សហជីព​មួយ​ថា​ការ​យក​ប្រព័ន្ធ​តុលាការ​ដាក់បន្ទុក​លើ​កូដករ​ណាហ្គា គ្រាន់​តែ​ជា​លេស​ជំនួស​ឱ្យ​ការ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគេ

កូដករណាហ្គាវើលដ៍បន្តតវ៉ាទាមទារដំណោះស្រាយការងារ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចាត់ទុកការបញ្ជូនដីកាកោះហៅកូដករឱ្យ​ចូល​បំភ្លឺជា​បន្ត​បន្ទាប់ ថា​ជា​លេសរបស់​ថៅកែក្រុមហ៊ុនណាហ្គា ក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការដាក់បន្ទុកលើកម្មកររងគ្រោះ ជំនួសឱ្យការផ្តល់យុត្តិធម៌ដល់ពួកគេ​ ហើយថា​ការប្ដឹងផ្ដល់នោះទៀត​សោត បង្ហាញ​ពី​ការ​​រំលោភសិទ្ធិការ​ងារនៅកម្ពុជា​មាន​គ្រប់​ទម្រង់។

ការលើកឡើងនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី​​២១ ខែតុលា របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្ដីអំពី «ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធកូដករណាហ្គាវើលដ៍ ក្នុងការទាមទារសេរីភាពសហជីព និងសិទ្ធិការងារ» និងបន្ទាប់ពីកូដករជិត​១០នាក់បាន​ទទួលដីកាកោះឱ្យចូលឆើ្លយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ​បណ្តឹង​ថៅកែក្រុម​ហ៊ុន​ណាហ្គា។

សេចក្តី​ថ្លែងការណ៍របស់សហជីពនេះលើកឡើងថា ពួកគេមានការសោកស្តាយចំពោះការប្រើប្រាស់ប្រព័ន្ធតុ​លាកា​រ​ពីសំណាក់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានប្តឹងកម្មករនិយោជិតចូលរួម​កូដ​កម្ម​ដោយសន្តិវិធី បន្ទាប់ពីពួកគេបានប្រើប្រាស់យន្តការឱ្យ​​​អស់លទ្ធភាពក្នុង​ការទាមទាររក​ដំណោះ​ស្រាយវិវាទដែល​មាន​ចែង​ក្នុង​ច្បាប់ ប៉ុន្តែគ្មានយន្ដការណាមួយអាចផ្តល់យុត្តិធម៌ដល់ពួកគេ ទើបឈាន​ដល់ការ​ធ្វើកូដ​កម្ម។

ពួកគេបន្តថា ចាប់តាំងពីថ្ងៃទី៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ មានកម្មករនិយោជិតចំនួន៧នាក់​ហើយដែល​ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺ​ ពាក់ព័ន្ធនឹងបទ «រំលោភលើលំនៅឋាន ធ្វើឱ្យខូចខាត​ដោយ​ចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់» ក្រោម​បណ្តឹងរបស់​ក្រុម​ហ៊ុន ក្នុងនោះក៏មាន​កម្មករ​ខ្លះ​ទទួលដីកាកោះហៅក្រោយពេលកំណត់ដែលត្រូវចូលបំភ្លឺផងដែរ។

សេចក្តីថ្លែងការណ៍ដដែល​​​បញ្ជាក់​ថា ការប្រើប្រាស់ប្រព័ន្ធតុលាការមិនមែនជាដំណោះស្រាយពិតប្រាកដ ដែលធ្វើឱ្យកម្មករនិយោជិតបោះបង់ការទាមទារសិទ្ធិការងារនិងយុត្តិធម៌នៅកន្លែងការងារឡើយ ប៉ុន្តែវាកាន់តែបង្ហាញថាមានការរំលោភសិទ្ធិការងារនៅកម្ពុជា ដោយប្រើប្រាស់គ្រប់ទម្រង់និង គ្រប់រូបភាព ហើយមានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។

ពួកគេបន្ថែមថា៖ «ម៉្យាងវិញទៀត ការប្រើប្រាស់ប្រព័ន្ធតុលាការគ្រាន់តែជាលេសដើម្បីពន្យារពេលមិនផ្តល់​យុត្តិធម៌​ដល់​កម្មករ​ដែល​ជា​ជនរងគ្រោះ​ត្រូវបានថៅកែរំលោភបំពាន ទាំងដែលតុលាការគួរត្រូវបានប្រើ​ប្រាស់ដើ​ម្បីផ្ត​ល់យុ​ត្តិ​ធម៌ និង​ធានាការអនុវត្តសិទ្ធិរបស់កម្មករនិយោជិត»។

សហជីពមួយនេះបាន​ទទូចឱ្យថៅកែ​ណាហ្គាងាកមកគោរពសេរីភាពសហជីព និងសិទ្ធិការងារ​របស់កម្មករ និង​ទម្លាក់ចោលពាក្យបណ្តឹង​ដែលប្តឹងសហជីពនិងកូដករ ព្រមទាំង​​​បញ្ឈប់ការរើសអើងគ្រប់រូបភាពមកលើសមាជិកសហជីពដែលធ្លាប់ចូលរួមនិងកំពុងធ្វើកូដកម្មផងដែរ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការកោះហៅរបស់​តុលាការ គឺ​ជា​រឿង​ធម្មតា​នៃកា​រអនុវត្តច្បាប់​ទៅតា​ម​គោល​ការណ៍ និង​នីតិវិធី។ លោក​ថា នីតិវិធីតុលាការ តែកាលណាមានសកម្មភាពបំពានច្បាប់ ហើយ​មានការប្តឹងផ្តល់ពីភាគីដែល​រងផល​ប៉ះ​ពាល់ នោះ​តុលាការត្រូវតែអនុវត្តទៅតាមនីតិវិធី ដើម្បីការពារប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់ភាគីម្ខាងទៀត។

លោក ជិន ម៉ាលីន ថ្លែង​ថា៖ «បើយើងមិនចង់ឱ្យមានដីកាកោះ ឬមួយក៏ពាក់ព័ន្ធនឹងផ្លូវច្បាប់​អី ទាល់តែ​យើងកុំធ្វើសកម្មភាពដែលជាការបំពានច្បាប់។ ការត​វ៉ាទាម​ទារ វាជាការអនុវត្តសិទ្ធិរបស់យើង ក៏ប៉ុន្តែតែកាលណាយើងប្រើប្រាស់វាហួសព្រំដែន ឈានទៅការបំពានច្បាប់ សិទ្ធិសេរីភាពរបស់អ្នកដទៃ អាហ្នឹង​នាំ​ឱ្យ​មាន​ការ​ទទួលខុសត្រូវតាមផ្លូវច្បាប់។ ហើយភាគីដែលរងផលប៉ះពាល់ គេអាចមានសិទ្ធិប្តឹង ដើម្បី​ការពារផលប្រយោជន៍ស្របច្បាប់របស់គេ។ អាហ្នឹងជារឿងធម្មតានៃការអនុវត្តច្បាប់»។

ទោះជាយ៉ាងណា សមាជិកសហជីព និងជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា អ៊ុក សុភ័ក្រ​ម៉ូលីកា លើក​ឡើង​ថា ក្រុមកូដករ​មិន​មានកា​រ​រាថយ ឬបោះបង់ចោលការតស៊ូមតិនោះទេ បើទោះមានដីកាកោះឱ្យចូលបំភ្លឺជាបន្តបន្ទាប់ពីតុលាការ។

កញ្ញាថា សកម្មភាពតវ៉ារកដំណោះស្រាយវិវាទការងាររបស់​កូដករ​កន្លង​មក ធ្វើឡើង​ទៅតាមច្បាប់ស្តីពីការងារ និងមិនបានបង្កការខូចខាតណាមួយដល់ក្រុមហ៊ុន​នោះ​ដែរ។

កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា លើកឡើង​ថា៖ «ក្រុមហ៊ុនដាក់ពាក្យបណ្តឹងហ្នឹង គឺគ្រាន់បង្កើតរូបភាពបិទបាំង​​​អំពើ​ល្មើសដែលខ្លួនបានរំលោភសិទ្ធិការងារមកលើកម្មករខ្លួនឯងហ្នឹងទេ។ កូដករធ្វើរាល់ថ្ងៃនេះ ក៏អត់​មាន​ប៉ះពាល់​ប្រយោជន៍ក្រុមហ៊ុនអីដែរ ព្រោះថាពួកយើងធ្វើទៅតាមសិទ្ធិកូដកម្ម។ ការធ្វើកូដកម្ម គឺទៅ​ឈរ​នៅមុ​ខ​ប្របនឹង​របង​ក្រុម​ហ៊ុន ឬស្ថាប័ន យើងអត់មានបំពានក្រុមហ៊ុនលើសពីច្បាប់អីទេ។ មួយទៀត ខាងសាលារាជធានីភ្នំពេញ និយាយថា ធ្វើកូដកម្មអាចចូលទៅខាងក្នុងទៀត តែពួកយើងអត់ចូលទៅខាងក្នុងហ្នឹងដែរ យើងធ្វើតែទៅតាមច្បាប់ស្តីពីការងារទេ»។

កូដករណាហ្គារូបនេះចង់ឃើញមន្ត្រីពាក់ព័ន្ធបំពេញតួនាទីរបស់ខ្លួន ក្នុងការ​​ការពារសិទ្ធិកម្មកររងគ្រោះតាមច្បាប់ ពោលគឺសិក្សាពីដើមចមនៃបញ្ហាដោយមិនលម្អៀង និងអនុវត្តតាមវិជ្ជាជីវៈ ហើយបើរកឃើញថា ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកដោយខុសច្បាប់ស្តីពីការងារ មន្ត្រីអាចបកស្រាយ ព្រមទាំងអនុវត្តឱ្យបាន​ត្រឹមត្រូវទៅតាមច្បាប់ដែលបានចែង។

កញ្ញាបន្តថា៖ «ច្បាប់យើងមានហើយ ច្បាប់យើងល្អហើយ ក៏ប៉ុន្តែមន្ត្រីរបស់យើងមួយចំនួនទេដែលគាត់មិនបានអនុវត្តច្បាប់ហ្នឹង គាត់បែរទៅជាបកស្រាយទៅជារឿងផ្សេងទៅវិញ។ អ៊ីចឹងសូមឱ្យគាត់បកស្រាយ​ទៅតាមច្បាប់ដែលចែងមក។ ច្បាប់របស់ប្រទេសយើងមានល្អហើយ សម្រាប់ការពារផលប្រយោជន៍របស់កម្មករយើង ព្រោះបុគ្គលិកកម្មករគ្មានលុយ គ្មានអំណាចណាទៅប្តឹងដល់តុលាការទេ។ អ៊ីចឹងមានតែ​យក​ច្បាប់ការងារ ដើម្បីមកការពារសិទ្ធិសេរីភាព និងផលប្រយោជន៍របស់បុគ្គលិកកម្មករហ្នឹងឯង។ ហើយចុះបើច្បាប់ហ្នឹងចែងហើយ តែមន្ត្រីបែរជាមិនយកទៅអនុវត្តដដែល អ៊ីចឹងបុគ្គលិកកម្មករហ្នឹង​មានអីមកការពារ?»

វិវាទ​ការ​ងារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះបានបញ្ឈប់​​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផល​​ថា «ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩»។ យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មរយៈពេលជាង១០ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ