នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី លីស ត្រាស់ (Liz Truss) ព្យាយាមរក្សាអំណាច បន្ទាប់ពីរដ្ឋមន្ត្រីកំពូលចំនួន២រូបបានលាលែងពីតំណែង និងមានភាពចម្រូងចម្រាសក្នុងចំណោមសមាជិកសភាមកពីគណបក្សអភិរក្សនិយមនៅក្នុងសភា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។
ក្នុងរយៈពេល៦សប្ដាហ៍ ចាប់តាំងពីឡើងកាន់អំណាច លោកស្រី Liz Truss ទទួលរងសម្ពាធពីទីផ្សារមូលបត្របំណុល និងបានសម្រេចចិត្តបោះបង់ចោលកម្មវិធីគោលនយោបាយរបស់លោកស្រីស្ទើរតែទាំងអស់ ហើយឥលូវនេះ រដ្ឋមន្ត្រីមហាផ្ទៃបានលាលែងពីតំណែង បន្ទាប់ពីលោកស្រីបានបណ្តេញរដ្ឋមន្ត្រីហិរញ្ញវត្ថុពីតំណែង។
មានសេចក្តីរាយការណ៍ថា ប្រធានទទួលបន្ទុកវិន័យក្នុងបក្ស ក៏បានលាលែងពីតំណែងផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយថា៖ «ពេលនេះ មន្រ្តីទទួលបន្ទុកវិន័យក្នុងបក្ស នឹងនិយាយទៅកាន់សមាជិកសភាមកពីគណបក្សអភិរក្សនិយមដែលមិនគាំទ្ររដ្ឋាភិបាល»។
អ្នកនាំពាក្យរូបនោះបន្តថា៖ «អ្នកដែលមិនមានហេតុផលសមស្របក្នុងការមិនគាំទ្ររដ្ឋាភិបាល អាចនឹងទទួលរងវិធានការវិន័យ»។
លោកស្រី Liz Truss បានប្រឈមនឹងភាពចម្រូងចម្រាសចាប់តាំងពីថ្ងៃទី២៣ ខែកញ្ញា នៅពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុ គឺលោក វ៉ាស៊ី វ៉ាត់តេង (Kwasi Kwarteng) បានប្រកាសពី «កញ្ចប់ថវិកាខ្នាតតូច» នៃការកាត់បន្ថយពន្ធក្នុងចំនួនដ៏ច្រើន។
តម្លៃប្រាក់កម្ចីរបស់អង់គ្លេសបានកើនឡើង ដែលគំរាមកំហែងដល់ទីផ្សារលំនៅឋាន និងធ្វើឱ្យមានវិបត្តិនៃការចំណាយប្រចាំថ្ងៃ។
សមាជិកសភាមួយចំនួនបានអំពាវនាវដោយបើកចំហឱ្យលោកស្រី Liz Truss ចុះចេញពីតំណែង ហើយអ្នកផ្សេងទៀតបានពិភាក្សាថាតើអ្នកណាគួរជំនួសលោកស្រី Liz Truss។
គួរបញ្ជាក់ថា លោកស្រី Liz Truss មកពីគណបក្សអភិរក្សនិយម បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសកាលពីខែមុន ជំនួសលោក បូរីស ចនសុន (Boris Johnson) ដែលបានលាលែងពីតំណែងកាលពីខែកក្កដា។
បន្ទាប់ពីដាក់ចេញនូវគោលនយោបាយកាត់បន្ថយពន្ធ លោកស្រី Liz Truss បានប្រឈមនឹងការមិនពេញចិត្តពីសាធារណជន ជាពិសេសពីសមាជិកគណបក្សអភិរក្សនិយម៕