ស្ត្រីថ្ងៃសុក្រ​ស្នើ​ស្ថានទូត៣ ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​គ្រួសារ និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ក្រុមស្ត្រីថ្ងៃសុក្រ យកញត្តិទៅដាក់នៅស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បី​​ស្នើ​សុំ​ឱ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស និង​អន្តរាគម​ន៍​ឱ្យ​មានការ​​ដោះលែងស្វាមីនិងសាច់ញាតិរបស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតប្រទេស​លោក​សេរីប្រចាំនៅប្រទេសកម្ពុជា ចំនួន៣​ ដើម្បី​​ស្នើ​សុំ​ឱ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស និង​អន្តរាគម​ន៍​ឱ្យ​មានការ​​ដោះលែងស្វាមីនិងសាច់ញាតិរបស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ។

ស្ថានទូតប្រទេសលោកសេរីទាំង៣ ដែលក្រុមស្ត្រីថ្ងៃសុក្របានដាក់ញត្តិ​នោះ រួមមាន ស្ថានទូតជប៉ុន ស្ថានទូតអាមេរិក និង​ស្ថានទូត​បារាំង​។ ប្រទេសលោកសេរីទាំង៣នេះក៏​ជាម្ចាស់ហត្ថលេខី​នៃកិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១

អ្នកស្រី ព្រំ ចាន់ថា ភរិយា​លោក កាក់ កុម្ភារ ដែលជាសកម្មជនបក្សសង្គ្រោះជាតិ​ដែលត្រូវតុលាការ ប្រាប់អ្នកសារព័ត៌មាននៅពេលដាក់ញត្តិថា មូល​ហេតុ​ដែលពួកគាត់ស្នើទៅស្ថានទូតប្រទេស​ទាំង​៣​ឱ្យ​ជួយ ដោយ​សារ​បច្ចុប្បន្ន​ រដ្ឋាភិបាលកម្ពុជា​មិនបានគោរពទៅតាមកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ ទោះបីជាកម្ពុជាក៏ជាម្ចាស់ហត្ថលេខីដែរនោះ។

អ្នកស្រីបន្ត​ថា រដ្ឋាភិបាលមិន​បាន​គោរព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយ​បន្តរំលោភ​សិទ្ធិមនុស្ស និង​ធ្វើទុក្ខបុកម្នេញ​សកម្មជនបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស ព្រមទាំង​សកម្មជន​បរិស្ថាន ​ជាដើម។

អ្នកស្រីថា៖ «ជាពិសេស រដ្ឋាភិបាលស្រុកខ្មែរ គាត់ធ្វើបាបប្រជាពលរដ្ឋបែបម៉េច? អ៊ីចឹង​គាត់​អាច​ជំរុញរដ្ឋាភិបាល ដើម្បីឱ្យមានការដោះលែងក្រុម​គ្រួសារពួកខ្ញុំ ឬក៏គោរពច្បាប់ គោរពសិទ្ធិ ហើយនឹងមាន​ប្រជា​ធិប​តេយ្យពិត​ប្រាកដ​ឡើង​វិញ។ ខ្ញុំគិតបែបហ្នឹង ទើបខ្ញុំរត់រកជាពិសេស គឺទូត ប្រទេសប្រជាធិបតេយ្យទាំងអស់»។

លោកស្រី អៀប សួគ៌ ភរិយារបស់លោក គង់ សំអាន ដែលជាសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការ​រំលាយដែរនោះ លើកឡើង​ថា ពួកគាត់​នឹង​បន្តស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នអន្តរជា​តិ​ផ្សេងៗ​ទៀត ដើម្បីឱ្យជួយជំរុញទៅរដ្ឋាភិបាល​​កម្ពុជាមានការ​​​ដោះលែង​ស្វាមីរបស់​​ពួកគាត់ ដោយថា គិតមកដល់ថ្ងៃនេះ ស្វាមីរបស់គាត់ជាប់ពន្ធនាគារទាំងអយុត្តិធម៌​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ។

អ្នកស្រីថា៖ «ចាប់ប្ដី ចាប់​ប្រពន្ធ ចាប់​ពូ​ ​មក​ដាក់ពន្ធនាគារដោយអយុត្តិធម៌ ដូច្នេះ​ ខ្ញុំសូមឱ្យអស់លោកគិតសាជាថ្មី ​​លើក​លែង​គាត់​ទៅ ព្រោះ[ស្វាមីខ្ញុំ] គាត់អាយុ៧០​ឆ្នាំ​ហើយ ដោះលែង​គាត់​ទៅ។ នារី​ថ្ងៃសុក្រ នឹ​ង​ចុះ​ទៅគ្រប់​កន្លែង ដើម្បី​ឱ្យ​គេ​ជួយ​​ ដើម្បីឱ្យគ្រួសារយើងខ្ញុំទាំងអស់គ្នា​បានរួចផុតពីទុក្ខទោស​ដែល​គេចោទ។ គ្មាន​កំហុសទេ! លោកគ្រូបង្រៀនសុទ្ធតែជាមនុស្សស្លូតបូត បង្រៀនកូនសិស្ស មិនបង្រៀនអាក្រក់ទេ សុទ្ធតែនាំឱ្យស្រឡាញ់ជាតិ។ ដូច្នេះ អាជ្ញាធរទាំងអស់សូមគិតសាជាថ្មី លើកលែងគាត់ទៅ ២ឆ្នាំជាងហើយ ដែលប្រពន្ធកូនវេទនានៅផ្ទះ»។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញការដាក់ញត្តិរបស់ក្រុមស្ត្រីថ្ងៃសុក្រនេះ ពីតំណាងស្ថានទូត​ទាំង៣បាន​ទេ។

តែយ៉ាងណា ​អ្នកស្រី ព្រំ ចាន់ថា អះអាងថា ស្ថាន​ទូត​ជប៉ុន អាមេរិក និង​បារាំង បាន​ទទួល​យក​ញត្តិរបស់ពួកគាត់​​ហើយ និង​​ប្រាប់​ពួក​គាត់វិញ​​ថា រដ្ឋាភិបាលជប៉ុន អាមេរិក និងបារាំង មិនបាន​​ព្រងើយ​កន្តើយ​ចំពោះរឿង​របស់​ពួកគាត់ឡើយ។

ប្រធានអង្គភាព​អ្នកនាំពាក្យរាជ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន ចាត់​ទុក​ការ​ស្វែង​រក​កិច្ចអន្តរា​គមន៍​របស់​ក្រុមស្ត្រីថ្ងៃសុក្រ​ ថាមិន​អាច​ជួយ​​ដល់​ស្វាមី​របស់ពួកគេបានឡើយ។ លោក​បន្ត​ថា ភរិយា​សកម្មជនបក្សប្រឆាំងទាំងនោះគួរតែស្វែងរកមេធាវីល្អៗ ដើម្បី​មក​តតាំង​នៅតុ​លាការ ជាជាង​ធ្វើការ​តស៊ូ​មតិ​បែប​នេះ។

លោកថា៖ «អ្វីដែលគាត់​តតាំង សរ​សេរ​ញត្តិ​ដាក់​ទៅ​តាម​ស្ថាន​ទូត បើយើងនិយាយទៅ ស្ថានទូតដែល​មាន​កាតព្វកិច្ច គេធ្វើ​កិច្ចការសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលតាមផ្លូវការងារទូត គឺ​មិនមានអ្វីដែលមកលូកលាន់នៅក្នុងសាច់រឿងផ្ទៃ​ក្នុង​របស់​យើង​ទេ។ ចំណែកអ្វីដែលសកម្មជនទាំងអស់នោះយល់ថាជា​ការរំលោភដល់សិទ្ធិសេរីភាពរបស់ប្ដី​ ​គឺគួរ​តែដោះស្រាយ​តាមអ្វីដែលជាយន្តការយើង​​មាន​ចែងក្នុងរដ្ឋធម្មនុញ្ញ គឺតុលាការ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការ​ពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មើលឃើញថា ការ​រកកិច្ចអន្តរាគមន៍​ពីប្រទេសលោកសេរីរបស់​ក្រុមស្ត្រីថ្ងៃសុក្រនេះ អាច​ដោយ​សារតែពួកគាត់​​អស់​សង្ឃឹម​ទៅ​លើស្ថា​ប័ន​របស់​រដ្ឋ ក្នុង​ការ​ដោះលែង​ស្វាមី និង​សាច់​ញាតិ​របស់​ពួកគេដែល​កំពុង​ជាប់​ឃុំ ទើប​ពួក​គេងាក​ទៅ​រក​ស្ថាន​ទូតប្រទេសលោកសេរីឱ្យជួយ។

លោក​ចាត់​ទុក​ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល​ថាជា​រឿង​​ត្រឹ​ម​​ត្រូវ ប៉ុន្តែ​​លោក​​ថា ស្ថាន​ទូត​បណ្ដា​ប្រទេសមួយចំនួនក៏ធ្លាប់​ធ្វើ​កិច្ចអន្តរាគមន៍​ឱ្យ​មាន​ការ​ដោះ​ស្រាយ ឬក៏បានលើកឡើងបញ្ហា​ទាំងនេះជាមួយមន្ត្រីរដ្ឋាភិបាលដែរ។

លោកថា៖ «បើយើងមើលទៅកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ វានៅមានការខ្វែងគំនិតគ្នានៅ​ឡើយ ដែល​រដ្ឋាភិបាល​លោក​ថាកិច្ចព្រមព្រៀងនឹងអស់សុពលភាពហើយ ប៉ុន្តែអង្គការសង្គមស៊ីវិល និងបណ្ដា​ប្រទេស​មួយ​ចំនួន យល់​ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស វាអស់សុពលភាពតែមួយ​ផ្នែក​​ មួយចំនួនដែលត្រូវ​បាន​បញ្ចប់។ ប៉ុន្ទែវាទាក់ទងបញ្ហាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាដើមហ្នឹង នៅតែបន្តមានសុពលភាព»។

ការរកកិច្ចអន្តរាគមន៍​របស់ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិ​ដែល​តុលាការ​​រំលាយ ធ្វើ​ឡើង​​បន្ទាប់​​​ពី​​តុលាការ​កម្ពុជា​​បាន​កាត់​ទោសនិង​​ឃុំខ្លួនស្វាមីរបស់ពួកគេឱ្យជាប់ពន្ធនាគារចន្លោះ​ពី​៣ទៅ៧​ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់» ពាក់​ព័ន្ធ​នឹងព្រឹត្តិ​ការណ៍​វិល​ចូល​ប្រទេស​កម្ពុជា​របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ