អាមេរិក​ពិចារណា​ក្នុង​ការ​ផលិត​អាវុធ​រួមគ្នា​ជាមួយ​តៃវ៉ាន់

យន្តហោះកងទ័ពតៃវ៉ាន់សម្ញែងលើអាកាសដោយបង្ហាញទង់ជាតិតៃវ៉ាន់ កាលពីខែតុលា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

សហរដ្ឋអាមេរិកកំពុងពិចារណាលើផែនការផលិតអាវុធរួមគ្នាជាមួយតៃវ៉ាន់ ដែល​ជាគំនិតផ្ដួចផ្ដើម​មួយមានបំណងពន្លឿនការផ្ទេរអាវុធ ដើម្បីជួយពង្រឹងការការពាររបស់ទីក្រុង​តៃប៉ិ​ ពីប្រទេស​ចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។

ប្រធានាធិបតី​អាមេរិក​ លោក ចូ បៃឌិន បាន​​អនុម័ត​លើការ​​លក់​​សព្វាវុធ​ជាង២០​ពាន់​​លាន​ដុល្លារ​ទៅ​​​ឱ្យ​​តៃវ៉ាន់​ចាប់​តាំង​ពី​ឆ្នាំ២០១៧ ខណៈប្រទេស​ចិន​ ​បាន​បង្កើន​សម្ពាធ​យោធា​លើ​ដែន​កោះមួ​យ​នេះ ​ដែលទី​ក្រុង​ប៉េកាំង​អះអាងថាជាទឹកដីរបស់ខ្លួន។

ទោះយ៉ាងណា តៃវ៉ាន់ និងសភាអាមេរិក បានលើកឡើងអំពីភាពយឺតយ៉ាវ​ក្នុងការដឹកជញ្ជូនអាវុធ​ ដោយសារតែការលំបាកនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងតម្រូវការកើនឡើង ដោយសារសង្គ្រាម​នៅ​អ៊ុយ​ក្រែន។

លោក រូពឺត ហ៊ែម៉ុន ឆាមប៊ឺស៍ (Rupert Hammond-Chambers) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-តៃវ៉ាន់ បាននិយាយអំពីផែនការនេះថា៖ «មានដំណើរការល្អ នៅពេលចាប់ផ្ដើដំបូង»

លោក Hammond-Chambers បាននិយាយថា មិនទាន់មានការកំណត់ថាតើអាវុធប្រភេទណាខ្លះ​នឹង​ត្រូវយកមកពិចារណាក្នុងការផលិតឡើយ។ ទោះយ៉ាងណា ផែនការនេះទំនងជានឹងផ្ដោតលើការផ្ដល់ឱ្យតៃវ៉ាន់នូវសព្វាវុធបន្ថែម និងបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយឆ្ងាយ។

ទោះយ៉ាងណា ​លោក​បាន​លើកឡើង​ថា ​ចំណាត់ការនេះ​នឹង​តម្រូវ​ឱ្យ​អ្នក​ផលិត​សព្វាវុធ​ទទួល​បាន​អាជ្ញាបណ្ណ​សហការ​ផលិត​ពី​​ក្រសួងការពារជាតិ។

លោក Hammond-Chambers បានបន្ថែមថា រដ្ឋាភិបាលសហរដ្ឋអាមេរិកអាចមានការលំបាកក្នុងការចេញអាជ្ញាបណ្ណផលិតកម្មរួមគ្នា ដោយសារតែការលំបាកក្នុងការអនុម័តលើបច្ចេកវិទ្យាសំខាន់សម្រាប់កម្មវិធីបរទេស។

ទីភ្នាក់ងារសារព័ត៌មាន Nikkei របស់ជប៉ុន បានរាយការណ៍ថា សហរដ្ឋអាមេរិកអាចនឹងផ្តល់បច្ចេក​វិទ្យា​ដើម្បីផលិតអាវុធឱ្យតៃវ៉ាន់ ឬផលិតអាវុធនៅសហរដ្ឋអាមេរិក ​ដោយប្រើគ្រឿងបន្លាស់​របស់​តៃវ៉ាន់។

នៅពេលសួរអំពីផែនការនេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា៖ «សហរដ្ឋអាមេរិកកំពុងសម្លឹងមើលគ្រប់ជម្រើស ដើម្បីធានាបាននូវការផ្ទេរសមត្ថភាពការពារ​យ៉ាងឆាប់រហ័សទៅកាន់កោះតៃវ៉ាន់»។

អ្នកនាំពាក្យរូបនេះបន្តថា៖ «ការផ្តល់យ៉ាងឆាប់រហ័សរបស់សហរដ្ឋអាមេរិក នូវសព្វាវុធការពារតៃវ៉ាន់ និង​ការទ្រទ្រង់​ គឺចាំបាច់សម្រាប់សន្តិសុខរបស់តៃវ៉ាន់។ ហើយ​យើង​នឹង​បន្ត​ធ្វើការជាមួយឧស្សាហកម្ម ដើម្បីគាំទ្រដល់គោលបំណង​នោះ»។

ប្រធានាធិបតីចិន​ លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយថា ប្រទេសចិននឹងមិនបោះបង់សិទ្ធិក្នុងការប្រើប្រាស់កម្លាំងលើកោះតៃវ៉ាន់នោះទេ ប៉ុន្តែលោកថា ប្រទេសចិននឹងខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធី។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានលើកឡើង​​នៅសប្តាហ៍នេះថា តៃវ៉ាន់នឹងមិនបោះបង់ការទាមទារអធិបតេយ្យភាពរបស់ខ្លួនឡើយ។

មន្ត្រីអាមេរិកបាននិងកំពុងជំរុញតៃវ៉ាន់ឱ្យធ្វើទំនើបកម្មយោធារបស់ខ្លួន ដើម្បីអាចការពារខ្លួនពីការវាយប្រហាររបស់ចិន។

មន្ត្រីអាមេរិកបានរិះគន់ទីក្រុងប៉េកាំង ចំពោះការ​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​អាមេរិក លោក​ស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា ជា​លេស​ដើម្បីផ្លាស់ប្តូរស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ដោយបង្កើនសមយុទ្ធយោធានៅក្បែរច្រកសមុទ្រតៃវ៉ាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ