លោក ហ៊ុន សែន ថាកំពុងរៀបចំអង្គការចាត់តាំងនៅតាមខេត្ត ដើម្បីកម្ទេចក្រុមប្រឆាំងដែលគាំទ្រលោក សម រង្ស៊ី

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្រោយបញ្ចប់ការប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រធានគណបក្សកាន់អំណាច និងជានាយករដ្ឋមន្រ្តី បានបញ្ជាក់ជំហរជាសាធារណៈ​ថា លោក​នឹង​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធសាស្រ្ត ដើម្បី​តាម​កម្ទេចអ្នកដែល​លោក​​ហៅ​ថា​ជា​​ក្រុម​​ប្រឆាំង​​នៅ​​តាម​​មូល​​ដ្ឋាន ហើយ​គាំទ្រ​អង្គ​ការ​ចាត់​តាំង​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី​​។

ការព្រមានជាថ្មីទៀតនៅពេលនេះរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​បន្ទាប់​ពី​តុលាការ​រាជធានី​ភ្នំពេ​ញ កា​​​លពីថ្ងៃពុធម្សិលមិញ បាន​កាត់​ទោស​ឱ្យ​លោក សម រង្ស៊ី ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ហើយ​ផាត់​អ្នក​​ន​​យោ​​​​​​បាយ​​ចាស់វស្សារូបនេះចេញពីសង្វៀននយោបាយជារៀងរហូត។

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ក្រោយពីលោកបានបញ្ចប់ការប្តូរព័ត៌​មាន​ថ្ងៃខែឆ្នាំកំណើតក្នុង​បញ្ជី​​​បោះ​​ឆ្នោត នាព្រឹកថ្ងៃទី​២០ ខែ​តុលា នៅក្រុងតាខ្មៅ ខេត្តកណ្តាល​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រតិកម្ម​​ខ្លាំងៗ ដោយ​​​​ហៅលោ​ក សម រង្ស៊ី ថាជា​អ្នកនយោបាយ​ដែល​ក្បត់​ជាតិ​៣​ជំនាន់​។ ជាងនេះ​ទៀត លោក​​ថែម​ទាំងអះអាងថា​ ចំពោះអ្នកនៅតាមមូលដ្ឋានដែល​នៅ​បន្ត​គាំទ្រ​អង្គ​ការ​ចាត់​តាំង​របស់​លោក សម រង្ស៊ី ទៀត នឹងត្រូវកម្ទេចចោលដោយគ្មានការលើកលែងទេ។

បើតាមលោក ហ៊ុន សែន នៅពេលនេះ គម្រោង​​នៃការបំផ្លាញសំបុក​អ្នកគាំទ្រចលនាលោក សម រ​ង្ស៊ី គឺ​​​​មាន​ការឯកភាពរួចអស់​ហើយ ហើយអ្វីដែលលោកចុះទៅ​មូលដ្ឋានលើកនេះ គឺទិសដៅ​​​​ដើ​​ម្បី​​រៀប​​​ចំ​​​យុទ្ធសាស្រ្ត​កម្ទេចក្រុមប្រឆាំង ដែលលោកចាត់ទុកថា ជ្រក​ក្រោមផ្លាកអង្គការ​​ចាត់​​តាំង​​រប​ស់​លោក សម រង្ស៊ី ដែរ។

លោកបន្តថា៖ «ខ្ញុំចុះទៅតាមខេត្តនេះ ក៏សំដៅ​ដើម្បីនឹង​រៀបចំ​បណ្ដាញ ​ដើម្បី​នឹង​កម្ចាត់​ចោល​អង្គ​ការ​ចាត់​តំាង​មនោគមវិជ្ជា​ជ្រុលនិយម​ដែល​បង្កើត​ឡើង​ដោយ​ជន​ក្បត់​ជាតិ​៣​ជំនាន់​នេះ​ផង​ដែរ។ ឥលូវ​នេះ មានការគាំទ្រ​គ្រប់​គ្រាន់​ហើយ យើងនឹងធ្វើ ហើយខ្ញុំសូមឱ្យមិត្ត​បរទេស​ទាំង​​ឡាយ​ យល់​ឱ្យ​​​ច្បា​​ស់​​​​ពីចំណងទាក់ទងហេតុអ្វីបាននាំដល់រឿងនេះ»។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថា​ជា​ជនក្បត់​ជាតិ ដោយ​សារ​អ្នក​នយោបាយ​​​​​​​​​​​​​រូបនេះបានចុះកិច្ច​សន្យាព្រមព្រៀងជាមួយលោក កុក កាលពីខែមេសា ឆ្នាំ​២០១៣ កាត់​​​ទឹក​​​ដី​​នៃ​​​​ខេត្តចំនួន៤ រួម​មាន ខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ក្រចេះ ឱ្យ​ទៅ​ជន​ជាតិ​ដើម​​​ភាគ​​​តិច ម៉ុងតាញ៉ា ដើម្បីរស់នៅ។ បើគិតមកដល់ពេលនេះ ទោស​សរុប​របស់​លោក សម រង្ស៊ី តាម​​ផ្លូវតុលាការ គឺ​​​លើ​ស​ពី​​​អា​​​យុ​​​​ពិត​របស់​លោក​ដែល​មាន​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត។ មូល​ទោស​[ទោស​សរុប]ទាំង​អស់​​​នេះ ដោយ​​​មិន​​​​ទាន់គិតដល់​ទោសដែល​​​តុលាការ​​ដា​​ក់​​ពន្ធនាគារ​មួយ​ជីវិត កាល​​ពី​ថ្ងៃទី១៩ ខែតុលា និង​​បញ្ចប់ការ​​ធ្វើ​​នយោបាយ​​ជាស្ថាពរទៀត​​​នៅឡើយ​​​ផង​​។

បើទោះបែបណា អ្នកនយោបាយដែលហ៊ុមព័ទ្ធទៅដោយបណ្តឹងរាប់មិនអស់រូបនេះ នៅតែអះ​​អាង​​ថា លោកនឹងវិលចូលប្រទេសកម្ពុជាវិញនៅមុនការបោះឆ្នោតជ្រើសតាំងតំណារាស្រ្ត ឆ្នាំ២០២៣​​ខាង​​មុខ​។

ស្របពេល​ការប្រកាសជំហរបែបនេះម្តង​ជា​ពីរ​ដង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណេះវិញ ក៏​​ប្រកាស​ពី​ការ​បើក​ទ្វារ​ចំហរង់​ចាំ​វត្តមាន​លោក សម រង្ស៊ី ដែរ។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី លើក​​ឡើង​​ថា ការវិលចូលប្រទេសវិញលើកនេះ គឺវត្តមាន​របស់​លោក សម រង្ស៊ី ត្រូវស្វាគមន៍​​ដោយ​ខ្នោះ​​​ដៃ ហើយ​លោក ហ៊ុន សែន ខ្លួនឯងក៏រំឭកស្ទើរគ្រប់​វេទិកា​​​ដែរថា លោកនឹងមិន​​ចុះហត្ថ​​លេ​​ខាដើ​​ម្បី​​​ផ្សះផ្សាបញ្ចប់​​​ជ​​ម្លោះ​​នយោបាយស្ទើរតជំនាន់នេះទៀតដែរ។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបជុំវិញករណីនេះពីលោក សម រង្ស៊ី សហស្ថាបនិកគណបក្ស​សង្គ្រោះជាតិ​ដែលតុលាការ​បានរំលាយ​ នៅឡើយទេ នៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកលោក ម៉ែន សុថាវរិន្រ្ទ មនុស្សដែល​ស្និទ្ធនឹង​លោក សម រង្ស៊ី បានប្រាប់ វីអូឌី ពីប្រទេស​​បា​​រាំង​​តាមបណ្តាញសង្គម​ថា អ្វីដែលលោកនាយករដ្ឋមន្រ្តីខឹង​សម្បា ហើយត្រៀមផែន​​ការ​​កម្ចាត់​​អ្នក​​គាំទ្រចលនាលោក សម រង្ស៊ី នេះ ព្រោះតែ​លោក ហ៊ុន សែន មានភាពអាម៉ាស់នឹង​​ការ​ចាញ់​​ក្តី​​នៅ​​ប្រទេសបារាំង។ លើសពីនេះ លោកអះអាងថា ផែនការ​វិល​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ នៅ​​​មុ​​ន​​​​​កា​​រ​​បោះឆ្នោត គឺ​មិន​ប្រែប្រួល​ទេ។

មួយវិញទៀត លោក ម៉ែន សុថាវរិន្រ្ទ ថ្លែងថា ទាំង​លោក ស​ម រង្ស៊ី និង​អ្នក​នយោបាយ​ផ្សេង​ទៀត ដែល​នៅ​ជាប់​បម្រាម​តុលាការ គឺពួកគេនៅតែតស៊ូមតិ​​ដើ​​​ម្បី​​​​​ស​ង្រ្គោះ​ជាតិ ហើយ​ក៏​មិន​​ពាក់ព័ន្ធ​​នឹង​បក្ស​នយោបាយ​ណា​មួយ​​នៅក្នុងប្រទេសកម្ពុជាដែរ​។ ប៉ុន្តែលោកថា ប្រ​​សិនបើ​​​លោ​​ក ហ៊ុន សែន រៀបចំយុទ្ធសាស្រ្តកម្ទេចអ្នកគាំទ្រក្រុមប្រឆាំងនៅតាមមូលដ្ឋានដូចអ្វីដែល​​លោក​​លើក​​ឡើង​នេះ នោះជា​ការសាងកំហុសមួយដ៏ធំសម្រាប់ជីវិតនយោ​​បាយរបស់លោក ហ៊ុន សែន ហើយ។

លោកបន្តថា៖ «នៅពេលនេះ គាត់កំពុងតែឆ្លេឆ្លា និងកំពុងតែបារម្ភមែនទែនហើយ។ រឿង​នេះ​​មាន​ន័​​យ​​​​​​​ថា ដាក់ចំកន្លែងត្រូវ។ លោក សម រង្ស៊ី ដាក់​ចំ​កន្លែង​ត្រូវ​ហើយ បាន​គាត់[លោក ហ៊ុន សែន] ខឹង​​​មែន​​​ទែ​​ន​​​ហ្នឹង។​ ​សំខាន់គាត់ចាញ់តុលាការ គាត់[លោក​ ហ៊ុន សែន] មិន​ដែល​ចាញ់​សោះ។ គាត់​ចាញ់តុលាការ​នៅប៉ារីស។ រឿងនេះ ពួកខ្ញុំអត់មានបារម្ភទេ ហើយ​ម៉េច​ទៅ​រក​រឿងអ៊ី​ចឹង? លោក​ប្រធាន សម រង្ស៊ី គឺពួកយើងនៅតែសង្រ្គោះជាតិ យើង​នៅតែទាមទារសង្រ្គោះជាតិ។ ចំណែកអ្នក​ខាង​ក្នុង​​​​ជា​​​​​សិទ្ធិរបស់គេតើ!»

ការផ្តល់បទសម្ភាសនៅមុខ​សាលា​សង្កាត់​ក្រុង​តាខ្មៅ នា​ព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនា​​យក​​រដ្ឋ​មន្រ្តី ហ៊ុន សែន បានគំរាមដែរ​ថា បើមានអ្នកគាំទ្រចលនាបក្សប្រឆាំងដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ងើបមួយ កម្ទេចមួយ។ មិនតែប៉ុណ្ណោះ លោកថា បើបណ្តាបក្សនយោបាយ​ណាមួ​យ មាន​សម្ពន្ធ​មេត្រី​ភាព ត្រូវ​ប្តឹង​ទៅ​តុលាការ​រំលាយ​ចោល​ទៀត។

ជុំវិញ​រឿង​នេះ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា យល់ឃើញថា សារនយោបាយ​​របស់​លោក ហ៊ុន សែន នេះ ឆ្លុះបញ្ចាំងឱ្យឃើញ​ពីរូបភាពនៃ​ការគំរាមកំហែងផ្នែក​​ស្មារតីនៅមុនការ​​បោះ​​ឆ្នោតមកដល់។ ក្នុងនាមជាអ្នកនយោបាយ លោកចង់​ឃើញ​អ្នកនយោបាយ​​កំពូលទាំង២​រូប ​​វិ​ល​​​​មក​តុ​ចរចា និង​បញ្ចប់​វិវាទ​ខាង​នយោបាយ ​ដើម្បី​សាមគ្គី​ភាព ភាព​សុខ​សាន្ត​របស់​ពលរដ្ឋ និងការ​​​​រីក​​ចម្រើន​ផ្នែ​​ក​​​​សេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជា។

លោកបន្តថា៖ «យើងពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង​ទៅលើបរិយាកាសនយោបាយ នៅ​មុន​ការ​​​បោះ​​​​​ឆ្នោត​មក​​​ដល់នេះ។ ដូច្នេះ យើងសូមអំពាវនាវយ៉ាងទទូច និង​អង្វរក​ដល់​អ្នក​នយោបាយ​ដែល​​​​មាន​​ឥទ្ធិ​​ពល​ទាំ​​ង២ ​​គឺសម្តេចនាយករដ្ឋមន្រ្តី និងលោក សម រង្ស៊ី សូមបញ្ចប់ការប្រើប្រាស់​​វោ​​ហា​​រសាស្រ្តវាយប្រហារ ឬក៏ឌឺដងដាក់គ្នា ដើម្បីបង្កើតបរិយាកាសនយោបាយល្អប្រសើរមួយនៅ​មុន​​​ពេល​​បោះ​ឆ្នោត ហើយក៏ដើម្បីបង្ហាញនូវការផ្សះផ្សាជាតិ និងរួបរួមជាតិផងដែរ »។

សម្រាប់​លោក សេក សុជាតិ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត យល់​ឃើញ​ថា កម្ពុជា​អាច​នឹង​​ខាត​​ប្រ​​យោជន៍​ធំ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០២៣ ប្រសិនបើភាគីនីមួយៗនៅ​តែ​ប្រកាន់​​គោ​​​​​​ល​​​ជំហរដូចសព្វថ្ងៃនេះ ដែលនាំឱ្យជះឥទ្ធិ​ពល​មិន​ល្អ​ទៅដល់​ផល​​ប្រ​​យោ​​​ជន៍​​​​ប្រទេសកម្ពុជា​​។ អ្នក​វិ​​ភាគ​រូប​នេះមើលឃើញថា ចង់ឬមិនចង់ ប្រសិនបើបរិយាកាសនយោបាយនៅតែ​បន្ត​តាន​តឹង​​​បែ​​​ប​​​​នេះ ប្រាកដណាស់នឹងនាំឱ្យប៉ះពាល់ខ្លាំង​ទៅ​ដល់​ដំណើរការបោះឆ្នោត ជ្រើស​តាំង​តំណាង​​​រាស្រ្ត​ ក្នុង​ខែ​កក្កដាខាងមុខនេះ។

លោកបន្តថា៖ «បញ្ហាទាំងអស់នេះ វាគឺជា​រឿង​មួយ​ដែល​រសើប​ ហើយ​វា​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរ​ជាតិ​មើល​ឃើញ​កម្ពុជាក្នុង​ផ្លូវ​អវិជ្ជមាន ផ្លូវមិនល្អ ហើយអាចនឹងទាត់ចោលលទ្ធផលមុ​ន​ការ​​បោះ​ឆ្នោត​​។ ​​លទ្ធ​​ផល​​បោះឆ្នោតនៅឆ្នាំ២០២៣ ក៏ពិបាក​ក្នុង​ការទទួល​យក​ដែរ ពីព្រោះ​​ពេល​ដែល​អន្តរជាតិ​​​​អត់​​​​​​​មាន​ការ​​​គាំទ្រ អ៊ីចឹង​​រដ្ឋាភិបាលអាណត្តិទី៧ ក្រោយ​ការ​​បោះ​ឆ្នោត​ហ្នឹង​ ក៏​មាន​រូប​ភាព​មិន​សូវ​ល្អ ហើយក៏អាចនឹងទទួលរងនូវទណ្ឌកម្ម ឬក៏ការដាក់​កំហិត ឬ​ក៏ចំណង​ការ​ទូត​មួយ​​ចំនួន វាកាន់តែ​​​មាន​​ភាពយ៉ាប់យ៉ឺនជាងមុន»។

ជុំវិញ​បរិយាកាស​នយោបាយ និង​លំហសេរីភាពខាងនយោបាយនៅក្នុងប្រទេសកម្ពុជានេះ ស​​ភា​​អឺរ៉ុប កាល​ពីដើ​ម​ខែ​ឧសភា ឆ្នាំ២០២២​ កន្លងទៅ​នេះ បាន​ព្រមាន​ផ្តាច់​​​ប្រព័ន្ធអនុ​​គ្រោះ​​ពន្ធ​​ ឬហៅ  កាត់ថា EBA ទាំង​​ស្រុង បន្ថែមពីលើការព្យួរ EBA ២០% កាលពីលើកមុនពីប្រទេសកម្ពុជា។

ការព្រមានដ៏កម្របែបនេះធ្វើឡើងតាមរយៈញត្តិរួមមួយដែលគាំទ្រដោយតំណាងរាស្រ្ត​​សមាជិក​ស​​​ភា​​​អឺរ៉ុប ៥២៦រូប លើ ៥៩៤រូប។ សភាអឺរ៉ុប តាមរយៈគណៈកម្មការរបស់​ខ្លួនដែល​មាន​សមាជិក​ទាំង​២៧​​​ប្រទេស ត្រូវ​ឃ្លាំមើល​ដោយ​ម៉ត់​ចត់ និង​ដិតដល់​អំពី​ដំណើរ​ការបោះ​ឆ្នោត​ទាំង​ថ្នាក់​ឃុំ​សង្កាត់ និង​ថ្នាក់​​​ជាតិ​​​ឆ្នាំ​​២០​​២​​៣ ហើយបើរកឃើញថាការបោះឆ្នោតទាំង២លើកនេះប្រព្រឹត្តទៅមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ប្រព័ន្ធអ​នុគ្រោះពន្ធ​ដែល​នៅ​សេស​សល់​បន្ថែម​ទៀត​នេះ នឹង​ត្រូវ​កាត់​ផ្តាច់​តែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ