង្គមស៊ីវិល​ថា​ការ​ចេញ​ញត្តិថ្កោលទោស​លោក សម រង្ស៊ី របស់​ក្រសួង​នានា​គឺ​ផ្ទុយ​ពី​អព្យាក្រឹត​របស់​មន្ត្រី​រាជការ

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

ពលរដ្ឋ អ្នកវិភាគ​ និងសង្គមស៊ីវិល លើកឡើងថា ការចេញញត្តិថ្កោលទោសលោក សម រង្ស៉ី ពាក់ព័ន្ធ​ការចោទថា​បាន «ញុះញង់កងកម្លាំងប្រដាប់អាវុធ​ឱ្យបះបោរ​ប្រឆាំងរដ្ឋាភិបាល»​ ពីសំណាក់ក្រសួង ស្ថាប័ននានា ជាការដើរផ្ទុយពីគោលការណ៍អព្យាក្រឹតរបស់មន្ត្រីរាជការ។  ​

ការចេញ​ញត្តិថ្កោលទោសលោក សម​ រង្ស៊ី ពីសំណាក់ស្ថាប័នរដ្ឋនេះ ធ្វើឡើងបន្ទាប់ពី​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែតុលា ​​បានប្រកាសជាសាធារណៈ ដោយចោទលោក សម រង្ស៉ី ថាជា «​ត្រកូលក្បត់ជាតិបីជំនាន់» និងមានគម្រោងផ្តួលរំលំរដ្ឋាភិបាលជាថ្មី​ទៀត តាមរយៈការអំពាវឱ្យ​កងកម្លាំងប្រដាប់អាវុធ​ប្រឆាំងរដ្ឋាភិបាល។

ស្ថាបនិកអង្គការអភិវឌ្ឍផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថា ​ចំពោះ​មន្រ្តី​នយោបាយ​ដែលចេញញត្តិគាំទ្រគណបក្សណាមួយនោះ គឺជារឿងធម្មតាទៅហើយ តែចំពោះករណី​មន្រ្តីសាធារណៈវិញ ​បានបង្ហាញឱ្យឃើញថា ​ពួកគេ​មិនមែនជាមន្រ្តីរាជការ​​ដែលបម្រើពលរដ្ឋទៀតនោះទេ​។

លោកថា៖ «ការដែលគាត់ចេញសារគាំទ្រគណបក្សនយោបាយជាបន្តបន្ទាប់នេះ​ បើសិនជាគាត់ជាមន្រ្តីរាជការពិតប្រាកដ​ មិនមានជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ​។ វាគឺជារឿងមួយដែលយើងអាចមើលឃើញពួកគាត់​លែងជាមន្រ្តីរាជការទៀតហើយ ព្រោះគាត់អាច​ជាបុគ្គលនយោបាយ»។

លោកបន្តថា​ នៅពេលដែល​មន្រ្តីរាជការចូលរួម​ការពារ​អ្នកនយោបាយ ធ្វើ​​ឱ្យពួកគេ​មិនមានភាព​ឯករាជ្យនិងអព្យាក្រឹតនោះទេ ហើយពួកគេ​នឹងធ្វើ​ឱ្យ​នីតិរដ្ឋធ្លាក់ចុះផងដែរ​។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក​ស្រី អ៊ុក ឆាយ៉ាវី​ ​មានប្រសាសន៍ថា ​​ក្រសួងអប់រំ​បានចាកឆ្ងាយ​ពីផលប្រយោជន៍ជាតិ ក្នុងវិស័យអបរំ ដោយសារតែក្រសួង​បាន​ចេញញត្តិ​គាំទ្រ​គណបក្សកាន់អំណាច​ ដែលខុសពី​គោលការការណ៍អព្យាក្រឹត​របស់​មន្រ្តីរាជការ​សាធារណៈនៅកម្ពុជា។​

លោកស្រីថា​៖ «មិនចាច់ក្នុងនាមខ្ញុំអ្នកថានោះទេ​ សូម្បីតែពលរដ្ឋក៏គាត់ដឹងដែរ ​ថា​តើក្រសួងអប់រំស្ថិតនៅត្រង់ណា!​ អ៊ីចឹងក្នុងនាមខ្ញុំ គ្រាន់តែផ្ដាំផ្ញើថា​ក្រសួងអប់រំមិនត្រូវ​ស្ថិតក្រោមនិន្នាការនយោបាយ​ គឺស្ថិតនៅឯករាជ្យ​​ ដើម្បីពលរដ្ឋ ដើម្បីយុវជន​ ត្រូវតែឈរនៅលើការពិត»។

លោកស្រីបន្តថា​ ញត្តិថ្កោលទោស​របស់ក្រសួងអប់រំនេះ ​គឺផ្សារភ្ជាប់​ជាមួយ​ការគំរាមកំហែងនិងហិង្សា ដែលធ្វើឱ្យជះផលអវិជ្ជមាន​កាន់តែខ្លាំង​​​លើ​សិស្សនិស្សិតផងដែរ​។ លោកស្រីស្នើដល់​ក្រសួងអប់រំឱ្យ​ត្រលប់ទៅ​គោរពគោលការណ៍អព្យាក្រឹត ក្នុងនាម​ជា​មន្រ្តីរាជការសាធារណៈឡើងវិញ។​

អ្នក​ស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា យល់ថា ​ការចេញញត្តិគាំទ្ររបស់ក្រសួងផ្សេងៗនេះ មិនមែនជារឿងថ្មីនោះទេ។ លោកបន្តថា ​ក្រសួងអប់រំ និងក្រសួងផ្សេងទៀត គួរតែ​រក្សា​អព្យាក្រឹត ក្នុងនាមខ្លួនជាស្ថាប័នរបស់រដ្ឋ និងបម្រើប្រជាពលរដ្ឋ​។  ​

លោកថា​៖ ​«ជារួមយើងឃើញថា ក្រសួងអប់រំគួរតែប្រកាន់ជំហរ​កណ្ដាល ដោយសារតែក្រសួងអប់រំ​ គឺជាស្ថាប័នអប់រំ ដែល​ចេះថ្លឹងថ្លែងពិចារណា​​ គ្រប់ជ្រុងជ្រោយ ហេតុផ​ល​ និងព្យាយាមមើលទាំងមតិទាំងសងខាង​ ជាជាង​ជាស្ថាប័ន​អប់រំឱ្យសិស្ស​ឬបុគ្គល​ណាម្នាក់ជឿតែលើគោលការណ៍នយោបាយរបស់បក្ស​»។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន មានប្រសាសន៍កាលពីថ្ងៃទី១៨ ខែតុលា ថា​ជាការពិត ក្រសួងបានហាមឃាត់មិនឱ្យសិស្សនិស្សិត​និយាយរឿងនយោបាយក្នុងសាលាពិតប្រាកដមែន ដោយសារក្នុងច្បាប់បានហាម​ តែការចេញញត្តិថ្កោលទោសលោក សម រង្ស៉ី កាលពីថ្ងៃទី១៧ ខែតុលានោះ ដោយថា ​ក្រសួងស្ថិតនៅក្រោមរាជ​រដ្ឋាភិបាល​។

រដ្ឋមន្រ្តីរូបនេះបន្តថា ​គ្រប់​មន្រ្តីរាជការសាធារណៈ និងមន្រ្តីនយោបាយ ក្នុងក្រសួងអប់រំ​​ សុទ្ធតែ​គាំទ្រញត្តិថ្កោលទោសនេះ ដោយថា​ ប្រសិនបើ​មន្រ្តីណាម្នាក់​មិនគាំទ្រញត្តិនេះ ស្មើ​នឹងមិនគាំទ្រច្បាប់ ដ្បិតមន្រ្តីទាំងអស់បានចាត់ទុកសម្ដីលោក សម រង្សី គឺជាទង្វើខុសច្បាប់​។​

លោកថា៖ «បាទ! តាមពិត​ យើងបានហាមឃាត់ការនិយាយនយោបាយក្នុងសាលារៀន​ ប៉ុន្តែ​ថាក្រសួងគឺស្ថិតនៅក្រោ​មរាជរដ្ឋាភិបាល​ ហើយរដ្ឋាភិបាលបង្កើតឡើងតាមរដ្ឋធម្មនុញ្ញ​។ ដូច្នេះ ប្រសិនបើ​ធ្វើខុសពីរដ្ឋធម្មនុញ្ញ គឺធ្វើខុសពីច្បាប់ជាតិ​»។ ​​

ចំណែក​ប្រធានអង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន​ បានឱ្យដឹងថា ​​ក្រសួងនានា​ដែល​ចេញញត្តិ​ថ្កោលទោស​នោះ ​ដើម្បីការពារ​ច្បាប់​​ សន្តិភាព និងស្ថិរភាព​នយោបាយ​ផងដែរ​។ លោកបន្តថា ​ចំពោះអ្នកទាំងឡាយណា​ដែល​ចង់​ឱ្យ​ក្រសួងនានា​រក្សា​នូវ​អព្យាក្រឹតនោះ​ គឺ​ជា​​ជាចេតនា​ចង់​ឱ្យ​មានសង្រ្គាមកើតឡើង​។

លោកថា​៖​ «អ្វីដែលអង្គការនីមួយៗចង់​ឱ្យ​ក្រសួងនានា​ទាំងឡាយទាំងពួង​ឱ្យទៅជាអព្យាក្រឹត្យហ្នឹង​ បានន័យថា មិនឱ្យចាប់អារម្មណ៍​នឹងអ្វីដែល សម រង្ស៉ី លើកឡើង ​ឱ្យទាហានហ្នឹងបែរកាំភ្លើងមករក​រំលាយរដ្ឋាភិបាល»។​

​​ទំព័រហ្វេសប៊ុក​ផ្លូវការរបស់​លោក ស​ម រង្ស៉ី​ បាន​ចេញជា​វីដេអូ​ជាង​៥នាទី​ កាលពីថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២២ ​​បានលើកឡើងដោយជំរុញឱ្យមានការផ្លាស់ប្ដូ​រ​ដោយសន្តិវិធីនៅកម្ពុជា​ នៅឆ្នាំ​២០២៣​ ឱ្យខានតែបាន។ លោកបន្តថា ​មានព្រឹត្តិការណ៍ធំៗជាច្រើនដែលជំរុញឱ្យមានការផ្លាស់ប្តូរនោះ រួមមានការបោះឆ្នោត​​ថ្នាក់ជាតិ​ និង​​​បំណង​ផ្ទេ​រអំណាចពីលោក ហ៊ុន សែន ​ទៅកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត​។ 

លោក សម រង្ស៊ី អះអាងថា លោកនឹងវិលមកកម្ពុជាឱ្យបាននៅក្នុងឆ្នាំ២០២៣ ដើម្បីដឹកនាំចរន្តនៃការផ្លាស់ប្តូរនោះ ហើយក៏ស្នើដល់កម្លាំងប្រដាប់អាវុធត្រូវរក្សាអព្យាក្រឹតភាព ដោយមិនត្រូវស្តាប់បញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​នោះឡើយ។ 

លោកថា​៖ «​អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់អព្យាក្រឹត កុំធ្វើតាមបញ្ជាលោក ហ៊ុន សែន​។ សូមឱ្យកងកម្លាំងប្រដាប់អាវុធអព្យាក្រឹត កុំប្រើអាវុធ​មកបាញ់សម្លាប់ប្រជារាស្រ្តខ្មែរ​ កុំបាញ់សម្លាប់ខ្មែរគ្នាឯង​ កុំស្ដាប់បញ្ជាជនផ្ដាច់ការ​ ជនអមនុស្សធម៌»។

យ៉ាងណា តុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានកាត់ទោសឱ្យលោក សម រង្ស៊ី ជាប់ពន្ធនាគារអស់មួយជីវិត និង​ដក​សិទ្ធិ​ធ្វើនយោបាយ​ជាស្ថាពរ ​ក្រោម​បទ​ចោទ «​ប្រគល់​ឱ្យរដ្ឋ​បរទេស​» ពាក់​ព័ន្ធ​​នឹង​​ករណី​​ដែលចោទថា ​លោក​ចុះហត្ថ​​​លេខា​​លើកិច្ចព្រមព្រៀង​កាត់ទឹកដី​កម្ពុជា​ចំនួន៤​ខេត្តនៅភាគឦសាន្ត ឱ្យ​ជន​ជាតិ​​ដើ​ម​​ភាគតិច​​ម៉ុងតាញ៉ា​ដើម្បីរស់នៅ។

សម្រាប់ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៅកម្ពុជា ដែលប្រមុខរដ្ឋស្តីទីពេលនោះ គឺលោក ជា ស៊ីម ចុះហត្ថលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ មាត្រា៣៧ បានចែងថា មន្ត្រីរាជការត្រូវមានអព្យាក្រឹតភាពក្នុងសកម្មភាពការងារ និងហាមឃាត់ដាច់ខាតនូវការប្រើប្រាស់មុខងាររបស់ខ្លួន និងសម្ភាររបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយ។ 

បន្ថែមពីនេះ ​ហាមឃាត់ដាច់ខាតសកម្មភាព​ធ្វើការដើម្បីបម្រើ​ប្រយោជន៍បេក្ខជននយោបាយ ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ។ លើសពីនេះ មិនត្រូវធ្វើការដើម្បីប្រយោជន៍គណបក្សនយោបាយ ឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។ 

មាត្រាដដែលអះអាងថា ការប្រព្រឹត្តផ្ទុយនឹងមាត្រា៣៧នេះ ត្រូវបានចាត់ទុកជាកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ